សាលាដំបូងខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី៩ ខែធ្នូនេះ ប្រកាសសាលក្រមឱ្យលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA ឱ្យជាប់ពន្ធនាគាររយៈ ១៨ខែ ពីបទ «ឆបោក» និងបទ «ធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។ យ៉ាងណាថ្នាក់ដឹកនាំសមាគមនេះ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការសម្រេចនេះជារឿងអយុត្តិធម៌ និងប៉ះពាល់ទៅដល់សំឡេងសហជីពដែលធ្វើការដើម្បីកម្មករក្រៅប្រព័ន្ធ។ កញ្ញា ជា សុខនី រាយការណ៍
ថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA ដែលត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីពាក់កណ្ដាលឆ្នាំ២០២៤ អំឡុងពេលចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តស្វាយរៀង ពេលនេះត្រូវបានតុលាការថ្នាក់ខេត្ត កាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ«ឆបោក» និងបទ «ធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។
សាលក្រមសម្រេចផ្តន្ទាទោសនេះ ប្រកាសក្រោយពីសាលាដំបូងខេត្តស្វាយរៀង បើកសវនាការជំនុំជម្រះក្ដីលើករណីលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ។ គិតមកដល់ពេលលោក ចាន់ថា ជាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង បានជិត ៥ខែហើយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែធ្នូថា សាលាដំបូងខេត្តស្វាយរៀង ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ជា ចាន់ថា ជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទ «ឆបោក» និងបទ «ធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។ ការសម្រេចរបស់សាលាដំបូងនេះ លោកថា ពិតជាអយុត្តិធម៌សម្រាប់លោក ជា ចាន់ថា និងគ្រួសារ ពីព្រោះសកម្មភាពរបស់លោក ចាន់ថា មិនបានប្រព្រឹត្តជាអំពើឆបោកឡើយ ប៉ុន្តែគ្រាន់តែជាសកម្មភាពចុះផ្សព្វផ្សាយពីបេឡាជាតិរបបសន្តិសុខសង្គម និងចុះចងក្រងសមាជិកសមាគម IDEA ប៉ុណ្ណោះ។
លោក វន់ ពៅ ប្រធានសមាគម IDEA។
លោក វន់ ពៅ៖ «ការផ្ដន្ទាទោសនេះខ្ញុំមើលឃើញថាវាមិនយុត្តិធម៌ទេសម្រាប់លោក ជា ចាន់ថា ដោយគាត់គ្រាន់តែបំពេញកាតព្វកិច្ចការងារក្នុងនាមជាសហជីព ជាសមាគមក្នុងការចុះចងក្រងកម្មករបែរជាត្រូវបានតុលាការផ្តន្ទាទោសដាក់ទោសទណ្ឌបែបនេះ វាជារឿងអយុត្តិធម៌សម្រាប់អ្នកធ្វើការសហជីព ហើយចំណុចមួយទៀត វាធ្វើឱ្យប៉ះពាល់ទៅដល់សំឡេងរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងមូល ទាក់ទងនឹងការរឹតត្បិតនៃការចុះចងក្រងនៃការធ្វើសកម្មភាពក្នុងនាមជាសហជីពសមាគមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ហើយមួយទៀត វាប៉ះពាល់រួមសម្រាប់ IDEA ទាំងមូល គឺធ្វើឱ្យយើងបាត់បង់ថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ដែលគាត់បានបំពេញការងារយ៉ាងសកម្ម បែរជាគេដាក់ទណ្ឌ ហើយអាប៉ះពាល់សំខាន់មួយទៀត គឺជីវភាពគ្រួសារគាត់ទាំងមូលតែម្ដង ព្រោះជា ចាន់ថា ជាមេបង្គោលនៃគ្រួសាររបស់គាត់»។
បើតាមលោក វន់ ពៅ សាលក្រមផ្តន្ទាទោសនេះ លោក ចាន់ថា នឹងត្រូវអនុវត្តទោសចាប់ពីថ្ងៃឃុំខ្លួន រហូតដល់គ្រប់ ១៨ខែ។ ទោះបីមានសាលាក្រមផ្តន្ទាទោសក៏ពិតមែន ប៉ុន្តែលោកថា ក្នុងនាមជាថ្នាក់ដឹកនាំសមាគម IDEA នឹងជជែកជាមួយក្រុមគ្រួសារលោក ចាន់ថា និងមេធាវី ដើម្បីបន្តនីតិវីធីប្ដឹងជំទាស់សាលក្រមនេះទៅសាលាឧទ្ធរណ៍ខេត្តស្វាយរៀង ក្នុងការទាមទារយុត្តិធម៌ជូនលោក ជា ចាន់ថា។
លោក វន់ ពៅ៖ «សូមអំពាវនាវទៅដល់ប្រមុខរដ្ឋាភិបាលសូមលោកជួយអន្តរាគមន៍ ទៅតុលាការខេត្តស្វាយរៀង ទៅតុលាខេត្តស្វាយរៀង ទៅអាជ្ញាធរខេត្តស្វាយរៀង សូមឱ្យមានការដោះលែង ជា ចាន់ថា ឱ្យមានសេរីភាពវិញ ហើយសូមឱ្យតុលាការពិចារណាឡើងវិញលើការដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងមកវិញ»។
ក្រៅពីលោក ជា ចាន់ថា ជាប់ឃុំខ្លួនដោយសារការបំពេញការងាររបស់លោក ក្នុងនោះក៏មានសហជីពផ្សេងទៀតជាប់ឃុំខ្លួនដែរ រួមមាន៖ លោក ម៉ម រិទ្ធី មេសហជីពវិស័យទេសចរណ៍ កញ្ញា ឈឹម ស៊ីថរ មេសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ក៏ជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែពេលនេះកញ្ញាមានសេរីភាពវិញ បន្ទាប់ពីអនុវត្តទោសរួចរាល់។
លោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA។
ជុំវិញរឿងនេះ លោក នុត បូពិណ្ណារ័ត្ន មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តស្វាយរៀង បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា តាមការឃ្លាំមើលចូលរួមស្ដាប់សវនាការលោក ចាន់ថា កន្លងមក សកម្មភាពរបស់លោក ចាន់ថា គឺមិនអាចជាបទល្មើសបានឡើយ ព្រោះលោកគ្រាន់តែចុះផ្សព្វផ្សាយពី ប.ស.ស ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចុះចងក្រងសមាជិកសមាគម IDEA ប៉ុណ្ណោះ។ សកម្មភាពរបស់លោក ចាន់ថា ដែលរងការចោទប្រកាន់នេះ លោកថា ជាផ្នែកមួយចូលរួមចំណែកជួយដល់សង្គម និងជួយដល់ការងាររាជរដ្ឋាភិបាលផងដែរ។
លោក នុត បូពិណ្ណារ័ត្ន៖ «បើសង្កេតមើលទៅបើជនជាប់ចោទហ្នឹងមិនពាក់ព័ន្ធជាមួយខាង IDEA ហ្នឹងទេ ក៏មិនមានបទល្មើសអីដែរបើយើងគិត បើយើងមើលទៅតាមអង្គហេតុដែលមេធាវីហ្នឹងការពារហ្នឹង។ ក្នុងនាមខ្ញុំជាសង្គមស៊ីវិលដែលចុះឃ្លាំមើលហ្នឹង ការសម្រេចទោសគាត់ ១៨ខែហ្នឹង ធ្វើឱ្យប៉ះពាល់ដល់ជីវិតគ្រួសាររបស់គាត់ ហើយយើងមើលកាលជួបគាត់ ស្ថានភាពគាត់ក្នុងពន្ធនាគារ មនុស្សដែលមិនបានធ្វើអីខុសបែរត្រូវបានជាប់គុកអ៊ីចឹងគឺឈឺចាប់ មានភាពឈឺចាប់ គាត់គិតច្រើនណាស់ បើយើងមើលស្ថានភាពគាត់»។
ទោះបីបន្តនីតិវិធីប្ដឹងទៅឧទ្ធរណ៍ក្ដី តែលោកមិនសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទទាំងអស់នោះ និងដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញឡើយ ពីព្រោះក្រៅពីលោក ចាន់ថា ក៏មានសហជីពផ្សេងទៀត បន្តជាប់ឃុំខ្លួនរហូតដល់ការអនុវត្តទោសចប់។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក សូ ធីដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ជាច្រើនដង ប៉ុន្តែមកដល់រសៀលនេះមិនទាន់មានការឆ្លើយតបពីលោកឡើយ។
ចំណែក លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មកដល់រសៀលនេះ ក៏មិនមានការឆ្លើយតបពីលោកដែរ។ ប៉ុន្តែលោក អ៊ិចគង់ ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីកន្លងមកថា បទចោទដែលតុលាការ សម្រេចលើករណីលោក ជា ចាន់ថានេះ គឺផ្អែកលើរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ និងតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋ ដែលភស្ដុតាងទាំងនោះ បង្ហាញថាលោក ចាន់ថា បានប្រមូលលុយពីប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប និងជាអ្នករត់កង់បី នៅក្រុងបាវិត ក្រោមលេសចុះទៅធ្វើសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់លើកឡើងពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃទី៨ ខែធ្នូថា រាជរដ្ឋាភិបាល កំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ លោកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦,៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៦,១៥៧ និងសមាគមនិយោជកមានចំនួន ១២។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។
លោក ហេង សួរ៖ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម គឺជាចក្ខុវិស័យរួមមួយដែលរាជរដ្ឋាភិបាលបានគិតគូរ បាននិយាយ ហើយបានចងក្រងជាលិខិតបទដ្ឋានគតិយុត្តជាហូរហែររួចមកហើយ។ ហើយជាពិសេសបងប្អូនយើងទាំងអស់គ្នា មិនទាន់ភ្លេចទេថា កាលពីអំឡុងកូវីដកន្លងទៅនេះ តើបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានការគាំពារយ៉ាងដូចម្ដេច? ទាំងការផ្ដល់វ៉ាក់សាំង ទាំងការជួយគាំទ្រទៅដល់គ្រួសារក្រីក្រី ក៏ដូចជាការផ្ដល់ស្បៀងកន្លែងបិទផ្ទប់ នេះហើយជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម»។
លោក ជា ចាន់ថា ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។ បន្ទាប់ពីការឃាត់ខ្លួនហើយ តុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី