en     km
en     km

ការទាមទារយុត្តិធម៌នៅតែបន្តទោះបីលោក ម៉ម រិទ្ធី ជាប់ពន្ធនាគារមួយឆ្នាំក៏ដោយ

Share

ភ្នំពេញ៖ សហជីព និងក្រុមគ្រួសារលោក ម៉ម រិទ្ធី បានបង្ហោះសារលើបណ្តាញសង្គមទាមទារឱ្យដោះលែងមេសហជីពវិស័យទេសចរណ៍លោក ម៉ម រិទ្ធី ដែលត្រូវជាប់ពន្ធនាគារអស់រយៈពេល ១ឆ្នាំដោយអយុត្តិធម៌។ សម្រាប់សហជីព និងក្រុមគ្រួសារលោក ម៉ម រិទ្ធី  នៅតែបង្ហាញជំហរតស៊ូមតិតាមគ្រប់មធ្យោបាយដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដោះលែងលោក ម៉ម រិទ្ធី ដែលត្រូវជាប់ពន្ធនាគារ ដោយសារសកម្មភាពការពារសិទ្ធិកម្មករខណៈរងការបំពានពីថៅកែកាស៊ីណូនៅខេត្តព្រះសីហនុនោះ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

លោក ម៉ម រិទ្ធី ត្រូវសាលាដំបូងរាជធានីភ្នំពេញ  កាត់ទោសកំបាំងមុខ ដោយសម្រេចផ្ដន្ទាដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ បទចោទនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ ដែលលោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពយុត្តិធម៌ផ្សេងៗជាទស្សនៈរបស់លោកជុំវិញវិវាទការងារនេះ។

ប៉ុន្តែកាលពីចុងឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមកំបាំងមុខនេះ ដោយលោក ម៉ម រិទ្ធី នៅបន្តអនុវត្តទោសក្នុងពន្ធនាគារដដែល។

លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៨ ខែឧសភានេះថា កន្លងមកកម្មករ សហជីព និងក្រុមគ្រួសារ តែងតែជំរុញឱ្យតុលាការពន្លឿននីតិវិធីដោះលែងលោក​ ម៉ម រិទ្ធី ឱ្យនៅក្រៅឃុំ។ ក៏ប៉ុន្តែដោយសារឃើញតុលាការចេះតែពន្យារពេល និងនីតិវិធីនៅក្រៅឃុំនេះ លោកថា ក្រុមគ្រួសារ និងសហជីពរបស់លោក ម៉ម រិទ្ធី ក៏ជំរុញឱ្យតុលាការដោះស្រាយសំណុរឿងនេះបន្តទៀត ប៉ុន្តែតុលាការនៅតែពន្យារពេលដដែល។

 

លោក អាត់ ធន់៖ «ខ្ញុំបានតាមដាននូវសាច់រឿងហ្នឹងតាំងពីដំបូងអំពីគាត់លើកឡើងតាមប្រព័ន្ធហ្វេសប៊ុក ដើម្បីជួយទៅដល់អ្នកជាប់ឃុំនៅក្រុមហ៊ុន​ ជីនប៉ីគ្រុបហ្នឹងទេ ហើយក្រោយពីរឿងហ្នឹងបានកើតឡើងតាំងពីឆ្នាំ២០២២មកតាមបណ្ដឹងបានដោះស្រាយហើយ រឿងក៏ជិតបញ្ចប់ដែរ ប៉ុន្តែក្រោយពីមានបញ្ហារឿងបោះឆ្នោតCLCហ្នឹងទៅ គឺរឿងគាត់ត្រូវបានចោទប្រកាន់ ហើយចាប់ដាក់ឃុំហ្នឹងតែម្ដង។ ក្រោយមកស្ថានភាពតឹងតែងទៅៗ កន្លែងហ្នឹងដែលយើងគិតថាវាមិនប្រក្រតី ដែលរឿងអូសបន្លាយ និងមិនដោះស្រាយបែបហ្នឹង មានន័យថាជាដាក់សម្ពាធធ្វើបាបគាត់ និងឱ្យអ្នកផ្សេងៗទៀតបាក់ស្បាតអ៊‌ីចឹងទៅ​ ព្រោះរឿងការងាសហជីព គឺជារឿងមួយដែលជំរុញសិទ្ធិការងារជួយដល់កម្មករ រដ្ឋ និងតុលាការគួរតែជំរុញ និងលើកទឹកចិត្ត មិនមែនធ្វើការចោទប្រកាន់គាត់ព្រោះបណ្ដឹងតិចតួចរបស់ក្រុមហ៊ុនអ៊‌ីចឹងទេ»។

ដោយឡែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) បញ្ជាក់ដែរថា សហភាពការងារមិនដែលព្រងើយកន្តើយករណីនេះឡើយ នៅតែបន្តតស៊ូមតិរឿងក្ដីរបស់លោក ម៉ម រិទ្ធី តាំងពីសវនាការនៅសាលាឧទ្ធរណ៍រហូតដល់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីនេះ សហភាពការងារ តែងតែធ្វើយុទ្ធនាការរាល់ការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស និងប្រារព្វទិវាពលកម្មអន្តរជាតិជាដើម ដើម្បីស្នើឱ្យរដ្ឋាភិបាល អន្តរាគមន៍ដោះលែងលោក ម៉ម រិទ្ធី។

