en     km
en     km

ពលរដ្ឋនិងអ្នកនយោបាយថៃទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង

Share

 

និស្សិតនិងប្រជាពលរដ្ឋថៃជាច្រើននាក់​បាន​​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​វិមាន​រដ្ឋាភិបាលថៃក្នុងទីក្រុងបាំងកកនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយ​ទាមទារ​ឱ្យ​​នាយក​រដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាំងកកប៉ុស្តិ៍។

បើយោងតាមសារព័ត៌មាន Thai PBS ក្រៅពីប្រជាពលរដ្ឋ គេឃើញមានសមាជិកគណបក្សប្រឆាំងសាងថៃ គណបក្ស Palang Pracharath និងគណបក្សប្រជាជន បានចូលរួមធ្វើបាតុកម្មស្នើឱ្យលោកស្រី Paetongtarn លាលែងពីតំណែងនៅក្នុងថ្ងៃនេះ។ ប្រធាន​គណបក្ស​ប្រជាជនថៃ ​លោក Natthaphong Ruengpanyawut បាន​ថ្លែង​ថា នាយក​រដ្ឋមន្ត្រី​គួរ​មានទំនួលខុសត្រូវលើភារកិច្ច ពិសេសត្រូវ​រំលាយ​សភាចោល និង​ប្រគល់​អំណាច​ជូន​ប្រជាជន​វិញ​តាម​រយៈ​ការ​បោះឆ្នោត​សកល។ យ៉ាង​ណា​ក៏​ដោយ អនុ​ប្រធាន​គណបក្សប្រជាជន ​លោក Wiroj Lakkhanaadisorn បាន​អំពាវនាវ​ឱ្យលោកស្រី​លាលែង​ពី​តំណែង ដោយ​សារ​លោកស្រី​មិន​អាច​ទុក​ចិត្ត​បាន​ទៀត​ទេ។

ការហៅទូរស័ព្ទរយៈពេលប្រហែល ១៧នាទីរវាងលោកស្រី Paetongtarn និងសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានបែកធ្លាយលើបណ្តាញសង្គម ដោយក្រោយមកសម្តេចទទួលស្គាល់ថា នេះគឺជាសម្រង់សម្តីពិតដែលលោកនិងនាយករដ្ឋមន្រ្តីថៃសន្ទនាគ្នា និងដើម្បីតម្លាភាព សុក្រឹតភាព និងជារបៀបរបបការងារផងនោះ សម្តេចត្រូវថតទុកជាភស្តុតាង។ បន្ទាប់ពីឃ្លីបអូឌីយ៉ូរយៈពេល ១៧នាទីនេះ បានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសថៃ សាធារណៈបានផ្ទុះការខឹងសម្បារប្រឆាំងនឹងរដ្ឋាភិបាលថៃ និងជាពិសេសលើលោកស្រី Paetongtarn ។

 

យ៉ាងណានៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយលោកស្រី Paetongtarn ចូលប្រជុំយ៉ាងតក់ក្រហល់ស្របតាមការកោះហៅតាមទូរស័ព្ទរបស់មន្រ្តីយោធានិងមន្រ្តីជាន់ខ្ពស់ លោកស្រីបានចេញមុខសុំទោសជាសាធារណៈចំពោះការលើកឡើងអំពីមេបញ្ជាការតំបន់កងទ័ពទី២ ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានថតដោយសម្ងាត់ និងបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ។ នាយក​រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ​លោកស្រីមិន​បាន​ដឹង​ថា​ការ​ហៅ​ទូរស័ព្ទ​ត្រូវ​បាន​គេ​ថត​នោះ​ទេ។ ជាងនេះ លោកស្រី​បាន​ធានា​ដល់​សាធារណជនថៃ​ថា រដ្ឋាភិបាល​របស់​លោកស្រី​នៅតែ​រួបរួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ ពិសេសលោកស្រីនឹងប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ពាក្យពេចន៍នាពេលអនាគត៕

Share

ព័ត៌មានទាក់ទង