ភ្នំពេញ៖នៅព្រឹកថ្ងៃតែមួយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត បានចេញសារដូចគ្នាដោយសង្ឃឹមថា ស្ថានភាពនៅព្រំដែនកម្ពុជានិងថៃ នឹងអាចវិលត្រឡប់មកសភាពការណ៍ស្ងប់ស្ងាត់វិញ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធ បណ្តាលឱ្យទាហានខ្មែរនាក់ស្លាប់ និងមានហេតុការណ៍ចល័តទ័ពនិងអាវុធនៅតាមព្រំដែន។
លោក រឿន សុភាន់ ជូនសេចក្តីរាយការណ៍
សាររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងសាររបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានចេញបន្តបន្ទាប់គ្នានៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះ ដោយសង្ឃឹមថា សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងអាចឆាប់បានវិលត្រឡប់មកសភាពការណ៍ស្ងប់ស្ងាត់វិញ។
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត។
ពីប្រទេសជប៉ុនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយដាក់ការសង្ឃឹមថា ការចរចាជជែកគ្នារវាងមេបញ្ជាការកងទ័ពប្រទេសទាំងពីរនារសៀលនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ដោយអាចរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខដូចដែលបានធ្វើកន្លងមក។
តាមរយៈសំណេររបស់នាយករដ្ឋមន្រ្តី សម្តេចមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពនោះទេ ដ្បិតការប្រយុទ្ធគ្នាដោយអាវុធមិនបានផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនប្រទេសទាំងពីរឡើយ។
ចំពោះសភាពការណ៍ចល័តទ័ពនិងសព្វាវុធនៅព្រំដែនចំពោះមុខនេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា គឺគ្រាន់តែជាការត្រៀមខ្លួន អនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីតែប៉ុណ្ណោះ ហើយជាការត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
សម្ដេច ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥។រូបភាពពីហ្វេសប៊ុកសម្តេច។
ទោះជាបែបនេះក្តី នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា ភាគីកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយកម្ពុជាចង់បានការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ នេះបើតាមនាយករដ្ឋមន្រ្តី។
ដូចគ្នានេះដែរសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានថ្លែងសារពិសេសមួយជុំវិញព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រឹកនេះដោយសម្តរចកត់សម្គាល់ឃើញថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ មិនមែនជាការបញ្ជារបស់រាជរដ្ឋាភិបាលថៃនោះទេ គឺអាចកើតចេញពីបុគ្គល ឬអង្គភាពនៅខាងក្រោមតែប៉ុណ្ណោះ។
ប្រសាសន៍សម្តេចថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥៖
សម្រាប់ការចរចារវាងមេបញ្ជាការកងទ័ពប្រទេសទាំងពីរនៅល្ងាចនេះ សម្តេច ហ៊ុន សែន រំពឹងថា ភាគីទាំងពីរនឹងអាចពិភាក្សារកដំណោះស្រាយសមរម្យ អាចបញ្ជៀសបានស្ថានភាពតានតឹង ដោយបង្វែរស្ថានការណ៍ត្រឡប់មកសភាពដើមវិញ។
ប្រសាសន៍សម្តេចថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥៖
អ្វីជាការកត់សម្គាល់ជាពិសេសនោះ សម្តេចទាំងពីរបានអំពាវនាវទៅកាន់សាធារណជនទាំងអស់ កុំមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយមិនមានប្រភពច្បាស់លាស់ពីបញ្ហាព្រំដែននេះ។ ជាងនេះ ប្រមុខដឹកទាំងពីរអំពាវនាវឲ្យប្រជាពលរដ្ឋ កុំយកបញ្ហានេះក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ទំនុកចិត្តចំពោះរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ កងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅចំណុចព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់គឺលោក ព្រឹន្ទបាលឯក សួន រ៉ោន៕