ភ្នំពេញ៖ តាមការគ្រោងទុកនៅក្នុងខែមេសាឆាប់ៗនេះ ក្រុមការងារជំនាញនៃគម្រោងសាងសង់ព្រែកជីកហ្វូណននឹងអាចបញ្ចប់ការផលិតផែនទីលម្អិតនៃគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈការប្រើប្រាស់ឧបករណ៍ដ្រូន eBee X។ ដោយឡែកការដោះស្រាយសំណងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋវិញក៏កំពុងដំណើរការ គ្មានបាតុភាពតវ៉ាធំដុំនោះទេ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកដ៏ធំ និងជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ខណៈគម្រោងនេះត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ បើទោះបីជាគម្រោងព្រែកជីកហ្វូណនតេជោដែលតម្លៃ១,៧ពាន់លាន ធ្លាប់ត្រូវបានសារព័ត៌មានមួយចំនួនរាយការណ៍កាលកន្លងទៅថា អាចមានភាពអាក់រអួលដោយសារចិនលែងគាំទ្រក្តី តែសម្រាប់អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន ប្រាប់វិទ្យុស្រ្តីថា ដំណើរការបាននិងកំពុងប្រព្រឹត្តិទៅជាធម្មតាតាមការគម្រោងទុក។
ផែនទីបង្ហាញផ្លូវនៃគម្រោងព្រែកជីកហ្វូណន។រូបភាពពីក្រសួងសាធារណការ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមីនានេះ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះផលិតផែនទីភូមិសាស្រ្ត 3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X ។ លោកថា ដ្រូន eBee X នេះ ជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទើបត្រូវបានបំពាក់បន្ថែមសម្រាប់កិច្ចការចុះកំណត់និយាមកាបោះ បង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកសម្រាប់កំណាត់ទី២ ដើម្បីធានាថា កិច្ចការកំណត់និយាមការ និងផលិតផែនទីលម្អិតនឹងបញ្ចប់ឱ្យបានរួចរាល់នៅត្រឹមខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់បច្ចុប្បន្នភាពចុងក្រោយនៃការងារព្រែកជីកហ្វូណននេះ អ្នកនាំពាក្យឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការ ងារអន្តរក្រសួង និងតំណាងក្រុមហ៊ុន SPC1 បានចុះពិនិត្យអាងទឹកយុវជន ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីកំណត់ទីតាំងសម្រាប់បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១ គីឡូម៉ែត្រ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ។រូបភាពពីតេលេក្រាមរបស់លោក ផង រឹម។
ដោយឡែកនៅថ្ងៃទីនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះដែល ក្រុមការងារក្រសួងសាធារណការ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យឧបករណ៍បច្ចេកទេសបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅលើគោក និងក្រោមទឹករបស់ CMAC ក្នុងភូមិសាស្ត្រព្រែកតាកែវ ខេត្តកណ្ដាល។ លោកថា ក្រុមការងារក៏បានបន្តចុះពិនិត្យនិងពិភាក្សាទីតាំងសម្រាប់ដាក់គ្រឿងចក្របើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដំណាក់ការទី១ផងដែ។
សម្រាប់ការងារដោះស្រាយសំណងផលប៉ះពាល់ផ្ទះសម្បែង និង ដីធ្លីប្រជាពលរដ្ឋវិញ លោក ផន រឹម ប្រាប់ថា កាលពីថ្ងៃទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្តាលបានរៀបចំវេទិកាពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ហើយមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី និងអ្នកពាក់ព័ន្ធបានពិនិត្យព្រំដី និងវាស់ទំហំដីសម្រាប់ដោះស្រាយនៅកំណាត់ទី១ ប្រវែង២១ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។
ទិដ្ឋភាពថ្ងៃសម្ភោធដាក់ដំណើរការគម្រោងសាងសង់ព្រែកជីកហ្វូណន។រូបភាពពីក្រសួងសាធារណការ។
នាយករដ្ឋមន្រ្តីធ្លាប់លើកឡើងថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតីផងដែរ។
គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