ប្រភពរូបភាពពីហ្វេសបុក
ភ្នំពេញ៖ ករណីគ្រូមន្តអាគមបាញ់មិនមុត ដែលតាំងខ្លួនថាជា«គ្រូផេះគ្រូអង្គាម» កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានបញ្ជូនគាត់ទៅតុលាការហើយ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ នេះតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដល់អ្នកសារព័ត៌មានវិទ្យុស្រ្តី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ (អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍)
កាលពីថ្ងៃទី២១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលបង្ហាញពីសកម្មភាព គ្រូមន្តអាគមបាញ់មិនមុត ដែលតាំងខ្លួនថាជា«គ្រូផេះគ្រូអង្គាម» យកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯងបង្អួតពីមន្តអាគម។ វីដេអូនេះ មានអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត និងបានចោទជាចម្ងល់ថា តើកាំភ្លើងដែលគ្រូអាគមនោះយកមកបាញ់សាកល្បងលើខ្លួននេះ ជាកំភ្លើងពិត ឬកាំភ្លើងជ័រ?
ដើម្បីឆ្លើយនូវចម្ងល់នេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាន នៃវិទ្យុស្ត្រី បានទាក់ទង លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា តាមចម្លើយសារភាពពីគ្រូមន្តអាគមនោះថា អាវុធដែលគាត់បានប្រើនោះគឺជាអាវុធពិតប្រាកដមែន។ « អាវុធនេះបើតាមយើងសួរនាំគាត់តាមចម្លើយរបស់គាត់ៗថាគឺជាអាវុធពិតប្រាកដបាទ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ពេលនេះ គ្រូអាគមនេះត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។
លោក លោកវរសេនីយ៍ឯក សំ វិច្ឆិកា ៖« អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តាមបទបញ្ជា របស់លោកឯកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនគាត់ទៅតុលា ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងមួយវិញទៀត គឺគាត់បង្ហោះតាមបណ្តាញព័ត៌មានសង្គមបង្កឱ្យមានការភ្ញាក់ផ្អើល ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ។ ពាក់ព័ន្ធនឹងអាវុធនេះដែរ តាមការសួរចម្លើយគាត់បានសារភាពថា គាត់បានរើសបាន ក្រោយមកគាត់ក៏បានយកទៅ ក្រវាត់ចោលនៅក្នុងជ្រោះមួយកន្លែងនៅក្នុងខេត្តក្រចេះ»។
ការស្រាវជ្រាវឃាត់ខ្លួនគ្រូមន្តអាគម «គ្រូផេះគ្រូអង្កាម»នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបែកធ្លាយនូវសកម្មភាពគ្រូមន្ដអាគមរូបនេះប្រើប្រាស់អាវុធបាញ់ខ្លួនឯងជាច្រើនគ្រាប់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា គ្រូមន្ដអាគមរូបនេះមានឈ្មោះ ណុប សក្កដា ហៅ គ្រូផេះគ្រូអង្កាម មានទីលំនៅភូមិត្រពាំងស្នោ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះបន្ថែមថា យោងតាមចម្លើយសារភាពរបស់គ្រូផេះគ្រូអង្កាម ការប្រើប្រាស់អាវុធនេះ គឺនៅពេលគាត់រើសអាវុធ និងកាបូបបានកាលពីកន្លងទៅ ហើយក៏យកមកបាញ់សាកខ្លួនឯងនៅចំពោះមុខអ្នកស្រុកអ្នកភូមិដែលបានចូលរួមក្នុងពិធីបន់ស្រន់បើកអាស្រមរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅ។ ហើយបន្ទាប់ពីបាញ់សាកខ្លួនឯករួចមក រូបគាត់ក៏បានយកអាវុធនោះទៅទម្លាក់ចោលនៅក្នុងជ្រោះមួយកន្លែងនៅខេត្តក្រចេះ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី២១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។
ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា គណហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើទោះបីជាគ្រូមន្ដអាគមរូបនេះ ចេញមកសុំទោសជាសាធារណៈយ៉ាងណាក្ដី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនគ្រូមន្ដអាគមរូបនេះមកសួរនាំ។ ក្រោយពីបានកសាងសំណុំរឿងរួចរាល់ហើយ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក៏បានបញ្ជូនគ្រូមន្តអាគមរូបនោះទៅតុលាការដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
រូបភាព៖ប្រភពហ្វេសបុក