ភ្នំពេញ៖ផលិតផលកសិកម្ម រួមមានពោតក្រហម ដំឡូងមី កញ្ជុងអង្ករ និងកន្ទក់សរុបប្រមាណ ៣៨ម៉ឺនតោន នឹងត្រូវក្រុមហ៊ុនផលិតចំណីសត្វចំនួន ៦ ជួយប្រមូលទិញពីកសិករ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វជាដើម។
ការជួយប្រមូលទិញកសិផលពីប្រជាកសិករនេះកើតឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចំនួន ៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ តាមរយៈ MOU នេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង ៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ជុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។
សម្រាប់ក្រសួងពាណិជ្ជកម្ម ការចុះអនុស្សរណៈយោគយល់គ្នានេះសរបញ្ជាក់ឱ្យឃើញ ពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វស្រាប់។ ជាងនេះទៀត MOU នេះ ក៏ជួយបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្នផងដែរ។
ពិធីចុះMOUរវាងក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនចំនួន៦។រូបភាពពីហ្វេសប៊ុកក្រសួង។
ទាក់ទងរឿងនេះ លោក និន ចរិយា អនុប្រធានសហព័ន្ធដំឡូងមីកម្ពុជាសាទរចំពោះកិច្ចខិតខំរបស់ក្រសួងនិងក្រុមហ៊ុនផលិតចំណីសត្វ ដ្បិតជាចំណែកមួយជួយដោះស្រាយបញ្ហាទីផ្សារកសិផលរបស់កសិករបានមួយផ្នែក។ តែយ៉ាងណាលោកចង់ឱ្យក្រសួងពាក់ព័ន្ធជួយរកដៃគូក្រុមហ៊ុនផលិតម្ស៉ៅមីបន្ថែម ព្រោះការជួយទិញដំឡូងមីពីក្រុមខាងលើត្រឹមជាង ៨ ម៉ឺនតោននេះ គឺនៅតិចតួចនៅឡើយ បើធៀបនឹងការដាំដុះដំឡូងមីបច្ចុប្បន្ននេះមានរហូតដល់ ១០លានតោនឯណ្ណោះ។
លោកអនុប្រធានសហព័ន្ធដំឡូងមីថា ទីផ្សារតម្លៃដំឡូងមីបច្ចុប្បន្ននេះនៅមិនទាន់ងើបឡើងថ្លៃនៅឡើយទេ ដោយដំឡូងមីសើមលក់ចេញបានថ្លៃតែ១៦០រៀល រីឯដំឡូងស្ងួតវិញលក់បានតែជិត៥០០រៀលតែប៉ុណ្ណោះ។
សូមរំលឹកថា ផលិតផលដំឡូងមីរបស់កម្ពុជា គឺពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារប្រទេសជិតខាង ដូច្នេះហើយនៅពេលប្រទេសជិតខាងទម្លាក់ថ្លៃ កសិករតែងតែរអ៊ូរទាំបញ្ហាខាតបង់ និងសម្តែងការខកចិត្តចំពោះការប្រឹងប្រែងក្នុងរបរកសិកម្មរបស់ខ្លួន៕