ប្រភព៖ C N A ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣
បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃគឺលោក Pita Limjaroenrat មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកអះអាងថានឹងមិនបោះបង់ត្រឹមនេះទេ។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
យោងតាមC N Aលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសសមាជិកសភាសរុបចំនួន៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន២៤៩នាក់។គណបក្សMove Forward របស់លោកPita បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា ហើយបានចងសម្ព័ន្ធភាពជាមួយគណបក្សចំនួន៧ផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្សរួមគ្នាទាំងនេះមានចំនួន៣១២អាសនៈនៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុប ៥០០អាសនៈ ។
តាមច្បាប់ប្រទេសថៃដើម្បីក្លាយជានាយករដ្ឋមន្ត្រីលោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងតិច៣៧៥នាក់ ប៉ុន្តែលោកអាចទទួលបានសំឡេងគាំទ្រត្រឹមតែ៣២៤ប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដា។ក្នុងព្រឹត្តិការណ៍នេះមានអ្នកបោះឆ្នោតសរុបចំនួន៧០៥នាក់ ក្នុងនោះមានសមាជិកសភាចំនួន ១៨២នាក់បានបោះឆ្នោតប្រឆាំងនឹងលោក Pita និង១៩៩នាក់ផ្សេងទៀតបានបោះអនុប្បវាទ។
បន្ទាប់ពីការបោះឆ្នោតលោក Pita មានប្រសាសន៍ថា “ទាក់ទងនឹងលទ្ធផលបោះឆ្នោត ខ្ញុំត្រូវតែនិយាយថា យើងទទួលយក ប៉ុន្តែយើងនឹងមិនចុះចាញ់ឡើយ”។“យើងមិនទាន់ចុះចាញ់នៅឡើយទេ។ យើងនឹងចំណាយពេលដើម្បីធ្វើយុទ្ធសាស្ត្រដើម្បីសម្របសម្រួលសម្រាប់ការបោះឆ្នោតជុំបន្ទាប់»។
ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោងប្រហែល៤ល្ងាចម៉ោងក្នុងស្រុក និងមានរយៈពេលជាង២ម៉ោង។ការបោះឆ្នោតបានកើតឡើងបន្ទាប់ពីការជជែកដេញដោលជាច្រើនម៉ោង ដែលផ្តោតជាសំខាន់លើគោលនយោបាយរបស់គណបក្ស Move Forward ក្នុងការកែប្រែច្បាប់បរិហាកេរ្តិ៍ព្រះមហាក្សត្រ។លោក Pita ពន្យល់ថា វិសោធនកម្មច្បាប់នេះ គឺដើម្បីទប់ស្កាត់មិនឲ្យប្រើច្បាប់ជាឧបករណ៍នយោបាយ។
មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ឬហៅម្យ៉ាងទៀតថា ច្បាប់ប្រមាថព្រះមហាក្សត្រ ចែងថាជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជ្យទាយាទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ប្រាំឆ្នាំ។ ត្រូវមានទោសដូចគ្នាចំពោះអំពើឃាតកម្មដោយអចេតនាដល់ព្រះញាតិវង្ស។
សកម្មជននយោបាយរាប់រយនាក់រួមទាំងកុមារផងដែរត្រូវបានកាត់ទោសតាមច្បាប់ប្រមាថព្រះមហាក្សត្រ នេះចាប់តាំងពីឆ្នាំ ២០២០មក។បើតាមលោក Pita គណបក្សរបស់លោកមិនមានគម្រោងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះការធ្វើវិសោធនកម្មច្បាប់នេះទេ។លោកមានប្រសាសន៍បន្ទាប់ពីការបោះឆ្នោតនៅសភាថា៖ «វានៅដដែលដូចអ្វីដែលយើងបានសន្យាជាមួយប្រជាជន។
ដោយសារការជ្រើសតាំងនាយករដ្ឋមន្ត្រីមិនបានជោគជ័យ សភាតំណាងរាស្ត្រ និងព្រឹទ្ធសភានឹងត្រូវប្រជុំឡើងវិញដើម្បីបោះឆ្នោតម្ដងទៀត។ ទោះយ៉ាងណាកាលបរិច្ឆេទជាក់លាក់មិនទាន់កំណត់នៅឡើយទេ។នៅក្នុងកាលៈទេសៈបែបនេះ សមាជិកសភាយ៉ាងហោចណាស់ពាក់កណ្តាលអាចស្នើសុំឱ្យរដ្ឋសភា អនុញ្ញាតឱ្យមាន “នាយករដ្ឋមន្ត្រីមកពីខាងក្រៅ” ។ ការប្ដេជ្ញាចិត្តរបស់លោក Pita ក្នុងការបន្តគោលនយោបាយគណបក្សរបស់លោកបានធ្វើឱ្យលោកមានជម្លោះជាមួយក្រុមអភិរក្សនិយមដ៏មានឥទ្ធិពលនិងក្រុមគ្រួសារអ្នកមានទ្រព្យស្ដុកស្តម្ភ ដែលបានលូកលាន់ក្នុងកិច្ចការនយោបាយថៃអស់ជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានគេរំពឹងថាពួកគេនឹងព្យាយាមរារាំងលោក Pita នៅក្នុងសភាជាបន្តទៀត៕