នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សម្ដេចបានសម្រេចឱ្យជម្លៀសកងទ័ពមួយខៀវកម្ពុជាពីប្រទេសម៉ាលី ក្រោយពេលអង្គការសហប្រជាជាតិសម្រេចដកទ័ពចេញពីកន្លែងមានជម្លោះនៅប្រទេសម៉ាលីដែរ ដោយឈរជើងលែងបាន។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ពេលចុះជួបកម្មករ កម្មការិនី នៅស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកមិញនេះ។
នៅប្រទេសម៉ាលី ការវាយប្រយុទ្ធគ្នាបានចាប់ផ្ទុះឡើងនៅប៉ែកខាងជើង កាលពីខែមករា ឆ្នាំ២០១២កន្លងទៅ។ នៅខែមីនា ក្នុងពេលកំពុងប្រឈមមុខនឹងក្រុមឧទ្ទាម និងក្រុមភេរវជនអ៊ីស្លាម រដ្ឋាភិបាលម៉ាលីត្រូវប្រឈមមុខនឹងវិបត្តិមួយទៀត ដែលជាវិបត្តិផ្ទៃក្នុង ដោយកងទ័ពម៉ាលីបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី ហើយច្បាមយកអំណាចមកកាន់កាប់។ ចំណែកខែសីហា ឆ្នាំ២០២០ ក៏មានរដ្ឋប្រហារលើកទី៤ ម្ដងទៀត ទម្លាក់ប្រធានាធិបតីលោក Ibrahim Boubacar Keita ដោយក្រុមរបបសឹកយោធា ខណៈមានការលើកឡើងថា លោក Keita បន្លំសន្លឹកឆ្នោត ប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយម។
យ៉ាងណាសម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រចំពោះវិធានការដែលUN សម្រេចដកទ័ពពីតំបន់ដែលរងផលប៉ះពាល់នៅប្រទេសម៉ាលីនោះ ព្រោះសូម្បីUNក៏គេវាយដែរ។
សូមជម្រាបថា ក្នុងតំបន់ជម្លោះនាប្រទេសម៉ាលី កំពុងកើតឡើងរវាងរដ្ឋាភិបាលម៉ាលី ដែលដឹកនាំដោយរបបសឹកយោធា និងក្រុមពួកឧទ្ទាម។ ចំណែកកងទ័ពមួកខៀវកម្ពុជាដែលបម្រើការ ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅទីនោះ មានចំនួនប្រមាណជិត១០០០នាក់។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត៕