ភ្នំពេញ៖៖ ថ្មីៗនេះក្រុមអ្នកជំនាញនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានរកឃើញប្រភេទខ្យងគោកមួយប្រភេទឈ្មោះថា«ខ្យងឧទយាទិត្យ»និងប្រភេទសត្វកម្រមួយចំនួនទៀត ដែលប្រភេទសត្វទាំងនេះនៅតាមបណ្តាប្រទេសផ្សេងៗពុំទាន់រកឃើញទេ ហើយការរកឃើញនេះជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក។
រូប«ខ្យងឧទយាទិត្យ»វាមានទំហំប៉ុនគ្រាប់ស្រូវ។រូបភាពពីក្រុមការងារអង្គការ សត្វព្រៃ និងរុក្ខជាតិ។
ជាមហស្ចារ្យមួយសម្រាប់កម្ពុជា ដែលក្រុមអ្នកជំនាញផ្នែកអភិរក្សបានរកឃើញប្រភេទខ្យងគោកមួយប្រភេទ ដែលពូជខ្យងនេះនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោកពុំទាន់ឃើញមានវត្តមាននៅឡើយទេ ហើយខ្យងនោះក្រុមអ្នករុករកដាក់ឈ្មោះថា«ខ្យងឧទយាទិត្យ»។ បើផ្អែកតាមក្រុមអ្នកជំនាញ លក្ខខណ្ឌដែល«ខ្យងឧទយាទិត្យ»អាចរស់រានមានជីវិតនិងមានវត្តមាននៅតំបន់ភ្នំថ្មកំបោរស្ថិតនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបងបាន ព្រោះភូមិសាស្រ្តនៅទីនោះជាតំបន់ថ្មកំបោរ សម្បូរទៅដោយធម្មជាតិជីវៈមច្រុះ និងអាកាសធាតុសមស្របពុំទាន់មានការរំខានដោយគ្រឿងចក្រឧស្សាហកម្មពីមនុស្ស។
សកម្មភាពក្រុមការងារប្រទះឃើញ«ខ្យងឧទយាទិត្យ»នៅភ្នំបាណន់។រូបភាពពីក្រុមការងារអង្គការ សត្វព្រៃ និងរុក្ខជាតិ។
កញ្ញា ធី សុធារ៉ែន មន្រ្តីសម្របសម្រួលជីវៈចម្រុះតំបន់ភ្នំថ្មកំបោរនៃអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រាប់វិទ្យុស្រ្តីថា ការរកឃើញ«ខ្យងឧទយាទិត្យ» ដែលជាប្រភេទអាចមានវត្តមានរាប់រយលានឆ្នាំមកហើយ គ្រាន់តែមិនអាចដឹងពីពេលវេលាជាក់លាក់នៃការកកើតឡើងនៃប្រភេទនេះបាននោះ ហើយដែលការរកឃើញនេះ បានបង្ហាញពីអត្តសញ្ញាណមួយរបស់តំបន់ធម្មជាតិរបស់ខ្មែរ ពិសេសតំបន់ថ្មកំបោរភ្នំបាណន់ដែលអាចមានសេសសល់ប្រភេទសត្វដែលមានវត្តមានតាមតំបន់ជាក់លាក់(endemic) ដោយពិភពលោកពុំទាន់រកឃើញពីមុន។ កញ្ញាបញ្ជាក់ថា ឈ្មោះ«ខ្យងឧទយាទិត្យ» គឺក្រុមអ្នកជំនាញដាក់តាមឈ្មោះព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ធិសដល់ទ្រង់ដែលជាអ្នកចាប់ផ្តើមមុនគេក្នុងការកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់ ខេត្តបាត់ដំបងនេះ។
សម្រាប់ទំហំរបស់«ខ្យងឧទយាទិត្យ»នេះ មានមាឌតូចល្អិតដោយទំហំដងខ្លួននិងមាឌរបស់វាស្ថិតក្រោម ២ មីលីម៉ែត្រទៅទៀត ពោលគឺទំហំមាឌប្រហែលប៉ុនគ្រាប់ស្រូវ។ ហើយខ្យងនេះ ទំនងអាស្រ័យការចិញ្ចឹមជីវិតដោយការស៊ីរុក្ខជាតិ ស្លែ សារាយ និងប្រភេទសត្វផ្សេងមួយចំនួនដូចជា សត្វល្អិត ដង្កូវ ជន្លេនជាដើម ខណៈអាយុកាលរបស់ខ្យងអាចរស់បានមិនយូរដូចថនិកសត្វដទៃទៀតនោះទេ គឺអាចរស់ត្រឹមចន្លោះ ២ ទៅ ៣ ឆ្នាំជាដើម។ នេះបើតាមការបញ្ជាក់របស់កញ្ញា សុធារ៉ែន។
