អ្នកស្រី រម៉ាម តាម៉ាល ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្តរតនគិរី ដែលរៀបចំដោយWMC
ក្នុងនាមស្ត្រីជនជាតិដើមភាគតិចម្នាក់រស់នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាដែលរងគំនាបច្រើនទាំងផ្នែកទំនៀមទម្លាប់ប្រពៃណី ទឹកដីភូមិសាស្ត្រ ឯឱកាសទទួលបានការសិក្សាក៏តិចថែមទៀតនោះស្ត្រីជនជាតិដើមចារ៉ាយម្នាក់បានស្ម័គ្រចិត្តបំពេញការងារជាអ្នកព័ត៌មាន។ រាយការណ៍អំពីបញ្ហាជាច្រើនដែលត្រូវបានគេមើលរំលង ហើយធ្វើជាគំរូជួយលើកទឹកចិត្ត ពង្រឹងភាពក្លាហានដល់ស្ត្រីដ៏ទៃទៀត ជាសកម្មភាពបង្កើតភាពរីករាយដល់នាង ឱ្យបំពេញការងារដោយមិនផ្តោតលើប្រាក់ចំណូលជាចម្បង។ លោក គីម ចាន់ចាវ រាយការណ៍
រម៉ាម តាម៉ាល បានរៀបរាប់បញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្តធ្វើជាអ្នកសារព័ត៌មានក្នុងសហគមន៍ហ្នឹង ចង់ឱ្យអ្នកផ្សេងគាត់ឃើញពីព័ត៌មានសហគមន៍ ដូចបញ្ហាណា? មិនបានដោះស្រាយរងការអយុត្តិធម៌។ ពីមុនមកមានការរំលោភបំពានទៅលើស្ត្រី អញ្ចឹងវាធ្វើឱ្យគ្រួសារម្នាក់ហ្នឹង! ជនរងគ្រោះគាត់អត់ហ៊ាន! គាត់អត់ហ៊ានទៅប្តឹងអីចឹងទៅ គាត់អត់ដឹងថាទៅពឹងពីណា?»
ស្ថិតក្នុងវ័យ ២៥ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទទួលបានការសិក្សាត្រឹមថ្នាក់ទី១២ បច្ចុប្បន្នអ្នកស្រី តាម៉ាល បានរៀបការ ក្លាយជាម្តាយរបស់កូនស្រីម្នាក់ទៅហើយ។ ប៉ុន្តែនាងនៅតែចូលរួមយ៉ាងសកម្មក្នុងការសរសេរព័ត៌មានបង្ហាញអំពីបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងតំបន់ដែលខ្លួនរស់នៅ បន្ថែមលើការងារធ្វើស្រែចម្ការ និងរបរលក់ដូរបន្តិចបន្តួចនៅផ្ទះ។ ធ្វើការបណ្តើរ ឆ្លៀតមើលថែកូនតូចផង ហើយលៃពេលរៀនជំនាញនានាពាក់ព័ន្ធនឹងវិស័យសារព័ត៌មានក្នុងពេលដំណាលគ្នា តើស្ត្រីជនជាតិដើមចារ៉ាយម្នាក់នេះដោះស្រាយបញ្ហាដោយរបៀបណា?
អ្នកស្រី តាម៉ាល បានរម្លឹងអំពីការតស៊ូបំពេញចំណេះដឹងរបស់ខ្លួនថា៖ «ខ្ញុំចង់រៀន ចង់ទទួលបានចំណេះដឹង ចេះតែចង់ចេះទៅ។ កាលហ្នឹង! ខាងសមាគមអាដហុក! អង្គការអាដហុកគាត់ហៅទៅរៀនចឹង! ពេលចេញពីប្រជុំម៉ោង ៥ ក៏ជិះមកផ្ទះ មកដល់កន្លែងអូយ៉ាដាវហ្នឹង ខ្ញុំជិះពីរនាក់កូនវារាងងងឹតៗម៉ោង ៦ អីអ៊ីចឹង។ មានឡានធំនៅពីមុខក៏បើកហ្វា យើងរវល់ចាំងភ្នែក យើងជិះទៅអៀបផ្លូវកៀន ខូចក្រឡាចអាផ្លូវហ្នឹងធ្វើឱ្យយើងដួលពីរនាក់កូន។ អត់បារម្ភពីខ្លួនឯងទេ បារម្ភតែពីកូន យំខ្លាចកូនឈឺ ខ្ញុំក៏តេមកប្ដី ឱ្យប្ដីមកយក។ ប្តីគាត់បារម្ភ សួរថាម៉េចហើយរបួសត្រង់ណាខ្លះ? គាត់បីកូន ហើយជួយលួងកូនអីទៅ។ គាត់ថាបើសិនជាលើកក្រោយទៀតគាត់អត់បណ្តោយឱ្យមកម្នាក់ឯងទៀតទេ គាត់នឹងទៅជាមួយ»។
ស្ត្រីអ្នកព័ត៌មានជនជាតិដើមភាគតិចរូបនេះបានអះអាងថា ការជំនះនឹងឧបសគ្គលំបាកៗដើម្បីទទួលបានចំណេះដឹងហាក់ក្លាយជារូបភាពធម្មតាទៅហើយក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី។ អ្នកស្រីបានថ្លែងរម្លឹកអំពីរឿងរ៉ាវពីអតីតកាលថា ទម្រាំបានរៀនចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអ្នកស្រីតែងជួបរឿងរកាំរកូសជាច្រើនដងជាមួយឪពុកម្តាយ។ ឪពុកអ្នកស្រីបារម្ភជាខ្លាំងអំពីសុវត្ថិភាពកូនស្រីដែលត្រូវធ្វើដំណើរឆ្ងាយផ្ទះរហូត ៩៣គីឡូម៉ែត មករៀននៅវិទ្យាល័យឯទីរួមខេត្ត។ តែដើម្បីកូនមានចំណេះចុងក្រោយពួកគាត់ក៏សម្រេចជួលផ្ទះគេឱ្យស្នាក់នៅ ហើយតម្រូវឱ្យត្រលប់ទៅផ្ទះវិញ តែថ្ងៃសម្រាកចុងសប្តាហ៍ ឬពេលវិស្សមកាលប៉ុណ្ណោះ។
អ្នកស្រី តាម៉ាល បានពន្យល់ថា៖ «កាលរៀននៅអនុវិទ្យាល័យនៅត្រឹមអូរយ៉ាដាវ ត្រឹមស្រុក តែវិទ្យាល័យហ្នឹងនៅភូមិថ្មី បានលុង នៅសាលាហ៊ុនសែនភូមិថ្មីបានលុង។ មួយទៀតខ្ញុំចង់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតចាស់ពីដើមៗមកដែរ។ ចាស់ពីដើមៗមកគាត់គិតថាស្ត្រីវិលចង្ក្រានមិនជុំអ៊ីចឹងទៅណា! វិលតែចង្ក្រានទេ តែស្ត្រីធ្វើអីអត់បានចឹងណា៎»។
ធ្វើជាប្តីដែលតែងផ្តល់នូវការយល់ចិត្ត និងជួយលើកទឹកចិត្តប្រពន្ធជាប្រចាំ លោក សល់ ប៊ុនធាន បានអះអាងថា លោកតែងមានអារម្មណ៍រីករាយ និងមានមោទកភាពណាស់ដែលប្រពន្ធរបស់ខ្លួនអាចមានភាពរឹងមាំអាចប្រកៀកស្មាជាមួយប្តីដឹកនាំគ្រួសារបានល្អ។ លោកថា អាជីពជាអ្នកសារព័ត៌មានបានជួយប្រពន្ធរបស់លោកឱ្យទទួលបានចំណេះដឹងថ្មីៗជាប្រចាំ។ មិនត្រឹមជួយខ្លួនឯង និងគ្រួសារ តែតាមរយៈការងារ ប្រពន្ធរបស់លោកបានក្លាយជាចំណែកសំខាន់មួយ ជួយជម្រុញឱ្យបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងសហគមន៍ទទួលបាននូវដំណោះស្រាយផងដែរ។