លោក គង់ អាទិត្យ៖ «ខ្ញុំគិតថាអយុត្តិធម៌ណាស់ គ្រាន់តែមានមតិយោបល់អីតិចតួចយើងត្រូវចាប់ខ្លួនចាប់អីអ៊‌ីចឹង អាហ្នឹងជាជំហររបស់ CLC ពីដើមមក យើងបាមតស៊ូមតិទៅរដ្ឋាភិបាលក៏យើងធ្វើអ៊‌ីចឹង សូម្បីក្នុងរូបភាពណាក៏ដោយក៏យើងគិតថាវាមិនយុត្តិធម៌សម្រាប់គាត់ដែរ គាត់គ្រាន់តែសម្តែងមតិ​ អាហ្នឹងយើងគិតថាត្រូវតែដោះលែងគាត់អ៊‌ីចឹងណា។ មកដល់ឥឡូវយើងធ្វើអស់ពីលទ្ធភាពហើយ ព្រោះពិភពលោកវារញ៉េរញ៉ៃគ្រប់ទីកន្លែងខាងសហគមន៍អ៊ឺរ៉ុប ឬអាមេរិកអី ក៏គេមានបញ្ហាគ្រប់ទីកន្លែង យើងមិនបានតស៊ូមតិនៅអន្តរជាតិអីអ៊‌ីចឹងទៅវាដូចអត់មាននរណាគេមកជួយកិច្ចការងារយើង ពីព្រោះគេមានកិច្ចការងារធំត្រូវធ្វើ។ អ៊‌ីចឹងមានតែបន្តទាមទារនៅសាលាក្តីបន្ថែមទៀត ហើយហ្នឹងធ្វើយុទ្ធនាការទៅរដ្ឋាភិបាលហើយនិងតស៊ូមតិថែមទៀត»។

ជុំវិញរឿងនេះ អ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី យល់ថា​ ស្វាមីរបស់ខ្លួនមិនបានប្រព្រឹត្តអំពើល្មើសច្បាប់ដូចការសម្រេចផ្តន្ទទោសឡើយ ដោយគ្រាន់តែធ្វើសកម្មភាពការពារសិទ្ធិកម្មករពីការកេងប្រវ័ញ្ចដោយសំណាក់ថៅកែតែប៉ុណ្ណោះ។

អ្នកស្រី គង់ សុដា៖ «ចង់ស្នើសុំទៅកាន់គាត់បន្ថយទោសបានចេញមកក្រៅឃុំដូចអ្វីដែលបងធ្លាប់ស្នើសុំពីដំបូងមកអ៊‌ីចឹងណាអូន អ្វីដែលយើងធ្វើបានគឺសុំឱ្យមានលើកលែងឱ្យគាត់មានសេរីភាពបានមុនកំណត់គឺល្អមែនទែន ទាំងដែលយើងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃគឺវាយូរមែនទែន បារម្ភពីគាត់ ខណៈស្ថានភាពគ្រួសារវាពិបាក តែយើងអត់ដឹងនិយាយម៉េច មានតែលាក់ទុកនៅក្នុងគ្រួសារតស៊ូទៅទៀតទាំងដែលយើងអត់អាចធ្វើអីបាន»។

ភរិយារបស់លោក ម៉ម រិទ្ធី បានឱ្យដឹងដែរថា កន្លងមកអ្នកស្រី និងកូនៗទាំង ៤នាក់ ជួលបន្ទប់ស្នាក់នៅ ជាប់និងហាងដែលខ្លួនជួលលក់សម្លៀកបំពាក់ ប៉ុន្តែឥលូវហាងនោះអ្នកស្រីឈប់ជួលហើយ ដោយសារមិនមានលទ្ធភាពបង់ថ្លៃជួល។ ក្រោយពីឈប់ជួល និងឈប់លក់សម្លៀកបំពាក់ អ្នកស្រី សុដា ងាកមកលក់សាប៊ូកក់សក់តាមអនឡាញ និងធ្វើរបរលក់ទឹកសណ្ដែកបន្ថែម ដើម្បីទប់ទល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ថ្លៃជួលបន្ទប់ ហើយនិងថ្លៃសិក្សាកូនៗផងដែរ។

 

អ្នកស្រី គង់ សុដា៖ «ពេលដែលបងរិទ្ធីគាត់ខលមកអ៊‌ីចឹងទៅសួរគាត់គាត់ថាអត់អីទេ ដល់ពេលយើងឡើងទៅក៏អត់បានអីទេទៅមកៗពិបាក ដល់អ៊‌ីចឹងរតាមហ្នឹងទៅចេះតែទ្រាំជិតផុតកំណត់ហើយ ព្រោះអ្វីដែលធ្វើបានយើងបានធ្វើអស់ហើយ។ វាអយុត្តិធម៌ទេដែលដាក់ទោសគាត់ ហេតុអ្វីជាប់ដល់១ឆ្នាំកន្លះអត់មានដំណោះស្រាយ និងទទូចអង្វរសុំរដ្ឋាភិបាល សុំអង្គការ ក៏គាត់មិនព្រមបន្ធូរបន្ថយទោសឱ្យគាត់បាននៅក្រៅឃុំ គឺសម្រាប់គ្រួសាររងនូវអយុត្តិធម៌ហ្នឹងហើយ»។

សូមរំលឹកថា សមត្ថកិច្ចបឹងទំពុន ចាប់ខ្លួនលោក ម៉ម រិទ្ធីនៅស្នាក់ការលោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រៅពីមេសហជីពរូបនេះ ក៏នៅមានមេសហជីពផ្សេងទៀតត្រូវចាប់ខ្លួន និងឃុំខ្លួន ព្រោះសកម្មភាពតវ៉ាជូនកម្មករ ក្នុងនោះមាន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ លោក ជា ចាន់ ប្រធាន​សហជីពរោង​ចក្រ​​វីងស្តារស៊ូ និងលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង។ ក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងអ្នកខ្លះទៀតមានសេរីភាពឡើងវិញ ក្រោយអនុវត្តទោសចប់៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង