en     km
en     km

ភាគីពាក់ព័ន្ធលើកបញ្ហាប្រឈមក្នុងសង្គមចំនួន៤  រួមគ្នារកដំណោះស្រាយ

Share

ភ្នំពេញ៖ បញ្ហាប្រឈមចំនួន៤ ទាក់ទង នឹងសុខាភិបាល ចំណីអាហារ អាកាសធាតុ និងសេដ្ឋកិច្ច ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា លើកយកមកពិភាក្សាស្វែងរកលទ្ធភាពនៃការចូលរួមពីអង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រសួងនានា អង្គការ ឬដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើសហការកិច្ចការស្រាវជ្រាវរួមគ្នា លើចំណុចណាមួយ ដើម្បីរកដំណោះស្រាយលើបញ្ហាប្រឈមទាំងនោះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

លោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម នៃរាជបណ្ឌិត្យ សភាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសង្គមប្រឈមនឹង បញ្ហាច្របូកច្របល់ មានច្រើនទី១ ពាក់ព័ន្ធនឹងកត្តាធនធានមនុស្ស ​ទី២បញ្ហាអេពីដេមីសាស្រ្ត និងទី៣បញ្ហាសង្គម។

លោកបណ្ឌិតនុត សម្បត្តិ៖ « ទី១ធនធានមនុស្សយើងនៅមានការខ្វះខាត​​ ទី២យើងឃើញបញ្ហាអាត្រាប្រើប្រាស់ គ្រឿងញៀន ប្រើប្រាស់បារីអេឡិចត្រូនិក ការប្រើប្រាស់ជាតិស្រវឹង ការប្រើភេសជ្ជៈដែលមានជាតិផ្អែមលើសកំណត់ សុទ្ធតែជារឿងបំផ្លាញសង្គមទៅអនាគត ដែលយើងត្រូវតែចាប់អារម្មណ៍ពីពេលនេះតទៅ!»។  

លោកលើកឡើងបែបនេះ ក្នុងពេលដែលតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលជាន់ខ្ពស់ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានមកជួបជុំគ្នានៅ រាជបណ្ឌិត្យសភាកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនៃកិច្ចសហការគ្នាស្វែងរកដំណោះស្រាយលើបញ្ហា៤សំខាន់ៗដែលកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះលើបញ្ហាសុខភាព ចំណីអាហារ អាកាសធាតុ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោកបណ្ឌិតបានលើកឡើង អំពីបញ្ហាប្រឈមក្នុងចំណោមយុវវ័យ របស់កម្ពុជាដែលមានអាយុពី១៥ ឆ្នាំទៅ១៦ឆ្នាំ ទទួលឥទ្ធិពលពីការប្រើប្រាស់បារីអេឡិចត្រូនិកច្រើន តើសុខភាពរបស់ពួកគេនឹងទៅជាយ៉ាងណានៅពេលអនាគត ហើយប្រទេសជាតិយើង នឹងទៅជាយ៉ាងណា?  លោកថា បញ្ហាដែលបានលើកឡើងនេះគ្រាន់តែជាគំនិត ដែលមើលឃើញដើម្បីឱ្យភាគីពាក់ព័ន្ធ មកពីគ្រប់ស្ថាប័នទាំងអស់រួមគ្នា ដើម្បីស្វែងរកដំណោះស្រាយនូវផ្នែកណាមួយ ក្នុងកិច្ចសហការគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិ។

ដោយឡែកពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដែលមនុស្សបរិភោគជាប្រចាំរាល់ថ្ងៃនោះ លោកស្រីបណ្ឌិត​ ចេក សុថា អនុប្រធានវិទ្យាស្ថាននិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថាការប្រឈមរាល់ថ្ងៃ ទាក់ទងចំណីអាហារនេះគឺការប្រើប្រាស់សារធាតុបន្ថែមមិនអនុញ្ញាត ហើយលើសកម្រិត ដែលប៉ះពាល់ដល់សុខភាព ។

លោកស្រីបណ្ឌិត ចេក សុថា ៖ « គឺយើងឃើញថា ការប្រើប្រាស់សារធាតុបន្ថែមដែល ប៉ះពាល់សុខភាពមកដល់ថ្ងៃនេះនៅតែមាន ការរកឃើញបូរ៉ាក់ដាក់នៅក្នុង មិក សាច់ប្រហិត សាច់ត្រី គុយទាវ លត និងរហូតឥឡូវនេះមានបូរ៉ាក់ដាក់នៅក្នុងតៅហូទៀត»។

បន្ថែមពីលើការសិក្សាស្រាវជ្រាវនេះរកឃើញបន្ថែមលើ ការប្រើប្រាស់ម្សៅស ហួសកម្រិតដែលប្រឈមនឹងជំងឺតម្រងនោម  ម្សៅសនេះមានដាក់នៅក្នុងខ្ញី ត្រយូងចេក សណ្តែកបណ្តុះ ស្លឹកគ្រៃ ប្រហុក ស្ករត្នោត អំពិល ជាដើម។

លោកស្រីបណ្ឌិត បានបញ្ជាក់បន្ថែមថា បើធៀបជាមួយប្រទេសជឿនលឿន ទាក់ទងនឹងអាហារគេញ៉ាំដើម្បីសុខភាព តែប្រទេសកម្ពុជានៅមានកម្រិតអ្នកដែលមិនសូវមានធនធាន បរិភោគធ្វើយ៉ាងម៉េចឱ្យឆ្អែត តែសម្រាប់អ្នកមានធនធានវិញគេគិតអំពីសុខភាពមុននឹងបរិភោគ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យដឹងថាបញ្ហាដែលបានលើកយកមកបង្ហាញដោយវាគ្មិនជំនាញ បញ្ហាគីមីម្ហូបអាហារ និងបញ្ហាសុខភាព ជាដើមទាំងនេះមិនមែនជាករណីសម្រាប់តែកម្ពុជាទេ តែវាជាវិបត្តិសកលតែម្តង។​

លោកបណ្ឌិត យង់ ពៅ ៖ « អ៊ីចឹងក្នុងនាមជាស្ថាប័នសិក្សាជាន់ខ្ពស់ របស់ជាតិ ជាស្ថាប័នបញ្ញាវ័ន្តជាន់ខ្ពស់ យើងត្រូវយកបញ្ហាទាំងអស់នេះ ហើយកៀងគរដៃគូមកគិត​ពិភាក្សារួមគ្នា យើងអាចពិនិត្យមើលលទ្ធភាពថាតើយើងអាចធ្វើរួមគ្នាអ្វីបាន»។  ​​

សូមជម្រាបជូនផងដែរ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពី«រាជបណ្ឌិត្យសភាកម្ពុជានិងលទ្ធភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយដៃគូលើវិស័យវប្បធម៌  វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសន្តិសុខស្បៀង សុខភាពតែមួយ សុវត្ថិភាពម្ហូបអាហារ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច»កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕

 

Share

ព័ត៌មានទាក់ទង