លោក ហែម គឹមសាធ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃស្រុកកងមាស ដែលត្រូវដកតំណែង។ ប្រភពរូបភាពពីហ្វេសប៊ុក
អភិបាលខេត្ដកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឱ្យអភិបាលស្រុកកងមាស បញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃស្រុកកងមាស មកជាមន្ដ្រីសាលាស្រុកកងមាស ពាក់ព័ន្ធករណីយកលុយពីប្រជាពលរដ្ឋចំនួន៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើត។ ការបញ្ចប់មុខតំណែងនេះ គឺមិនគិតពីទោសទណ្ឌផ្សេងៗទៀតឡើយ។
ការសម្រេចដកតួនាទីលោកហែម គឹមសាធ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គមពីគណនីហ្វេសប៊ុកឈ្មោះ ឆេង សុខលី (Chheng Sokly) ដែលបានចុះផ្សាយពីករណីលោក ហែម គឹមសាធ បានយកលុយថ្លៃកែសំបុត្រកំណើត។ រដ្ឋបាលខេត្ដបានចាត់ឱ្យក្រុមការងារចុះសិក្សាស្រាវជ្រាវ ជាលទ្ធផលគឺពិតជាមានករណីដូចម្ចាស់គណនីហ្វេសប៊ុកខាងលើចុះផ្សាយប្រាកដមែន។ នេះបើ តាមលិខិតរបស់អភិបាលខេត្ដកំពង់ចាមផ្ញើទៅកាន់អភិបាលស្រុកកងមាស។
ដើម្បីអនុវត្ដវិធានការទៅលើមន្ដ្រីដែលប្រព្រឹត្ដកំហុស និងពង្រឹងការអនុវត្ដតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ទើបរដ្ឋបាលខេត្ដណែនាំឱ្យរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ តែម្ដង។ បន្ថែមលើនេះ រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្ដកំហុសឆ្គងបន្ដទៀត ត្រូវមានវិធានការតាមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល។
លោកអភិបាលខេត្តកំពង់ចាម ក៏បានព្រមានផងដែរថា នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ក្នុងករណីបើមានបាតុភាពមិនប្រក្រតីណាមួយនៅស្រុកកងមាសបន្តទៀត៕