លោក ប៊ុនធាន បានបញ្ជាក់បន្ថែមថា៖ «ធ្លាប់មានអារម្មណ៍ចឹងដែរ ភិតភ័យទី១ ការនិយាយស្ដីរបស់គាត់អាចធ្វើឱ្យប៉ះពាល់ ខ្លាចវាមានបញ្ហាដល់គ្រួសារអីអ៊ីចឹង! ទី២ យើងខ្លាចកើតរឿងដែលគាត់ធ្វើដំណើរជិតឆ្ងាយអី។ យើងទុកចិត្តគ្នា! យើងអត់សូវប្រកាន់ទេអារឿងខ្លាចគាត់! ដូចគាត់រឹងមាំពេកចឹង! គាត់មានចំណេះដឹងពេកទៅខ្លាចរាងលើយើងចឹង! អាចជាន់យើង មើលងាយយើងអី! ខ្ញុំអត់ដែលគិតគាត់ចឹងផង។ អាហ្នឹងវាអាស្រ័យលើគាត់! គាត់ស្រលាញ់ខាងហ្នឹង (អ្នកសារព័ត៌មាន) ហើយ! ចឹងក៏ចូលរួមជួយគាំទ្រគាត់ចឹង»។
ប្រហាក់ប្រហែលគ្នានឹងការលើឡើងរបស់លោក សល់ ប៊ុនធាន អ្នកព័ត៌មានស្ម័គ្រចិត្តជនជាតិដើមភាគតិចចារ៉ាយម្នាក់ទៀត លោក ប៉ូយ ភោរ បានអះអាងថា បើគិតរហូតមកដល់បច្ចុប្បន្ននេះ លោកបានបំពេញការងារជាមួយអ្នកស្រី តាម៉ាល ក្នុងសកម្មភាពការងារស្ម័គ្រចិត្តនានា និងនៅវិទ្យុសហគមន៍ជនជាតិដើមភាគតិចចារ៉ាយប្រមាណ ៣ឆ្នាំមកហើយ។ លោកថា តាម៉ាល គឺជាស្ត្រីម្នាក់ដែលមានភាពអំណត់ក្នុងការងារខ្ពស់ មិនត្រឹមធ្វើការងាររាយការណ៍ព័ត៌មានដោយស្ម័គ្រចិត្តគ្មានប្រាក់កម្រៃដើម្បីជួយសហគមន៍ តែពេលខ្លះអ្នកស្រីថែមទាំងធ្វើជាមេក្រុមជួយដឹកនាំការងារបុរសៗផងដែរ។ លោក ភោរ បានបន្ថែមថា សម្រាប់ស្ត្រីជនជាតិដើមភាគតិចដែលរៀបការហើយ នៅអាចរក្សាបុគ្គលិកលក្ខណៈក្លាហាន តស៊ូពុះពារ មានសមត្ថភាពបំពេញការងាររណ្ដំត្រសងជាមួយបុរសបានដូចនាង គឺជារឿងកម្រកើតមានណាស់។
លោក ភោរ បានបន្តថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយណាមួយខ្ញុំមិនដែលឃើញស្ត្រីមានការតស៊ូ។ ភាគច្រើនស្ត្រីជនជាតិដើមភាគតិចយើងនៅពេលដែលគាត់មានប្ដីហើយ គឺគាត់ឈប់ធ្វើសកម្មភាពជាមួយសហគមន៍។ តែនេះគឺ ខ្ញុំឃើញថាគាត់ខុសពីស្ត្រីផ្សេងទៀត ដែលគាត់ទាំងមានប្ដី មានកូនហើយ គាត់នៅស្ម័គ្រចិត្តធ្វើការងារសហគមន៍។ ជួនកាលគាត់ជាអ្នកដឹកនាំក្រុម គាត់ដឹកនាំក្រុមបានល្អ ហើយសម្របសម្រួលក្រុមបានល្អ។ កម្លាំងតស៊ូរបស់ស្ត្រីវាមានប្រសិទ្ធភាពជាងបុរសអីចឹង! នៅពេលដែលបុរសតស៊ូទៅ គេអត់សូវជាខ្លាចទេ។ នៅពេលដែលកម្លាំងតស៊ូរបស់មនុស្សស្រីកើនឡើង គឺវាមានប្រសិទ្ធភាពច្រើនជាង»។
របាយការណ៍មួយចំនួនដែលផ្សព្វផ្សាយដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍបានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានធ្វើការកំណត់យកឆ្នាំ២០២២ ជាទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “តួនាទីរបស់ស្ត្រីជនជាតិដើមភាគតិចក្នុងការអភិរក្ស និងផ្ទេរចំណេះដឹងប្រពៃណី”។ តាមរយៈប្រធានបទនេះ គេបានទទួលស្គាល់ថា ស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងការបន្តវេន