en     km
en     km

សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរប្រទះឃើញការកាប់ព្រៃឈើ៣៣៤ករណីនៅដែនជម្រកសត្វព្រៃព្រះរកា

Share

ភ្នំពេញ៖ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ បានប្រទះឃើញករណីកាប់ឈើដែលជាបទល្មើសព្រៃឈើចំនួន ៣៣៤ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ អំឡុងពេលពួកគេចុះធ្វើបច្ចុប្បន្នភាពអំពីដែនជម្រកសត្វព្រៃព្រះរការយៈបីថ្ងៃកាលពីថ្ងៃទី ៥ដល់ថ្ងៃទី ៧​ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបទល្មើសព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិចភូមិប្រមេរ បង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបទល្មើសព្រៃឈើចំនួន ៣៣៤ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ ដែលសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ បង្ហោះនៅថ្ងៃនេះ បញ្ជាក់ថា នេះជារបាយការណ៍ថ្មីមួយទៀតនៃការធ្វើបច្ចុប្បន្នអំពីដែនជម្រកសត្វព្រៃព្រះរកា ខណៈចំណុចជាំទឹកខ្មៅ អូរស្កាច និងអូររំស៊ែ ជាកន្លែងជនល្មើសបានកាប់រានព្រៃឈើគ្មានញញើតដៃ។ គ្មានញញើតដៃដ្បិត ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ បានប្រទះឃើញសម្ភារៈរបស់ជនល្មើសនៅទីនោះមានទាំងកន្លែងបោះតង់របស់អ្នកអារឈើ ផ្លែម៉ាស៊ីនអារឈើ និងសម្ភារជួសជុលម៉ាស៊ីនជាដើម ដែលភស្តុតាំងទាំងនេះបញ្ជាក់ថា ក្រុមជនទុច្ចរិតបានធ្វើសកម្មភាពជាច្រើនថ្ងៃនៅទីនោះដោយគ្មានការរារាំង។

ភស្តុតាងឈើកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រទះឃើញ។រូបភាពហ្វេកប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ។

មួយវិញទៀត ឈើដែលពួកក្រុមល្មើសកាប់មានទំហំមុខកាត់ចាប់ពី២៥សមឬ២តឹកកន្លះ ដល់១៧៨សម ឬស្មើប្រហែល២ម៉ែត្រ។ សម្រាប់ប្រភេទឈើវិញ ក្រុមសហគមន៍ប្រទះឃើញគល់ឈើប្រភេទឈើផ្តៀក ឈើទាល  ស្ទៀង ដើមរាំង ឈើក្រម និងត្រសេក។ ប្រជាសហគមន៍បន្តថា គល់ឈើដែលប្រទះឃើញចំនួន៣៣៤ករណីនេះ គឺពួកគេរុករកតែរយៈបីថ្ងៃប៉ុណ្ណោះគឺពីថ្ងៃទី០៥ ដល់ថ្ងៃ០៧ ខែឧសភាសប្តាហ៍មុន តែបើតាមការប៉ាន់ប្រមាណគឺឈើដែលត្រូវបានកាប់ហើយអាចមានរហូតដល់ទៅជិត៦០០ករណីឯណ្ណោះ។

ភស្តុតាងឈើកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រទះឃើញ។រូបភាពហ្វេកប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរដែលអា​ចស្រ័យការទ្រទ្រង់ជីវិតនិងជីវភាពលើការរកនិងប្រមូលអនុផលព្រៃឈើ ដូចជា ជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ បេះផ្សិត រកវល្ល័ និងឱសថជាដើម បានសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះការបាត់បង់ព្រៃឈើក្នុងដែនការពារមួយនេះ។ជាងនេះប្រជាសហគមន៍ក៏សម្តែងក្តីសោកស្តាយ ចំពោះការអនុវត្តផែនការល្បាតការពារព្រៃពីសំណាក់មន្រ្តីបរិស្ថាន ដែលមិនអាចទប់ស្កាត់បទល្មើសនេះបាន។

សម្រាប់ប្រជាសហគមន៍ការបាត់បង់ព្រៃឈើក្នុងដែនជម្រកសត្វព្រៃដែលកើតឡើងដដែលជាដដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ។ប្រការនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយផងដែរ។

ភស្តុតាងឈើកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រទះឃើញ។រូបភាពហ្វេកប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ។

គិតត្រឹមរសៀលថ្ងៃទី១២ ខែឧសភា នេះ វិទ្យុស្រ្តីពុំទាន់អាចទាក់ទងលោក យ៉ាន ប៊ុនសឿន នាយកដែនជម្រកសត្វព្រៃព្រះរកា បាននៅឡើយទេព្រោះទូរស័ព្ទចូលតែគ្មានអ្នកទទួល។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ​សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវសារជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មេត្តាបញ្ឈប់ការរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជន ក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិ ដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិតាមមាត្រា ២១ ,២២ និង២៩ និងរដ្ឋធម្មនុញ្ញមាត្រា ៣៥​ និង៥៩។

មួយទៀត ប្រជាសហគមន៍ស្នើឱ្យបើកទូលាយ និងបង្កបរិយាកាសល្អដល់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល សាធារណជន ក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់ជាតិទាំងអស់គ្នា។ ជាមួយគ្នានេះ សហគមន៍ក៏សូមឱ្យពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ បង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌបើសិនរកឃើញថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។

ភស្តុតាងឈើកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រទះឃើញ។រូបភាពហ្វេកប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ។

សេចក្តីថ្លែងការណ៍ក៏សំណូមពរដោយចំហទៅដល់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យចុះពិនិត្យដោយផ្ទាល់ក្នុងព្រៃការពារ ជាជាងចាំតែយករបាយការណ៍ពីមន្ត្រីថ្នាក់ក្រោម ដែលអាចមិនមានព័ត៌មានពិតពីការបំផ្លាញធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃមួយនេះ។

Share

ព័ត៌មានទាក់ទង