គិតមកដល់ពេលនេះ ផ្ទៃដៃបឹងតាមោកត្រូវបានកាត់ចំនួន៧៤លើកមកហើយ ឱ្យទៅវិស័យឯកជនកាន់កាប់ជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ ដែលគិតជាទំហំមានដល់ទៅ ២៣៦៩,៨៩ហិចតា ខណៈផ្ទៃដីសរុបមាន៣ ២៣៩,៧ ហិកតា។ យ៉ាងណាផ្ទៃដីដែលកំណត់សម្រាប់រក្សាទុកមានចំនួន២១៤០ ហិចតា។ នេះបើតាមសមាគមធាងត្នោត។ ការកាត់ផ្ទៃដីជាង២ពាក់ហិចតានេះត្រូវបានសមាគមលើកឡើងថា ដីបឹងតាមោកត្រូវបានកាត់លើសពីទំហំដែលត្រូវរក្សាទុក។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
អង្គការសមាគមធាងត្នោតបានឱ្យដឹងថា បច្ចុប្បន្ននេះផ្ទៃដីបឹងតាមោកត្រូវបានកាត់លើសពីទំហំដែលត្រូវរក្សាទុក បន្ទាប់ពីរដ្ឋកាត់ឱ្យក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋចំនួន៧៤លើក។ បើគិតត្រឹម ខែកក្កដា ឆ្នាំ២០២៣ សមាគមធាងត្នោតអះអាងថា ផ្ទៃដីបឹងតាមោកសរុបត្រូវបាន កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យបុគ្គលឯកជន និងស្ថាប័ននានា ជាបន្តបន្ទាប់សរុបចំនួន៧០លើក ដែលមានផ្ទៃសរុបចំនួន ២ ៣៦៩,៨៩១៣ ហិកតា។ ចំនួននេះ សមាគមបញ្ជាក់ថា គឺខុសពីប្លង់គោលដែលត្រូវរក្សាទុក និងបានធ្វើឱ្យផ្ទៃបឹងតាមោកស្ទើរនឹងបាត់បង់។
ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ផ្ទៃបឹងតាមោកដែលត្រូវរក្សាទុក មាន ប្រមាណ២ ១៤០ហិកតា។ យ៉ាងណាកាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ចុងសប្ដាហ៍មុន សមាគមធាងត្នោតទើបរកឃើញរបាយការណ៍ថ្មីមួយទៀត ស្ដីពីការកាត់ផ្ទៃបឹងតាមោកចំនួន ១០ ហិកតាបន្ថែមទៀត ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ជូនក្រុមហ៊ុន រ៉ូយ៉ាល គ្រុប របស់លោក គិត ម៉េង ។ យោងតាមសេចក្ដីសម្រេចប្រគល់ដីនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ផ្ដល់ការសម្រេចដោយសម្ដេច ហ៊ុន សែន កាលជានាយករដ្ឋមន្ដ្រី។
ប្រភពដដែលលើកឡើងថា នេះគឺជាការកាត់ផ្ទៃដីបឹងលើកទី៧៤ ដែលធ្វើឱ្យផ្ទៃបឹងសរុបដែលបានកាត់ កើនឡើងដល់ ២ ៣៩៧, ៥០៥២ ហិកតា ឬស្មើ ៧៤% នៃផ្ទៃបឹងទាំងមូល។ ក្រៅពីរដ្ឋប្រគល់ឱ្យវិស័យឯកជនកាន់កាប់ បឹងនេះក៏ត្រូវបានចាក់ដីប្រគល់ឱ្យក្រសួងស្ថាប័នរដ្ឋនានា ធ្វើជាទីតាំងមូលដ្ឋាន។ ក្នុងនោះមានដូចជា អគ្គនាយកដ្ឋានកងយោពលខេមរភូមិន្ទ សាលារាជធានីភ្នំពេញធ្វើជាសួន និងឧទ្យានធម្មជាតិសាធារណៈ ប្រគល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងក្រសួងអភិវឌ្ឍជនបទសម្រាប់សង់ទីស្នាក់ការថ្មី។ លើសពីនេះ បឹងតាមោកត្រូវបានទុកសម្រាប់បង្កើតជាផ្សារដើមគរ ដែលជាទីផ្សារបន្លែថ្មីជំនួសឲ្យទីតាំងចាស់ផងដែរ។
ទាក់ទិនរឿងនេះ វិទ្យុស្ដ្រីបានទាក់ទងលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាបើការបំភ្លឺបន្ថែម តែលោកបង្វែរសំណួរទៅកាន់សាលារាជធានីភ្នំពេញវិញ ដោយលោកថា ស្ថាប័នមួយនេះជាអ្នកគ្រប់គ្រងធ្វើការលើរឿងបឹងតាមោក។ យ៉ាងណា លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាសារាជធានីភ្នំពេញមិនទាន់ឆ្លើយសំណួរអ្នកសារព័ត៌មានដែរ នៅព្រឹកថ្ងៃនេះនេះ។
បើតាមច្បាប់ភូមិបាល និងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពុំអាចជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ។
ការប្រើប្រាស់អនុក្រឹត្យ ដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋ និងប្រគល់ឱ្យឯកជននិងស្ថាប័ននានា ហាក់ដូចជាស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ កង្វះតម្លាភាព និងមិនបានផ្តល់ហេតុផលឱ្យសាធារណៈជនបានដឹងឡើយ ។ នេះបើតាមការលើកឡើងរបស់សមាគមធាងត្នោត។
នៅឆ្នាំ២០១៦ បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០ អនក្រ.បក កំណត់ផ្ទៃបឹងទំហំសរុបចំនួន ៣ ២៣៩,៧ ហិកតា ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន២៥៕