en     km
en     km

តាកែវ៖ពលរដ្ឋ ៤ ភូមិប្តឹងទៅអាជ្ញាធរករណីកសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរទឹកកខ្វក់ចូលស្រែបង្កការខូចខាត

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៤ ភូមិស្ថិតឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ សរុប ៥០ គ្រួសារបានប្រមូលស្នាមមេដៃដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយសមរម្យលើទង្វើរបស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលតែងបង្ហូរទឹកកខ្វក់ចូលស្រែរបស់ពលរដ្ឋបណ្តាលឱ្យស្រូវខូចខាតជាច្រើនហិកតា។ ទាក់ករណីនេះ មេឃុំលំពង់បំភ្លឺថា ការបង្ហូរទឹកចេញពីកន្លែងចិញ្ចឹមជ្រូកនេះ ពុំបានបង្កបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ តែយ៉ាងណាអាជ្ញាធរឃុំបានចេញលិខិតកោះប្រជុំជាមួយភាគីពាក់ព័ន្ធរកដំណោះស្រាយរឿងនេះឆាប់ៗ។

រយៈពេលជាងបួនឆ្នាំមកហើយ ដែលកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងមានម្ចាស់ឈ្មោះ សូ សែង ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានបង្ហូរទឹកកខ្វក់ចេញពីលាមកជ្រូកក្នុងកសិដ្ឋាន ចូលមកក្នុងស្រែរបស់ប្រជាពលរដ្ឋដែលកំពុងដាំដុះ បណ្តាលឱ្យរងការខូតខាតជាច្រើនហិកតា។ ក៏ប៉ុន្តែកន្លងមកនេះ ភាគីខាងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកក៏ធ្លាប់ចូលរួមដោះស្រាយដោយផ្តល់សំណងជូនម្ចាស់ស្រែរងគ្រោះផងដែរ តែពួកគេអះអាងថា សំណងនោះតិចតួច ហើយអ្វីដែលពលរដ្ឋចង់បានពិតប្រាដកនោះ ត្រូវធានាថា ការបង្ហូរទឹកចេញពីកសិដ្ឋានមិនផ្តល់ផលប៉ះពាល់ដល់ស្រែប្រជាពលរដ្ឋ។

នេះជាការអះអាងរបស់ប្រជាពលរដ្ឋរងគ្រោះដែលវិទ្យុស្រ្តីបានសម្ភាសន៍នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សកម្មភាពប្រជាពលរដ្ឋរងគ្រោះថតវីដេអូត្រៀមផ្សព្វផ្សាយលើបណ្តាញសង្គមដើម្បីរកកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធ។រូបភាពពីពលរដ្ឋ។

លោក សាំង សារី ពលរដ្ឋមួយរូបរស់នៅភូមិពានមាសខាងលិច ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ប្រាប់វិទ្យុស្រ្តីថា ស្រែរបស់លោកជាង ៥០អា ត្រូវដួលរាប ខូចខាតស្ទើរទាំងស្រុងបន្ទាប់ពីទឹកកខ្វក់ ទឹកលាមកជ្រូករបស់កសិដ្ឋានចិញ្ចឹមជ្រូកខាងលើ បង្ហូរចូលស្រែរបស់កសិករ។ លោកថា ទឹកកខ្វក់នេះទោះបីជាពុំសូវមានក្លិនស្អុយក៏ដោយ តែសភាពសថ្លារបស់ទឹកនេះបានធ្វើឱ្យស្រូវរលួយដួល ហើយក៏បង្កបញ្ហារមាស់លើស្បែកផងដែរ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរនេះ គឺបំណងដើម្បីភាគីម្ចាស់កសិដ្ឋានទទួលខុសត្រូវលើដំណាំស្រូវដែលខូចខាត និងរកមធ្យោបាយសមរម្យដោយធានាថា ការបញ្ចេញទឹកកខ្វក់នេះមិនបង្កផលប៉ះពាល់ដល់ស្រូវ។

លោក សាំង សារី៖«កាកសំណល់ហ្នឹងហូរមកធ្វើឱ្យរម៉ាស ធ្វើឱ្យរលួយស្រូវអស់ទៅណា ហើយបើបានជាផលវិញ យើងដាំបាយទៅបើកគម្របឆ្នាំងដំបូងហ្នឹងគឺមានក្លិនស្អុយហ្មង អត់ដូចបាយយើងធម្មតាទេ បើបាយធម្មតាឆ្អិនបើកមកក្លិនប្រហើរ តែអានេះបើកមកក្លិនផ្អួរ ក្លិនស្អុយៗ»។

សភាពស្រូវរបស់ប្រជាពលរដ្ឋដែលរងការលិចលង់ដោយទឹកកខ្វក់ពីកសិដ្ឋានចិញ្ចឹមជ្រូកដែលចាប់ផ្តើមរលួយគល់បណ្តើរៗរូបភាពពីពលរដ្ឋ។

រីឯគ្រូបង្រៀននៅអនុវិទ្យាល័យ សុខ អាន ចំបក់បិទមាស មួយរូបដែលមានស្រែរងការខូចខាតដែលនោះ គឺលោក សៅ ប៊ុនសុខ និយាយថា បញ្ហានេះបានកើតឡើងរាំរ៉ៃជាង ៤ ឆ្នាំមកហើយ ដោយភាគីខាងអ្នកចិញ្ចឹមជ្រូកធ្លាប់សងសំណងដល់ម្ចាស់ស្រែខ្លះផងដែរ តែសំណងនោះមិនឆ្លើយតបនឹងផលប៉ះពាល់នោះឡើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋបានសហការគ្នាប្តេជ្ញាថា ករណីពុំមានដំណោះស្រាយនៅឆ្នាំនេះនោះទេ នោះប្រជាពលរដ្ឋសម្រេចមិនច្រូតស្រូវជាដាច់ ដ្បិតស្រូវដែលបានផលក៏មិនអាចយកមកទទួលទានបានដែល ព្រោះមានសភាពផុស ក្លិនស្អុយ ខុសប្រក្រតី។

លោក សៅ ប៊ុនសុខ៖«គាត់ឱ្យមេប៉ុស្តិ៍មកនិយាយ ថាកុំបាច់លាយវីដេអូអី ចាំគេដោះស្រាយសងការខូចខាត១០០% និងឆ្នាំក្រោយគេជីកជាប្រព័ន្ធប្រឡាយមកឱ្យមានទឹកហូរទៀតទេ។យ៉ាងណាឆ្នាំនេះ បើអត់មានដំណោះស្រាយខ្ញុំអត់ឱ្យច្រូតទេ យើងរួមមតិគ្នាថាអត់ច្រូតទេគឺរងចាំដំណោះស្រាយហើយឥឡូវនេះស្រូវវាដេកអស់ហើយ ព្រោះវាអត់ទុំសោះ វាខ្ចី »។

សភាពស្រូវរបស់ប្រជាពលរដ្ឋដែលរងការលិចលង់ដោយទឹកកខ្វក់ពីកសិដ្ឋានចិញ្ចឹមជ្រូកដែលចាប់ផ្តើមរលួយគល់បណ្តើរៗរូបភាពពីពលរដ្ឋ។

ជុំវិញរឿងនេះ លោក ឆេ សយ មេឃុំលំពង់ បំភ្លឺថា លោកធ្លាប់រាយការណ៍ទៅថ្នាក់ស្រុករួចហើយ ហើយកន្លងមកក៏មានមន្រ្តីជំនាញមកពិនិត្យកាកសំណល់នោះផងដែរ តែពុំរកឃើញបញ្ហាអ្វីធំដុំនោះទេ។ ចំណែកឯបញ្ហាស្រូវខូចនិងសំណូមពររបស់ពលរដ្ឋរងគ្រោះ រដ្ឋបាលឃុំបានកោះអញ្ជើញមកប្រជុំរកដំណោះស្រាយឆាប់ៗនេះ។

លោក ឆេ សយ៖«ឥឡូវយើងល្ងាចនេះ យើងហៅមកដោះស្រាយ គឺយើងហៅគាត់មកសង់អាខូចលើកទី២នេះសិន ហើយស្រូវវាមួយឆ្នាំផលដែលម្តងទេ បើយើងដោះស្រាយពីរដងវាខុសនិងនីតិក្រម»

លិខិតបណ្តឹងរបស់ពលរដ្ឋនិងលិខិតរបស់ឃុំផ្ញើទៅស្រុកដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាខាងលើ។រូបភាពពីពលរដ្ឋ។

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គ្រួសាររងគ្រោះខាងលើទាំង៤ ភូមិមានភូមិពានមាសខាងលិច ភូមិពានមាសខាងកើត ភូមិកណ្តាល និងភូមិថ្មសរ សរុបមានចំនួន៥០គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋបាលឃុំ លំពង់ ឱ្យជួយដោះស្រាយករណីកសិដ្ឋានចញ្ចឹមជ្រូកមានម្ចាស់ឈ្មោះ សូ សែង បង្ហូរទឹកនិងកាកសំណល់លាមកជ្រូកចូលស្រែធ្វើឱ្យស្រូវខូតខាត។ មួយបន្ទាប់រដ្ឋបាលឃុំលំពង់ក៏ដាក់លិខិតទៅកាន់រដ្ឋបាលស្រុកចុះពិនិត្យមើលស្ថានភាពបរិស្ថាននៅទីតាំងកើតហេតុ និងរកដំណោះស្រាយលើបញ្ហានេះ។

យ៉ាងណាផ្អែកតាមលិខិតបំភ្លឺពីរដ្ឋបាលឃុំលំពង់បានបញ្ជាក់ថា ការបង្ហូរទឹកក្បែរកសិដ្ឋានជ្រូកខាងលើ គ្មានក្លិនស្អុយ ទឹកមានសភាពសថ្លា ចំណែកអាងស្តុកលាមកជ្រូកក៏គ្មានហូរទឹកចេញដែលនាំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនោះទេ។ រីឯស្រូវរបស់ប្រជាពលរដ្ឋក៏មិនខូចខាតអ្វីនោះដែរ៕

Share

ព័ត៌មានទាក់ទង