en     km
en     km

ទីលានដាក់សំរាមនៅក្រុងសិរីសោភ័ណត្រៀមចែកជីកំប៉ុសជូនពលរដ្ឋឥតគិតថ្លៃខណៈមានស្តុកសំរាមជាង ៥ ម៉ឺនតោន

Share

ភ្នំពេញ៖ ទីលានទុកដាក់សំរាមនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានស្តុកសំរាមប្រមាណជាង ៥ ម៉ឺនតោន ហើយក្រុមហ៊ុនទទួលខុសត្រូវកំពុងតែញ៉ែកសំរាមដែលជាជីកំប៉ុសដោយឡែក ដើម្បីត្រៀមចែកជូនប្រជាកសិករនៅក្បែរនោះប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

បើទោះបីជាទើបតែដាក់ឱ្យដំណើរការប្រមូលនិងទុកដាក់សំរាមបានប្រហែល ៣ ខែក៏ពិតមែន តែទីលានទុកដាក់សំរាមនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានសំរាមសរុប ៥៦១,៥៥តោនដែលកំពុងស្តុកក្នុងអាង។ នេះជាការគូសបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមរំលឹកជូនបន្តិចថា ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនេះមាន ទំហំ១១ហិកតា ចំណាយទឹកប្រាក់សាងសង់តម្លៃជាង៦.៥លានដុល្លារអាមរិក ដំណើរការដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ស្ថិតក្នុង សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទីលានដាក់សំរាមនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុងនៅតំបន់ជុំវិញបឹងទន្លេសាប។ ជាងនេះ អត្ថប្រយោជន៍ នៃការសាងសង់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់នេះ អាចឱ្យពលរដ្ឋជាកសិករអាចទាញផលប្រយោជន៍មកវិញបានយ៉ាងច្រើន តាមរយ:ការកែច្នៃប្រើប្រាស់ឡើងវិញ ពិសេសសំរាមនឹងត្រូវបានធ្វើជាជីកំប៉ុសសម្រាប់ការងារកសិកម្ម។

រូបភាពសកម្មភាពថ្ងៃសម្ពោធដាក់ដំណើរការទីលានទុកដាក់សំរាម។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

ផ្អែកតាមលោក ផន រឹម ដដែល ក្នុងមួយថ្ងៃៗសំរាមត្រូវបានដឹកចូលទីលានជាមធ្យមចន្លោះពី៣០ ទៅ៤០តោន។ លោកថា បច្ចុប្បន្នការផលិតជីកំប៉ុសកំពុងស្ថិតនៅក្នុងការប្រមូលសាកល្បងនៅឡើយ ដ្បិតក្រុមហ៊ុនពុំទាន់មានទីតាំងស្តុកគ្រប់គ្រាន់ទេ ដោយខាងក្រុមហ៊ុនគ្រាន់តែប្រមូលដាក់សំរាមជីកំប៉ុសនោះក្នុងការ៉ុងធំៗទម្ងន់មួយតោន។ លោកថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងត្រៀមចែកជូនជីកំប៉ុសដល់ប្រជាកសិកររស់នៅក្បែរៗនោះដោយឥតគិតថ្លៃដើម្បីយកទៅប្រើប្រាស់។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើគេហទំព័របានឱ្យដឹងថា ទីលានដាក់សំរាមនេះ ត្រូវបានរចនាឡើងជារណ្តៅ ដែលរណ្តៅទី១មានទំហំប្រហែល៦ម៉ឺន(៦៤ ២៤២)ម៉ែត្រគូប អាចផ្ទុកសំរាមបានចំនួនជាង៥ម៉ឺនតោន(៥១ ៤១៤តោន) និងរណ្តៅទី២ មានទំហំជិត៨ម៉ឺន(៨៧ ៦៣០)ម៉ែត្រគូប អាចផ្ទុកសំរាមបានចំនួនជាង៨ម៉ឺន(៨៤ ០៦០)តោនដូចគ្នា។ រីឯរណ្តៅបម្រុង មានទំហំប្រហែល១៧ម៉ឺន(១៧១ ៨៧៤)ម៉ែត្រត្រីគូបអាចផ្ទុកសំរាមបានចំនួនជាង២៧ម៉ឺន(២៧០ ៩៨៩)តោន។

ទីលានទុកដាក់សំរាមថ្មីលក្ខណៈស្តង់ដានេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អាចផ្តល់ជាប្រយោជន៍សម្រាប់ប្រជាជនប្រមាណជាង ១២ម៉ឺន(១២៨ ២០៨)នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងសង្កាត់កោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

រូបភាពទីលានទុកដាក់សំរាមនៅក្រុងសិរីសោភ័ណ។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

ផ្អែកតាមមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីសម្ពោធដំណើរការទីលានទុកដាក់សំរាមគ្រានោះបានបញ្ជាក់ថា នៅពេលខេត្តបន្ទាយមានជ័យ មានទីលានទុកដាក់សំរាមនិងទឹកកខ្វក់គោរពតាមបទដ្ឋានបច្ចេកទេសបែបនេះ នោះនឹងអាចកាត់បន្ថយនូវបញ្ហាជំងឺឈឺថ្កាត់នានារបស់ប្រជាពលរដ្ឋ មួយទៀតក៏អាចទាក់ទាញភ្ញៀវទេសចរណ៍បង្កើនប្រាក់ចំណូលបានផងដែរ។

ក៏ប៉ុន្តែដើម្បីឱ្យនិរន្តភាពរបស់ទីលានដាក់សំរាមអាចបន្តដំណើរទៅមុខបាន មន្រ្តីខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រតាមរយៈការបង់ថ្លៃសេវាប្រមូលសំរាម និងថ្លៃសេវាទឹកកខ្វក់ ដែលគោលដៅចំបង គឺការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បភាពទីលានទុកដាក់សំរាមនៅក្រុងសិរីសោភ័ណ។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានគិតត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន​ ដោយក្នុងមួយៗមានសំរាមបង្កើតឡើងជាង១ម៉ឺនតោន។ ដោយឡែកសម្រាប់តែរាជធានីភ្នំពេញ សំរាមបាន​បង្កើតរហូត​ដល់ទៅ ៥ ​ពាន់​តោន​ក្នុង​១ថ្ងៃៗ។ក្នុងនោះមានសំណល់ម្ហូបអាហារមានចំនួន ៦០ភាគរយ សំ​ណល់​​​ថង់​ប្លាសស្ទិកមានប្រមាណ ២០ភាគរយ និងក្រៅពីនេះ គឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម៕

Share

ព័ត៌មានទាក់ទង