en     km
en     km

តុលាការថៃកាត់ទោសពលរដ្ឋខ្មែរប្រាំនាក់គឺម្នាក់ៗមានទោស៥០ឆ្នាំពីបទចាប់រំលោភស្ត្រីទេសចរ

Share

តុលាការមួយនៃប្រទេសថៃកាលពីថ្ងៃចន្ទ ទី៥ ខែមីនា បានកាត់ទោស អ្នកនេសាទខ្មែរ ៥នាក់ដោយម្នាក់ៗ មានទោស ៥០ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកាលពីឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់រំលោភស្រ្ដី  ២រូប ជាជនជាតិបារាំង។

កាសែត Bang Kok Post បានចុះផ្សាយថា បុរសអ្នកនេសាទខ្មែរប្រាំរូបនេះ ត្រូវបានកាត់ទោសម្នាក់ ៗ ៥០ឆ្នាំ(កន្លះសតវត្ស) ដូចនេះ គឺករណីធ្ងន់ធ្ងរ ដោយសារធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃ ។ ពួកគាត់ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសដូចនេះ នៅកោះកូដនៃសមុទ្រថៃ។

តាមប្រភពដដែល ពលរដ្ឋខ្មែរទាំង ៥នាក់នេះ ត្រូវបានតុលាការខេត្តត្រាចកាត់ទោសថែមទៀតនោះ ដោយសារចាប់រំលោភហើយវាយតប់ជនរងគ្រោះឱ្យរងរបួសធ្ងន់ធ្ងរទៀតផង។

វិទ្យុស្ត្រីមិនអា​ចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសបានទេ ដោយមិនមានការលើកទូរស័ព្ទ។ តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌របស់កម្ពុជាពន្យល់ថា តាមគោលការណ៍យុត្តិធម៌ ប្រទេសណាក៏ដោយត្រូវស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។ លោកបន្តថា យុត្តិធម៌នោះ គឺត្រូវសុំការផ្ទេរជនល្មើសមកប្រទេសវិញ ដូចជាករណីពលរដ្ឋខ្មែរ៥នាក់នេះដែរ។ លោកបញ្ជាក់ទៀតថា ទោះយ៉ាងនេះក្ដី ទម្ងន់ទោសដែលតុលាការថៃបានផ្ដន្ទាទោស គឺត្រូវមកអនុវត្តទោសនៅកម្ពុជា។

សំឡេង ៖ លោក ជិន ម៉ាលីន 

 

កាលពីខែកុម្ភៈ ស្ត្រីខ្មែរម្នាក់ដែលយកស្បែកជើងគប់ រូបថត របស់សម្ដេចហ៊ុនសែន និងសម្ដេចហេងសំរិន ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនឱ្យ អាជ្ញាធរខ្មែរហើយស្រ្តីរូបនេះ ក៏ត្រូវបាននាំខ្លួនមក ឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។

កាលពីឆ្នាំ២០១៥ ពលករចំណាកស្រុកពីរនាក់ជនជាតិភូមាត្រូវតុលាការថៃកាត់ទោស ដោយទោសប្រហារជីវិតករណីមនុស្សឃាតចាក់សម្លាប់និងរំលោភអ្នកទេសចរណ៍ជនជាតិអង់គ្លេស នៅលើកោះតាវ។ ករណីនេះ នាំឱ្យរដ្ឋាភិបាលភូមាតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកសវនាការគ្មានភាពត្រឹមត្រូវ។

ក្រសួងទេសចរណ៍ប្រទេសថៃបានអះអាងថា នៅ ឆ្នាំ២០១៧នេះ កំណើនទេសចរណ៍បានហក់ឡើង រហូត ៣៥លាននាក់ ដែលធ្វើឱ្យវិស័យសេដ្ឋកិច្ច មានសន្ទស្សន៍ខ្ពស់ជាខ្លាំង។ ដោយសារចង់រក្សាកំណើនទេសចរណ៍ឱ្យបានខ្ពស់​រដ្ឋាភិបាលថៃបានកម្រិតទោសធ្ងន់ធ្ងរប្រឆាំងជនណាធ្វើឱ្យបាក់មុខមាត់រាជាណាចក្រនេះ៕  

Share

ព័ត៌មានទាក់ទង