ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានបង្ហាញលទ្ធផលអង្កេតស្រាវជ្រាវលើករណីបណ្តឹងសុំអន្តរាគមន៍របស់អ្នកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ដោយបញ្ជាក់ថា ពលរដ្ឋខាងលើបានកាន់កាប់ដីក្នុងតំបន់អន្ទង់អាំងដោយខុសច្បាប់ ព្រោះទីតាំងនោះជាតំបន់ការពារធម្មជាតិរបស់រដ្ឋ។ ជាងនេះ ក្រសួងយុត្តិធម៌សង្កត់ធ្ងរថា អ្នកស្រី សែម សុខគា បានយកប្លង់រឹងកន្លែងផ្សេងមកអះអាងចំពោះមុខអ្នកសារព័ត៌មានថាជាប្លង់រឹងទិញក្នុងតំបន់អន្ទង់អាំង ដែលទង្វើនេះធ្វើឱ្យភ័ន្តច្រលំដល់មតិសាធារណជន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ក្រោយពីទទួលបានពាក្យបណ្តឹងពីអ្នកស្រី សែម សុខគា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ចាត់ក្រុមការងារមួយ ចុះទៅអង្កេតស្រាវជ្រាវស្វែងរកការពិត ជុំវិញរឿងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ និងដោះស្រាយបណ្តឹងអន្តរាគមន៍របស់អ្នកស្រី សែម សុខគា។ ពាក្យបណ្តឹងរបស់អ្នកស្រីដាក់ជូនក្រសួងយុត្តិធម៌និងស្ថាប័នផ្សេងៗទៀតជួយអន្តរាគមន៍រកយុត្តិធម៌នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរដែនដីបានប្រកាសឱ្យពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់ក្នុងតំបន់អន្ទង់អាំងត្រូវរុះរើចេញជាកំហិត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ បញ្ជាក់ថា អំឡុងពេលប្រតិបត្តិការស្រាវជ្រាវនោះអ្នកស្រី សែម សុខគា ដែលជាម្ចាស់បណ្តឹងពុំបានសហការចូលខ្លួនតាមការកោះអញ្ជើញមកផ្តល់ព័ត៌មានជូនក្រុមការងាររហូតដល់ទៅបីលើក។
សកម្មភាពរបស់អ្នកស្រី សែម សុខគា ពេលឡើងមកភ្នំពេញដាក់ញាត្តិ។រូបភាពពីបណ្តាញសង្គម។
ទោះបីជាម្ចាស់បណ្តឹងពុំសហការមកផ្តល់ព័ត៌មានបន្ថែមតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ក្តី តែប្រតិបត្តិការស្វែងរកក៏ពិតក៏នៅតែបន្តដោយក្រុមការងាររបស់ក្រសួងបានចុះស្រាវជ្រាវដល់ទីតាំងដីផ្ទាល់ និងបានជួបសួរព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ហើយជាលទ្ធផលរកឃើញថា អ្នកស្រី សែម សុខគា គ្មានកម្មសិទ្ធិស្របច្បាប់លើទីតាំងជាក់លាក់ដូចការអះអាងមានក្នុងបណ្តឹងនោះទេ ព្រោះទីតាំងនោះជាតំបន់ការពារធម្មជាតិរបស់រដ្ឋ។
បន្ថែមពីនេះក្រសួងយុត្តិធម៌ក៏អះអាងថា ការផ្តល់ព័ត៌មានរបស់អ្នកស្រី សែម សុខគា ទៅកាន់អ្នកសារព័ត៌មាននិងតាមបណ្តាញសង្គមនានាគ្រាដែលអ្នកស្រីនិងពលរដ្ឋផ្សេងទៀតឡើងមកដាក់ញាត្តិនៅភ្នំពេញនោះ គឺជាការបង្ហាញផ្ទុយពីការពិត ព្រោះអ្នកស្រីបានយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់រឹង នៅទីតាំងផ្សេងមកបញ្ជាក់ថា ជាទីតាំងទិញស្របច្បាប់ក្នុងតំបន់អន្ទង់អាំងដែលមានប្លង់រឹងត្រឹមត្រូវ។ ក្រសួងថា ប្លង់រឹងដែលមានក្បាលដីលេខ ៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ដែលអ្នកស្រី សែម សុខគា បានលើកបង្ហាញដល់សារព័ត៌មាននោះ គឺនៅក្រៅតំបន់អន្ទង់អាំងចម្ងាយជិត ៣ គីឡូម៉ែត្រ(២ ៧៦៩)ឯណ្ណោះ ខណៈអ្នកស្រីមានដីចំនួន ៦ កន្លែងផ្សេងទៀត ក្រៅតំបន់ការពារដែលប្លង់ដីទាំងនោះសុទ្ធតែកំពុងជាប់ក្នុងការដាក់ធានាបំណុលនៅធនាគារមានទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។រូបភាពពីក្រសួង។
