en     km
en     km

ករណីឃាតកម្មសម្លាប់នារីពោះធំ៥ខែ រួចយកទៅដុតប៉ុន្មានថ្ងៃមុនត្រូវគេបំបែកក្តីបានហើយ

Share

ផ្ទៀងផ្ទាត់៖ ករណីបុរសម្នាក់ដែលបានយំសោកក្រោយឃើញសាកសពប្រពន្ធដែលមានផ្ទៃពោះ៥ខែឆេះខ្លោចក្រោយការបាត់ខ្លួនអស់រយៈពេល៦ថ្ងៃ ពេលនេះត្រូវបានកងកម្លាំងសមត្ថកិច្ចរកឃើញឃាតករដែលសម្លាប់ហើយ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនហើយសារភាពកំហុសនោះគឺជាជនទី៣។ លោក គីម​ចាន់ចាវ រាយការណ៍បន្ត

 

ករណីស្ត្រីមានផ្ទៃពោះ៥ខែត្រូវគេសម្លាប់ ហើយយកសពទៅដុត ធ្វើឱ្យមានការលើកឡើងចម្រូងចម្រាស ដោយចោទប្រកាន់ទៅលើអ្នកពាក់ព័ន្ធផ្សេងៗ ហើយប្រិយមិត្តវិទ្យុស្ត្រីក៏បានស្នើសុំឱ្យក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីតាមដានផ្ទៀងផ្ទាត់ក្រោយលេចចេញនូវព័ត៌មាននេះផងដែរ ខណៈដែលសាធារណៈមតិមួយចំនួនដាក់ការសង្ស័យលើស្វាមីរបស់ជនរងគ្រោះជាអ្នកសម្លាប់។

ក្រោយការលេចចេញនូវរឿងរ៉ាវនេះ ក្រុមការងារផ្ទៀងផ្ទាត់វិទ្យុស្ត្រីបានព្យាយាមទាក់ទងជាច្រើនដង លោក ចៅ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកណ្ដាល ដើម្បីសុំព័ត៌មានលម្អិតពីករណីនេះ ប៉ុន្តែដោយសារតែក្រុមការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកណ្ដាល កំពុងអនុវត្តនីតិវិធីស៊ើបអង្កេតនៅឡើយទើបមិនអាចបញ្ចេញនូវព័ត៌មានណាមួយឡើយ។

សាកសពស្ត្រីរងគ្រោះ 

រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានទទួលបានវីដេអូសារភាពរបស់ឃាតករ និងសកម្មភាពធ្វើត្រាប់ករណីឃាតកម្មនេះឡើងវិញ ដែលបញ្ចេញដោយកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តកណ្ដាល។ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង នៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការពិតឃាតករសម្លាប់នារីរងគ្រោះគឺមិនមែនជាប្តីទេ តែជាបុរសម្នាក់ផ្សេងទៀត។ តាមចម្លើយសារភាពរបស់ឃាតករ គឺជនរងគ្រោះ និង ឃាតករ បានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរមកហើយ។

មុនស្លាប់មួយថ្ងៃ នារីរងគ្រោះ បានប្រាប់ប្តីថាទៅទារលុយគេ តែនាង និង ឃាតករបានណាត់ជួបគ្នា ក្នុងទំនាក់ទំនងស្នេហានៅផ្ទះសំណាក់ ” សួគ៌ា ” នៅភ្នំបាសិត ហើយក្រោយមកឃាតករក៏នាំនារីរងគ្រោះជិះដើរលេង ពេលនោះឃាតករក៏ឈប់ម៉ូតូក្នុងហេតុផលបន្ទោរបង់។ នៅពេលនោះ ស្របពេលដែលជនរងគ្រោះភ្លេចខ្លួន ឃាតករក៏យកខ្សែអង្រឹងដែលខ្លួនទិញទុកមកទាក់ករ ហើយរិតរហូតដាច់ខ្យល់ស្លាប់ បន្ទាប់មកបុរសនោះក៏អូសសាកសពចូលទៅក្នុងព្រៃ៣០ម៉ែត្រ យកស្មៅ និង ស្លឹកឈើមកគ្របពីលើ រួចជិះម៉ូតូជនរងគ្រោះមកទិញសាំងហើយដុតបំផ្លាញភស្តុតាង រួចយកម៉ូតូជនរងគ្រោះជិះទៅបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងឃាត់ទុកនៅ មូលដ្ឋាន អាវុធហត្ថ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី៕

 

Share

ព័ត៌មានទាក់ទង