សកម្មភាពរបស់កញ្ញា ធី សុធារ៉ែន ក្នុងបេសសកម្មស្វែងរកជីវៈចម្រុះប្លែកកាលពីពេលកន្លងទៅ។រូបភាពពីក្រុមការងារអង្គការ សត្វព្រៃ និងរុក្ខជាតិ។
ស្រ្តីជាមន្រ្តីសម្របសម្រួលជីវៈចម្រុះតំបន់ភ្នំថ្មកំបោរខាងលើបន្ថែមថា ក្រៅតែពីប្រភេទខ្យងដែលទើបរកឃើញនេះ នៅតាមតំបន់ភ្នំថ្មកំបោរមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ក៏មានប្រភេទសត្វល្មូនមួយចំនួនតួយ៉ាងដូចជាប្រភេទសត្វជីងចក់ តុកកែ ដែលសុទ្ធសឹងជាសត្វកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ អ្វីជាគុណតម្លៃពិសេស នៃការរកឃើញប្រភេទសត្វកម្ររបស់ក្រុមអ្នកជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាននិងអ្នកពាក់ព័ន្ធនានា គឺបានបង្ហាញយ៉ាងច្បាស់ពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស។
កញ្ញា ធី សុធារ៉ែន៖«ភ្នំថ្មកំបោររបស់យើងវាមានលក្ខណៈពិសេសដាច់ដោយឡែកមួយដែលគាំទ្រដល់វត្តមានជីវៈចម្រុះមិនវត្តមាននៅប្រទេសដទៃ លើកជាឧទាហរណ៍ដូចជាយើងរកឃើញប្រភេទជីកចក់ថ្មី និងតុកកែថ្មីដែលតិចទៀតយើងនឹងចែករំលែកបន្ថែម។ សួរថារកឃើញថ្មីវាជួយអី គឺវាជួយលើកស្ទួយតម្លៃជីវៈចម្រុះរបស់កម្ពុជា ក៏ដូចជាតម្លៃនៃការសិក្សាស្រាវជ្រាវ ដោយបង្ហាញថាប្រទេសយើងមានអត្ដសញ្ញាណពិសេសដែលមាននៅតែប្រទេសយើង ឬក៏មានតែនៅទីតាំងជាក់លាក់នៅតំបន់ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង»។
រូបភាពក្រុមអ្នកជំនាញនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា។រូបភាពពីក្រុមការងារអង្គការ សត្វព្រៃ និងរុក្ខជាតិ។
តាមរយៈតឹងតាង ឬសំណាកថ្មីៗដែលក្រុមការងារបានរកឃើញនេះ ជាទិសដៅបន្ទាប់កញ្ញា ធី សុធារ៉ែន ថាក្រុមការងារនឹងឈានមួយជំហានទៀតដើម្បីសហការនិងគាំទ្រជាមួយរដ្ឋាភិបាល ក្នុងការរៀបចំដាក់តំបន់ភ្នំថ្មកំបោរជាកន្លែងអភិរក្សបែបធម្មជាតិ ជំនឿសាសនា ដែលអាចជួយលើកស្ទួយទាំងតម្លៃជីវៈចម្រុះ និងតម្លៃវប្បធម៌សម្រាប់ប្រទេសកម្ពុជា ព្រមទាំងអាចទាញចំណូលពីវិស័យទេសចរផងដែរ។
កញ្ញា ធី សុធារ៉ែន៖«នេះជាទិសដៅមួយដើម្បីឱ្យគាត់ចូលរួមអភិរក្ស ថែរក្សានិងការពារព្រៃឈើនៅភ្នំហ្នឹង ជាពិសេសក្នុងនាមជាអង្គការអភិរក្សធនធានធម្មជាតិ យើងរីករាយនឹងចូលរួមសហការជាមួយរដ្ឋាភិបាលជាពិសេសក្រសួងបរិស្ថានដាក់ក្នុងការរៀបចំតំបន់ភ្នំថ្មកំបោរហ្នឹងជាតំបន់បេតិកភ័ណវប្បធម៌ធម្មជាតិទៅថ្ងៃអនាគត។ បច្ចុប្បន្ន យើងទទួលបានការគាំទ្រពី ខេត្តបាត់ដំបង ក្នុងការវៀបចំដាក់ភ្នំបាណន់ ជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយសហការជាមួយអាជ្ញាធរខេត្ត ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលដំណើរនេះអាចកើតមានក្នុងពេលវេលាខាងមុខនេះ»។
ទិដ្ឋភាពភ្នំថ្មកំបោរថតពីលើអាកាស(ឆ្វេង)និងរូប«ខ្យងឧទយាទិត្យ»(ស្តាំ)។រូបភាពពីក្រុមការងារអង្គការ សត្វព្រៃ និងរុក្ខជាតិ។
តាមរយៈរបកគំហើញនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ថា វត្តមានសត្វកម្រនេះនឹងជួយដល់ការសិក្សាស្រាវជ្រាវផ្នែកធនធានធម្មជាតិនិងប្រភេទជីវៈចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងជាការបង្ហាញឱ្យឃើញពីភាពសុខដុមនីយរវាងមនុស្សនិងធម្មជាតិ ដែលអាចសរបញ្ជាក់បានពីការងារអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមនៅតំបន់ការពារធម្មជាតិភ្នំថ្មកំបោរនេះ ដើម្បីជាប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ។
លោក ខ្វៃ អាទិត្យា៖«ក្រសួងបរិស្ថាននឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត និងលើកទឹកចិត្តឱ្យមានការសិក្សានៅតំបន់ការពារធម្មជាតិ ដើម្បីអាចកំណត់បានកាន់តែល្អប្រសើរនូវប្រភេទជីវៈចម្រុះ ហើយនឹងការចូលរួមកាន់តែប្រសើរថែមទៀតដល់ការអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។រូបភាពពីតេឡេក្រាមក្រុមអ្នកសារព័ត៌មានបរិស្ថាន។
តាមការឱ្យដឹងពីលោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិ គម្រោងសិក្សាស្រាវជ្រាវលើធនធានជីវៈចម្រុះនេះមានរយៈពេល ៤ ឆ្នាំ ដោយទទួលជំនួយពីសហភាពអឺរ៉ុប រួមមានអង្គការដៃគូចំនួន១៤ផ្សេងទៀតចូលរួម។ តាមរយៈជំនួយអង្គការ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បាននឹងកំពុងសិក្សាស្រាវជ្រាវប្រភេទជីវៈចម្រុះតាមតំបន់ភ្នំថ្មកំបោរសំខាន់ៗចំនួន ៦ ស្ថិតក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែងប្រទេសកម្ពុជា ដែលមានតម្លៃផ្នែកវប្បធម៌ ផ្នែកជីវសាស្រ្តជីវៈចម្រុះ ផ្នែកជំនឿសាសនា និងអេកូទេសចរណ៍បែបធម្មជាតិផងដែរ។ ជាផែនការគោលដៅនៃគម្រោងនេះ មន្រ្តីអង្គការសត្វព្រៃ និងរុក្ខជាតិ ខាងលើបញ្ជាក់ថា ក្រុមការងារនឹងគ្រោងស្នើទៅក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបងដាក់បញ្ចូលតំបន់ភ្នំថ្មកំបោរចំនួនពីរគឺភ្នំបាណន់ និងភ្នំសំពៅ ជាតំបន់ការពារធម្មជាតិដោយអនុក្រឹត្យ៕