ភ្នំពេញ៖ នៅអំឡុងដើមខែសីហា ដល់ខែពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងអប់រំនិងដៃគូអភិវឌ្ឍន៍នឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិមួយ នោះគឺកម្មវិធីអប់រំបង្កើតហ្គេមតាមបណ្តាញអនឡាញ។ កម្មវិធីនេះជាផ្នែកមួយជួយកាត់បន្ថយគម្លាតសមត្ថភាពឌីជីថលរបស់កុមារី និងយុវនារីកម្ពុជា តាមរយៈភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេមដើម្បីដោះស្រាយបញ្ហាសហគមន៍។ នេះបើយោងតាមសេច ក្តីជូនដំណឹងរបស់ក្រសួងអប់រំចេញផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំនឹងចាប់បើកទទួលពាក្យតាមរយៈការស្គេន QR Code សម្រាប់អតិ្ថភាពចំពោះកុមារី និងយុវនារីកម្ពុជាដែលចង់ចូលរួមកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ក្នុងកម្មវិធីអប់រំបង្កើតហ្គេម តាមបណ្តាញអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង គាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាជំនាញកុំព្យូទ័រ។ ជាងនេះកម្មវិធីក៏ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេម អ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់ហ្គេមក្នុងការផ្សព្វផ្សាយ ចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផលសម្រេចបានរបស់កុមារី តាមរយៈកម្មវិធីប្រកួតប្រជែងអន្តរជាតិនេះ។
បន្ថែមពីនេះ ក្មេងស្រីនិងយុវនារីដែលចូលរួមកម្មវិធីនេះ ក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ដោយមានឱកាសអភិវឌ្ឍជំនាញបច្ចេក វិទ្យា ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាព។ មួយទៀតអ្នកចូលរួម អាចបង្ហាញសក្តានុពលនៃភាពជោគជ័យរបស់ស្ត្រីវ័យក្មេង លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ចេះធ្វើការងារជាក្រុម និងចុងក្រោយគឺទទួលបានពានរង្វាន់ជ័យលាភីថ្នាក់អន្តរជាតិ។
សេចក្តីជូនដំណឹងរបស់ក្រសួង។
សម្រាប់ដំណើរការវិញ ក្រសួងអប់រំបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធអនឡាញ។ ក្នុងនោះអង្គការ យូនីសេហ្វ(UNICEF) នឹងផ្តល់មេរៀនទាក់ទងកម្មវិធីអប់រំបង្កើតហ្គេមនៅលើគេហ ទំព័រ អាហ្គូរ៉ា(Agora) ចាប់ពីថ្ងៃ១១ ដល់២២ ខែសីហា លើជំនាញបង្កើតហ្គេម ដូចជាការសរសេរកូដ ការរចនាហ្គេម ការសរសេរសាច់រឿង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
ក្រសួងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ចំនួនពីរលើករយៈពេល ៥ថ្ងៃ ដោយលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ និងលើក ទី២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមកុមារីទាំងអស់ត្រូវ បញ្ជូនស្នាដៃរបស់ក្រុមរៀងខ្លួន ដើម្បីប្រកួតប្រជែងកម្រិតសកលនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
សម្រាប់លក្ខខណ្ឌនៃការចូលរួមវិញ បេក្ខានារីដាក់ពាក្យចូលរួមត្រូវតែមានអាយុចាប់ពី១៣ ដល់ ១៩ ឆ្នាំនិងជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន។ អ្នកចូលរួមត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០៣ ទៅ ០៨នាក់ ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេក វិទ្យា និងការសិក្សាស្រាវជ្រាវ។
សូមរំលឹកថា ចាប់ពីឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូនីសេហ្វ ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីនេះ ក្នុងចំណោម០៨ប្រទេស រួមមានប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥ម៉ឺននាក់ ជុំវិញពិភពលោក៕