en     km
en     km

រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសឱ្យប្រជាពលរដ្ឋរុះរើផ្ទាំងប៉ាណូនិងស្លាកពាណិជ្ជកម្មគ្រឿងស្រវឹង

Share

កម្មករ​​ដក​ផ្ទាំង​ប៉ាណូ​គ្រឿង​ស្រវឹង​ចេញ​ពី​មុខ​ហាង​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ប្រភពរូបភាពពី រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ

រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៧ ខែកក្កដានេះ បានចេញសេចក្ដីប្រកាសឱ្យប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មដែលរស់នៅក្នុងទីតាំងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវរុះរើផ្ទាំងប៉ាណូនិងស្លាកមផ្សព្វផ្សាយគ្រឿងចេញ ដើម្បីកែលម្អសោភ័ណភាពខេត្តឱ្យមានភាពល្អប្រសើរជាងមុន។

ការប្រកាសនេះក្រោយរដ្ឋបាលខេត្តមើលឃើញថា កន្លងមកមានការតម្លើងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមទីតាំងមួយចំនួនដោយគ្មានច្បាប់អនុញ្ញាត និងខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោម ដាច់ធ្លាក់នាំឱ្យប៉ះពាល់សោភ័ណភាព សេចក្ដីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ។

រូបភាពឯកសារ៖ ស្លាកស្រាបៀ នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ។ WMC

សម្រាប់ទីតាំងដែលរដ្ឋបាលខេត្តកំណត់ត្រូវរុះរើរួមមាន នៅមុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្បែររង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ លើកំណាត់ផ្លូវលេខ ៦៤។ មួយទៀតត្រូវរុះរើផ្ទាំងប៉ាណូនៅជាប់ជញ្ជាំងអគារ និងលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាពឬគ្មានច្បាប់អនុញ្ញាត ឬដាច់រហែក ចាស់ពុកផុយ ទ្រុឌទ្រោម។ និងត្រូវហាមឃាត់រាល់ការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំងរូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ក្រោយការរុះរើ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យកែសម្រួលមកផ្សព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិនានាក្នុងខេត្តជំនួសវិញ។

សម្រាប់សេចក្តីប្រកាសនេះរដ្ឋបាលខេត្តស្ទឹងត្រែង ទុករយៈពេល៣០ថ្ងៃ ដល់អ្នកពាក់ព័ន្ធត្រូវចូលរួមសហការតាមសេចក្តីសម្រេចខាងលើ ករណីមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិជាយថាហេតុនោះឡើយ៕

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង