en     km
en     km

រកឃើញទង្វើល្មើសរបស់វរសេនីយ៍ទោ សាន សាធុកា ដែលត្រូវដកហូតតំណែង

Share

លោក សាន សាធុកា! ប្រភពរូបភាពពីបណ្ដាញសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ពីការរកឃើញទង្វើល្មើសរបស់វរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានប្រព្រឹត្តខុសវិន័យនគរបាលជាតិ ដោយត្រូវបានស្នើដកហូតតំណែងមកជាមន្ដ្រីធម្មតា។

ចាប់តាំងពីអំឡុងខែមេសាមក មានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ពាក់ព័ន្ធនឹងទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរងការចោទប្រកាន់ថា បានជំរិតទារលុយពីអ្នករកស៊ីមុខរបរលក់ផលិតផលតាមអនឡាញ។

ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើ វរសេនីយ៍ទោ សាន សាធុកា ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការចោទប្រកាន់នេះ។ ប៉ុន្តែសាមីខ្លួន បានបដិសេធថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ។ ចំពោះថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់លោក សាន សាធុកា ជាថ្លៃសេវាដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា។

តែយ៉ាងណា បុគ្គលរូបនេះ បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទីជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន។

ជាវិធានការចំពោះទង្វើខុសបទវិន័យរបស់នគរបាលជាតិនេះ លោកវរសេនីយ៍ទោ សាន សាធុកា ត្រូវ ស្នងការដ្ឋាននគរបាលជាតិ បានស្នើក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតតំណែងពីអនុប្រធាននាយកដ្ឋាន ឱ្យមកជាមន្ត្រីនគរបាលជាតិ។ បន្ថែមដោយការត្រួតពិនិត្យរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ៕

 

Share

ព័ត៌មានទាក់ទង