ក៏ដូចជាការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ សម្រាប់ប្រទេសកម្ពុជា កម្ពុជាមានជនជាតិដើមភាគតិចរស់នៅប្រមាណពី ២៥ម៉ឺននាក់ ទៅ ៤០ម៉ឺននាក់ ដោយក្នុងចំណោមនោះមានស្ត្រីចំនួនប្រមាណ ៥១ភាគរយ។ បើតាមរបាយការណ៍នេះ ពលរដ្ឋជនជាតិដើមភាគតិចសរុបមានចំនួនស្មើនឹង ២ ទៅ ៣ ប៉ុណ្ណោះនៃចំនួនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិចប្រមាណ ១៥៥ សហគមន៍នៅទូទាំងប្រទេសផងដែរ។
ទាក់ទងនឹងការចាប់អាជីពជាអ្នកសារព័ត៌មានរបស់ស្ត្រីជនជាតិដើមភាគតិចចារ៉ាយរស់នៅក្នុងភូមិឡុំ នាឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី លោក សល់ សឿន ជាមេភូមិបានថ្លែងរៀបរាប់ថា លោកតែងចូលរួមគាំទ្រជានិច្ច ស្ត្រីក្លាហានហ៊ានធ្វើការរាយការណ៍អំពីបញ្ហានានាដែលកើតមាននៅក្នុងសហគមន៍។ បន្ថែមលើនេះ រាល់ពេលមានការប្រជុំប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ លោកមិនភ្លេចទេ និយាយលើកទឹកចិត្តស្ត្រីជាជនជាតិដើមគ្រប់រូបដែលបានធ្វើការងារស្ម័គ្រចិត្ត គិតដល់ប្រយោជន៍រួមជួយដល់សហគមន៍។ លោកសឿនបានថ្លែងបញ្ជាក់ថា ភូមិរបស់លោកមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៤៨៧គ្រួសារ តែជនជាតិដើមភាគតិចមានតែចារ៉ាយតែមួយប៉ុណ្ណោះ ហើយក៏មានស្ត្រីជាជនជាតិដើមភាគតិចតែ ២នាក់ ទេដែលធ្វើការងារស្ម័គ្រចិត្តជាអ្នកសារព័ត៌មាន។
លោក សឿន បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា៖ «ខ្ញុំគាំទ្រតើមានអី! គាំទ្រពួកគាត់ធ្វើតើ! ពួកគេរៀនមែន គេចេះមែន អក្សរក៏ចេះ តែការធ្វើការផ្សព្វផ្សាយអីគាត់មិនសូវចេះប៉ុន្មានដែរ។ ខ្ញុំចង់ឱ្យមានអង្គការអីខ្លះជួយពួកគាត់ផងទៅ ឱ្យពួកគាត់ចេះខ្លាំងជាងហ្នឹងទៀត។ ខាងវិទ្យុគេហ្នឹង គេផ្សព្វផ្សាយព័ត៌មានដូចថា សម្ភាសន៍តាមភូមិអីចឹងទៅណា៎។ មានអី គាត់ផ្សព្វផ្សាយល្អតើ មានអាក្រក់ឯណា?»។
អនុប្រធានការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តរតនគិរី លោកស្រី ធិន សៅអ៊ុន បានមានប្រសាសន៍ថា ស្ត្រីធ្វើការក្នុងវិស័យព័ត៌មាននៅខេត្តរតនគិរីពុំសូវមានចំនួនច្រើនទេ ឯស្ត្រីជនជាតិដើមភាគតិចដែលធ្វើការជាអ្នកសារព័ត៌មានក៏កាន់តែមានតិចថែមទៀត។ បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តរតនគិរីមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣០នាក់ ប៉ុន្តែស្ត្រីមានចំនួនប្រមាណតែ ៤០% ទេ ហើយស្ត្រីដែលបំពេញការងារជាអ្នកអានព័ត៌មានសម្រាប់ជនជាតិដើមភាគតិចក៏មានត្រឹម ២នាក់ ប៉ុណ្ណោះ។ លោកស្រីថា មូលហេតុចម្បងដែលធ្វើឱ្យស្ត្រីជនជាតិដើមពុំអាចចូលរួមធ្វើការក្នុងវិស័យព័ត៌មានបានច្រើន ព្រោះស្ត្រី និងក្មេងស្រីភាគច្រើនទទួលបានការអប់រំតិចតួច។
លោកស្រី សៅអ៊ុន បានពន្យល់ថា៖ «នៅតាមជនបទស្ត្រីដែលជាកុមារី គឺភាគច្រើនគឺគាត់អត់បានទៅរៀនបានឆ្ងាយទេ បានតែអ្នកដែលគាត់ពុះពារព្យាយាម ជំនះពីអ្នកមជ្ឈដ្ឋានខាងក្រៅទើបគាត់បានរៀនខ្ពស់។ ដោយសារតែមានគ្រួសារលឿនពេក អត់មានឱកាសក្នុងការរៀនសូត្រ ហើយមួយទៀតបណ្តាញសង្គមឥលូវវាទូលំទូលាយពេក។ អញ្ចឹងភាគច្រើនក្មេងៗជានារី គឺគាត់តាមដានសង្គម ហើយដល់តែរឿងក្នុងសង្គមពេលខ្លះគាត់មើលទៅ គាត់ភ្លើតភ្លើនទៅតាមហ្នឹងទៅណា៎។ ដល់ពេលអញ្ចឹងធ្វើឱ្យគាត់រៀនអត់បានខ្ពស់។ ហើយបើតាមជនបទវិញ អ្នកដែលនៅទីរួមស្រុកគឺគាត់នៅជិតសាលា តែបើអ្នកនៅតាមជនបទដាច់ស្រយាល គឺនៅឆ្ងាយដូចគ្នា»។
រតនគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងជើងជាប់ប្រទេសឡាវ និងខាងត្បូងជាប់ខេត្តមណ្ឌលគិរី។ ជនជាតិដើមភាគតិចចារ៉ាយ គឺជាជនជាតិដើមភាគតិចមួយ ស្ថិតក្នុងចំណោមជនជាតិដើមសរុបចំនួន ២៤អំបូរ នៅកម្ពុជា។ ផ្អែកតាមទិន្នន័យរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា បានបង្ហាញថា ជនជាតិដើមភាគតិចចារ៉ាយនៅកម្ពុជា មានចំនួនសរុបប្រមាណ ៣ម៉ឺននាក់ (២៥.២៦២)។ ជនជាតិដើមចារ៉ាយ ពុំមានជំនឿលើសាសនាឡើយ ប៉ុន្តែពួកគេរស់នៅមានជំនឿលើអារុក្ខអារក្ខ អ្នកតា ដែលថែរក្សាព្រៃ ភ្នំ ទន្លេ និងពិធីសែនព្រេនជាដើម ។ ឯការរស់នៅ គឺអាស្រ័យផល និងពឹងផ្អែកលើធនធានធម្មជាតិ ការធ្វើកសិកម្មលើដីចំការវិលជុំ ក្រោមរូបភាពជាដីសមូហភាព។ ឯរបាយការណ៍ស្តីពី បញ្ហាប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិច ក្នុងការចូលរួមគ្រប់គ្រងដីធ្លី និងធនធានធានធម្មជាតិនៅកម្ពុជា នាអំឡុងឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក៏បានបង្ហាញដែរថា ស្ត្រីជនជាតិដើមភាគតិចគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ចំពោះការរក្សាតុល្យភាពក្នុងការរស់នៅរបស់សហគមន៍ពួកគេ។ បើតាមរបាយការណ៍ដដែលនេះ លទ្ធផលនៃការស្រាវជ្រាវផ្តោតលើភូមិសរុបចំនួន ១៤ ស្ថិតនៅក្នុងខេត្តចំនួន ៦ រួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ស្ត្រីជនជាតិដើមភាគតិចនៅតែជាតួអង្គដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់ ថែរក្សា និងធ្វើឱ្យរស់ឡើងវិញនូវចំណេះដឹងប្រពៃណី និងការគ្រប់គ្រងដីធ្លី ព្រមទាំងធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ៕
អត្ថបទព័ត៌មាន ផលិតដោយ អ្នកស្រី ឃុន វ៉ាន់ដា និងអ្នកស្រី កាតាក់ សាម៉ាត់
ឧបត្ថម្ភការផលិតដោយ International Media Support (IMS)