តាមរយៈលទ្ធផលនៃការស្រាវជ្រាវខាងលើនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមបញ្ជាក់ថា ដីស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ ឬតំបន់អន្ទង់អាំង គឺជាដីរបស់រដ្ឋ ហើយរដ្ឋបានសម្រេចដកហូតដីដែលត្រូវបានកាន់កាប់ដោយខុសច្បាប់នេះយកមកវិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស គឺមិនមែនសម្រាប់ជាប្រយោជន៍របស់បុគ្គលឯកជនណាមួយនោះទេ។
តែទោះជាយ៉ាងណា ដើម្បីបន្តធានាឱ្យមានបរិយាកាសល្អប្រសើរក្នុងការដោះស្រាយចំពោះសំណុំរឿងរបស់អ្នកស្រី សែម សុខគា ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យតុលាការខេត្តពោធិ៍សាត់ បង្កលក្ខណៈឱ្យអ្នកស្រីអាចចូលឆ្លើយបំភ្លឺចំពោះមុខតុលាការតាមនីតិវិធីច្បាប់ដោយគ្មានការឃាត់ខ្លួន។ បន្ថែមពីនេះ ក្រសួងយុត្តិធម៌ សូមលើកទឹកចិត្តឱ្យលោកស្រី សែម សុខគា ជួបជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្នើសុំដំណោះស្រាយជាគោលនយោបាយដូចប្រជាពលរដ្ឋផ្សេងទៀត ដែលព្រមចាកចេញដោយស្ម័គ្រចិត្ត។
វិទ្យុស្រ្តីពុំទាន់អាចទាក់ទងសុំការបញ្ជាក់ពីអ្នកស្រី សែម សុខគា លើករណីនេះបាននៅឡើយទេនៅថ្ងៃនេះ។ ប៉ុន្តែអ្នកស្រី ពៅ វណ្ណា ដែលជាពលរដ្ឋមានដីធ្លីនៅតំបន់អន្ទង់អាំងនិងជាសមាជិកម្នាក់ដែលបានឡើងមកដាក់ញាត្តិជាមួយអ្នកស្រីសែម សុខគា ដែលនោះប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា អ្នកស្រី សែម សុខគា បានរស់នៅលើដីនោះយូរណាស់មកហើយនិងមានលិខិតស្នាមដឹងលឺពីភូមិឃុំត្រឹមត្រូវ។ តែយ៉ាងណា ចំពោះករណីរបស់អ្នកស្រីដែលមានដីធ្លីនៅតំបន់អន្ទង់អាំងនោះ អ្នកស្រីនិយាយថា អាជ្ញាធរបានរុះរើផ្ទះអ្នកសរីអស់ហើយដោយគ្មានសំណងនោះទេ ខណៈអ្នកស្រីបច្ចុប្បន្នក៏បានចាកចេញមករកស៊ីនៅក្រុងប៉ោយប៉ែត។
អ្នកស្រី ពៅ វណ្ណា៖«អ្នកស្រី សែម សុខគា ហ្នឹងប្លង់គាត់ទិញនៅហ្នឹងហ្មងអត់មានយកប្លង់ពីណាមកបន្លំទេខ្ញុំដឹងព្រោះខ្ញុំរស់នៅជិតគាត់ខ្ញុំដឹង។ ចំណែកដីខ្ញុំវិញ ខ្ញុំអស់កម្លាំងតវ៉ាហើយព្រោះដីខ្ញុំគេឈូសអស់ហើយ គ្មានបានទទួលសំណងអីទេ»។
វិទ្យុស្រ្តីបានទាក់ទងលោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាដហុកដែលឃ្លាំមើលរឿងនេះ តែលោកពុំទាន់ទទួលទូរស័ព្ទ។ តែយ៉ាងណាបើតាមសេចក្តីថ្លែងការណ៍របស់អាដហុកកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ជុំវិញរឿងនេះ បានបង្ហាញការព្រួយបារម្ភ បន្ទាប់ពីរដ្ឋបាលស្រុកវាលវែងខេត្តពោធិ៍សាត់ បានដាក់ឱសានវាទបណ្តេញប្រជាពលរដ្ឋចំនួន១៩គ្រួសារ ក្នុងតំបន់អន្ទង់អាំងភ្នំ១៥០០ ខណៈរដ្ឋាភិបាលកំណត់ទុករៀបចំទៅជាតំបន់បៃតងឡើងវិញ។
នៅមុនចេញសេចក្តីថ្លែងការណ៍នេះមួយថ្ងៃ គឺនៅថ្ងៃទី១៧ ខែមីនា អាដហុកទទួលបានព័ត៌មានមកថា មានសមត្ថកិច្ចនិងអាជ្ញាធរស្រុកវាលវែងបានចុះទៅបង្ខំឱ្យពលរដ្ឋផ្តិតមេដៃ ចាកចេញពីលំនៅដ្ឋានដោយទទួលយកនូវការដោះដូរ មិនពុំដូច្នោះទេ នៅថ្ងៃបន្ទាប់អាជ្ញាធរនឹងយកគ្រឿងចក្រមកឈូសឆាយដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ទោះបីជាការព្រមានពីអាជ្ញាធរក្តីតែនៅថ្ងៃដដែលនោះប្រជាពលរដ្ឋនៅតែបដិសេធមិនព្រមផ្តិតមេដៃចាកចេញដដែរទោះបីមានគ្រឿងចក្របានបើកចូលតំបន់នោះក្តី។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមអាដហុកទទូចស្នើឱ្យភាគីពាក់ព័ន្ធប្រើប្រាស់យន្តការ ចរចា សម្របសម្រួលជាមួយពលរដ្ឋ ដោយស្តាប់នូវក្តីកង្វល់តម្រូវការ ជៀសវាងការបណ្តេញចេញធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរបស់ពលរដ្ឋ ហើយចុងក្រោយប៉ះពាល់មុខមាត់រដ្ឋាភិបាលទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិ៕