en     km
en     km

រដ្ឋមន្ត្រីក្រសួងអប់រំជំរុញក្រុមការងារកែសន្លឹកកិច្ចការសិស្សបាក់ឌុបប្រុងប្រយ័ត្នខ្ពស់ពេលធ្វើកំណែ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋមន្រ្តីក្រសួងអប់រំបានផ្តល់អនុសាសន៍ដោយជំរុញដល់ក្រុមការងារបច្ចេកទេសកំណែសន្លឹកកិច្ចការសិស្សបាក់ឌុបឆ្នាំនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់លើការធ្វើកំណែវិញ្ញាសារ ព្រោះដើម្បីធានាពីសុក្រឹតភាពប្រកបដោយភាពរលូន និងជោគជ័យ។

នៅចំពោះមុខក្រុមការងារ មានប្រធាន អនុប្រធានមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបប្រមាណ ១៦៨ រូប នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារជាអនុសាសន៍ដល់ក្រុមការងារទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើដំណើរការកែសន្លឹកកិច្ចសិស្សដោយការទទួលខុសត្រូវ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

ជំនួបប្រជុំលើការធ្វើកំណែសន្លឹកកិច្ចបេក្ខជនសិស្សបាក់ឌុបឆ្នាំនេះ។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួង អ្វីដែលលោករដ្ឋមន្រ្តីចង់សង្កត់ធ្ងរនោះ គឺដំណើរការមួយឈានទៅសម្រេចគោលដៅ ដែលធានាបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលឆ្លើយតបនឹងគោលការណ៍ “អ្នកចេះគឺជាប់”។

បន្ថែមពីលើការផ្តាំផ្ញើនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ផ្ញើសារដាស់តឿនដោយព្រមានវិធានការច្បាប់ប្រសិនបើរកឃើញកំហុសក្នុងការអនុវត្តការងារ។ ក្នុងន័យនេះលោករដ្ឋមន្រ្តីក៏បានបង្ហាញពីនីតិវិធីមួយចំនួន ដើម្បីដំណើរការកំណែវិញ្ញាសារបេក្ខជនប្រព្រឹត្តិទៅបានល្អ នោះគឺត្រូវរៀបចំតាមលំដាប់លំដោយ រួចកិបឱ្យជាប់ ចុះអក្សរសម្ងាត់ និងលេខរៀងបន្តឱ្យបានត្រឹមតែ មុនកាត់ក្បាលសន្លឹកកិច្ចការយកទៅកែ ពង្រឹងយន្តការផ្ទៀតផ្ទាត់លទ្ធផលកំណែ។ ជាងនេះ ការកែសន្លឹកកិច្ចការរបស់បេក្ខជនគឺមិនអនុញ្ញាតឱ្យបញ្ចប់មុនពេលកំណត់នោះទេ ថែមទាំងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ។ វិធានការនេះ សម្រាប់លោករដ្ឋមន្រ្តី គឺដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ។

ផ្អែកតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបញ្ជាក់ថា ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែ ដោយមួយមណ្ឌលកំណែកែមួយមុខវិជ្ជាប៉ុណ្ណោះ។ ក្នុងនោះ វិទ្យាល័យព្រះស៊ីសុវត្ថិ កែមុខវិជ្ជា អក្សរសាស្ត្រខ្មែរ។ វិទ្យាល័យបាក់ទូក កែមុខវិជ្ជា គណិតវិទ្យា វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ កែមុខវិជ្ជា ប្រវត្តិវិទ្យា វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក កែមុខវិជ្ជា ភាសាបរទេស វិទ្យាល័យ ព្រះយុគន្ធរ កែមុខវិជ្ជា ភូមិវិទ្យា។ ដោយឡែក បឋមសិក្សា សន្ធរម៉ុក វិញ ក្រសួងកំណត់កែមុខវិជ្ជា សីលធម៌ ពលរដ្ឋវិជ្ជា វិទ្យាល័យ ទួលទំពូង កែមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា អនុវិទ្យាល័យ ចតុមុខ កែមុខវិជ្ជា រូបវិទ្យា រីឯ វិទ្យាល័យ ជា ស៊ីម បឹងកេងកង កែមុខវិជ្ជា គីមីវិទ្យា និងចុងក្រោយ វិទ្យាល័យ បឹងត្របែក កែមុខវិជ្ជា ជីវវិទ្យា។

បើតាមក្រសួង កិច្ចការរបស់បេក្ខជននីមួយៗ នឹងត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត ដ្បិតត្រូវគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច ស្របតាមយន្តការ និងនីតិវិធីកំណែដាក់ចេញដោយក្រសួង។ ចំណែកឯ កិច្ចការបេក្ខជនមានពិការភាពភ្នែក ត្រូវធ្វើកំណែពិសេស។

សូមបញ្ជាក់ថា ការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនឆ្នាំនេះ ក្រសួងអប់រំគ្រោងដាក់គ្រូបង្រៀនថ្នាក់ទី១២ កែតែម្តងដោយមានរហូតដល់ទៅប្រមាណ ៧ពាន់នាក់៕

 

 

 

Share

ព័ត៌មានទាក់ទង