ភ្នំពេញ៖ សារព័ត៌មានជាច្រើនក្នុងប្រទេសថៃបានផ្សាយអំពីទាហានខ្មែរ និងទាហានថៃ ផ្ទុះអាវុធនឹងគ្នានៅតាមព្រំដែនតំបន់ចុងបូក រវាងខេត្តអ៊ូប៊ុនរ៉ាចារ៉ាតថានី និងខេត្តព្រះវិហារ ខណៈដើមហេតុផ្ទុះអាវុធនោះផ្ដើមចេញពីទាហានខ្មែរចូលទៅតំបន់មានជម្លោះ។ យ៉ាងណាករណីផ្ទុះអាវុធនេះ កម្ពុជាមិនទាន់ចេញបកស្រាយនៅឡើយ តែជម្លោះនេះ កម្ពុជាអះអាងថា ដូចនឹងជម្លោះកន្លងមកនៅតាមតំបន់ព្រំដែនប្រាសាទតាមាន់ដែរ។ កញ្ញា កែវ សុជាតា រាយការណ៍
យោងតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយថា មុនពេលកើតហេតុផ្ទុះអាវុធនេះ ទាហានខ្មែរបានចូលទៅតំបន់មានជម្លោះ ដោយរំលោភលើកិច្ចព្រមព្រៀងកន្លងមក។ ក្នុងកិច្ចព្រមព្រៀងនោះ ភាគីទាំងពីរ មិនត្រូវសាងសង់ ការចល័តទ័ព ឬការជីកកកាយដីតំបន់ព្រំដែន ដោយមិនបានជូនដំណឹងជាមុនឡើយ។
កាសែតខាងលើ បានដកស្រង់សម្ដីលោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងទាហានខ្មែរ និងទាហានថៃនេះ បានកើតឡើងវេលាម៉ោង ៥៖៣០នាទីព្រឹក នៅតំបន់ព្រំដែនចុងបូក ខេត្តអ៊ូប៊ុនរ៉ាចារ៉ាតថានី (Ubon Ratchathani)។ ការប៉ះទង្គិចគ្នានេះ មានរយៈពេលខ្លី មិនបង្កឱ្យមានអ្នករងរបួសឡើយ។
បើតាមអ្នកនាំពាក្យរូបនេះ ដើមហេតុនាំឱ្យមានជម្លោះនេះកើតឡើង ដោយសារទាហានខ្មែរបានចូលទៅតំបន់មានជម្លោះ ស្របពេលទាហានថៃ ក៏បានចូលទៅជិតទាហានខ្មែរដើម្បីសួរនាំ។ ប៉ុន្តែជាក់ស្ដែង លោកថាទាហានខ្មែរយល់ខុសអំពីចេតនារបស់ទាហានថៃ ហើយពួកគេបានបាញ់ប្រហារមកលើទាហានថៃ ដែលធ្វើឱ្យទាហានថៃដើរល្បាតទាំងនោះ បាញ់តបទៅវិញ។
ក្រោយកើតហេតុ លោក Winthai និយាយបញ្ជាក់ថា មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរស័ព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ប៉ុន្ដែទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុដដែល។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៨ ខែឧសភានេះថា លោកមិនទាន់ដឹងដើមហេតុបង្កឱ្យមានជម្លោះរវាងទាហានខ្មែរ និងទាហានថៃ នៅឡើយ ដោយឱ្យរង់ចាំអង្គភាពជំនាញប្រមូលព័ត៌មានជុំវិញហេតុការណ៍នេះជាមុនសិន។
ចំណែកលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា នៅព្រឹកម៉ោង៥ជិតភ្លឺ ពិតជាមានការផ្ទុះអាវុធរវាងទាហានខ្មែរ និងទាហានថៃ ពិតមែន ប៉ុន្តែដើមហេតុនាំឱ្យមានការផ្ទុះអាវុធនេះយ៉ាងណានោះ លោកថា មិនទាន់ដឹងនៅឡើយ។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា។
លោក ម៉ៅ ផល្លា៖ «ឥលូវសភាពការណ៍ថ្នាក់លើ កំពុងជួបគ្នាហើយបាទ រីឯលទ្ធផលយើងអត់ទាន់ដឹងទេ ហើយរបាយការណ៍ពីសមរភូមិក៏ទាន់ដឹងដែរ តែសភាពការណ៍នៅទីនោះគឺស្ងប់ស្ងាត់បាទ!»។
វិទ្យុស្ដ្រីបានព្យាយាមសួរអ្នកនាំពាក្យរូបនេះ ជុំវិញការចុះផ្សាយកាសែតថៃ ដែលថាការផ្ទុះអាវុធនេះ ផ្ដើមចេញពីទាហានខ្មែរ ដែលចូលទៅតំបន់មានជម្លោះ តែលោកឆ្លើយថា នៅពេលនេះលោកមិនទាន់អាចធ្វើការបកស្រាយអ្វីបានឡើយ។
លោក ម៉ៅ ផល្លា៖ «អាហ្នឹងគឺខ្ញុំអត់ទាន់ហ៊ាននិយាយទេ តែចរិតរបស់ថៃនៅតាមាន់ក៏វានិយាយអ៊ីចឹងដែរ តែពួកវានិយាយនៅបាងកក តែអាអ្នកធ្វើនេះនៅតាមាន់ អ្នកតាមាន់និយាយផ្សេង អ្នកបាងកកនិយាយផ្សេង។ នេះជារឿងចលនារបស់គណបក្សប្រឆាំងថៃទេ គ្រាន់តែខ្ញុំជំរាបអ៊ីចឹង តែទីតាំងនេះក៏ខ្ញុំអត់ទាន់ដឹង ដោយសារតែខ្ញុំអត់ទាន់ទទួលបានរបាយការណ៍»។
កន្លងមកកងទ័ពកម្ពុជា និងថៃ ឧស្សាហ៍មានជម្លោះនឹងគ្នានៅតាមខ្សែបន្ទាត់ព្រំដែន ដែលថ្មីៗនេះ បញ្ហាចម្រូងចម្រាសរវាងភាគទាំងពីរ បានកើតឡើងនៅតាមតំបន់ព្រំដែនប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ៕
អត្ថបទដោយ កញ្ញា ជា សុខនី