en     km
en     km

ថៃចង់ចរចាទ្វេភាគីជាមួយកម្ពុជាករណីជម្លោះព្រំដែនជាជាងឡើងទៅតុលាការអន្តរជាតិ

Share

ភ្នំពេញ៖ រដ្ឋាភិបាលថៃនៅថ្ងៃនេះ បានសេចក្តីប្រកាសពីជំហររបស់ខ្លួនដោយចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី ដោយភាគីថៃជឿជាក់ថា ប្រទេសទាំងពីរនឹងឈានដល់ការដោះស្រាយវិវាទព្រំដែនប្រកបដោយឥរិយាបថចាស់ទុំ។ សេចក្តីប្រកាសពីភាគីថៃនេះ ស្របពេលកម្ពុជាបានប្រកាសជំហរលើកយកបញ្ហាជម្លោះព្រំដែននេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកភាពយុត្តិធម៌។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

សេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)ប្រទេសថៃ ចេញផ្សាយនៅថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ភាគីថៃចេញសេចក្តីប្រកាសនៅថ្ងៃនេះ ដោយចង់សុំសម្របសម្រួលវិវាទព្រំដែនដោយប្រើប្រាស់យន្តការទ្វេភាគីរវាងប្រទេសនិងប្រទេស។

កាសែតបាងកកប៉ុស្តិ៍ បន្តដកស្រង់សេចក្តីប្រកាសចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាលថៃ ដោយបញ្ជាក់ថា ថៃមានជំហរប្រើប្រាស់មធ្យោបាយតាមសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដូចជា MOU ស្តីពីការស្ទង់មតិ និងការកំណត់ព្រំប្រទល់ដី (MOU ឆ្នាំ២០០០) ក៏ដូចជាភស្តុតាង រួមទាំងរូបភាពតាមរយៈផ្កាយរណប។

ជាងនេះ ថៃត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចរចាជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាគណៈកម្មការព្រំដែនរួម (JBC) ដែលជាយន្តការបច្ចេកទេសបង្កើតឡើងក្រោម MOU ឆ្នាំ២000 ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងកាត់កំណត់ព្រំដី។

ឆ្លើយតបតាមសំណើរបស់ថៃ កម្ពុជាយល់ព្រមបើកកិច្ចប្រជុំ JBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ យន្តការទ្វេភាគីនេះ ក៏នឹងប្រើគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលជាយន្តការនៅរដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលជាយន្តការនៅថ្នាក់បញ្ជាការយោធាតំបន់។ យន្តការទាំង GBC និង RBC ដើរតួនាទីគន្លឹះក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមព្រំដែន។ នេះបើតាមបាងកកប៉ុស្តិ៍ដដែល។

ប្រភព៖ ឯកសារមន្រ្តីសាធារណៈ

 

ចំពោះសំណើរបស់កម្ពុជាដែលសុំឱ្យតុលាការអន្តរជាតិ ឬភាគីទីបីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលថៃនិយាយថា ថៃនឹងពិភាក្សាបញ្ហានេះជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីជាមុនសិន។ រដ្ឋាភិបាលថៃបន្ថែមថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសណ្តាប់ធ្នាប់ល្អ ហើយរដ្ឋាភិបាលថៃជឿជាក់ថា ប្រទេសទាំងពីរនឹងឈានដល់ការដោះស្រាយវិវាទព្រំដែននេះប្រកបដោយឥរិយាបថចាស់ទុំ។

ជាការកត់សម្គាល់ ស្ថានភាពព្រំដែនកម្ពុជា-ថៃ តែងបង្កជាភាពតានតឹងឥតឈប់ឈរសម្រាប់ភាគីទាំងពីរ ហើយករណីប៉ះទង្គិចគ្នានៅច្រកព្រំដែននៅខេត្តព្រះវិហារក៏ពុំមែនកើតឡើងជាលើកទីមួយនោះដែរ។ ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រីក​រាល​ដាល​ម្តង​បន្តិចៗ ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់​ថា កង​ទ័ព​ថៃ​បាន​ចូល​កាន់​កាប់​ប្រាសាទ​និង​តំបន់​នានា ដូច​ជា​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

 

ទោះបីជាតុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាត់តំបន់​ប្រាសាទ​ព្រះវិហារ​ជា​អធិបតេយ្យភាព​របស់​កម្ពុជានៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ក៏ពិតមែន តែប្រទេស​ថៃនៅតែ​ប្រកាស​ថា ទឹក​ដី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ទំហំ​ប្រមាណ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ នៅ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ច្បាស់​លាស់​នៅ​ឡើយ​។

ភាពពុំច្បាស់លាស់នេះ បានបង្កការផ្ទុះអាវុធសាជាថ្មីរវាងទាហាននៅច្រកព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥ បណ្តាលឱ្យទាហានខ្មែរម្នាក់គឺ លោក សួន រ៉ោន បានស្លាប់បាត់បង់ជីវិត។ នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជាបានជូនលិខិតទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា ដោយថ្កោលទោសទង្វើរបស់ទាហានថៃ ដែលបានបាញ់ប្រហារមកលើទាហានកម្ពុជាថា ជារឿងយ៉ាងអយុត្តិធម៌ និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ តាមរយៈក្រសួងការបរទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះដែរ នៅក្នុងអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកទី១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា​និងព្រឹទ្ធសភា បានប្រកាសត្រៀមយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីដោះស្រាយឱ្យដាច់ស្រេចចំពោះតំបន់ជម្លោះ។

 

ការលើកឡើងនេះបានធ្វើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ពលរដ្ឋ ព្រមជាមួយគណបក្សជំទាស់ក្រៅរដ្ឋាភិបាលមួយចំនួន ដែលក្នុងនោះក៏មានលោក សម រង្សី អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស សុទ្ធតែបានបង្ហាញជំហរនិងឆន្ទៈគាំទ្រ។

យ៉ាងណាមិញ ទាំងសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងរថា ទោះបីជាភាគីថៃមិនឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែប្តឹងទៅតុលាការ ICJ ទាល់តែបាន។ សម្តេចបញ្ជាក់ថា មានតែយន្តការដោះស្រាយរបស់តុលាការទីក្រុងឡាអេតែប៉ុណ្ណោះ ទើបអាចឱ្យប្រជាជននិងរដ្ឋាភិបាលប្រទេសនីមួយៗស្ងប់ចិត្ត លើការបញ្ចប់បញ្ហារសើបនៅតាមព្រំដែនបាន៕

Share

ព័ត៌មានទាក់ទង