កម្មការិនី-កម្មករចេញមកទិញម្ហូបអាហារក្បែររោងចក្រ។ WMC/Romas Raksmey
ស្ថានភាពរបស់កម្មការិនី-កម្មករពិសេសស្រ្តីដែលកំពុងធ្វើការក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ បន្តជួបប្រឈមនឹងបញ្ហា លក្ខខណ្ឌការងារមិនល្អ និងបញ្ហាមួយចំនួនទៀត។ កម្មការិនី-កម្មករមួយចំនួនក៏បន្តមិនទទួលបាន សេវាសាធារណៈ និងកិច្ចគាំពារសង្គមដែល មានប្រសិទ្ធភាព និងប្រកបដោយគុណភាពនៅឡើយ។ នេះបើតាម សមាគមមណ្ឌលព័ត៌មានកម្មករ។ លោក គីម ចាន់ចាវ រាយការណ៍
“នៅដើមឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលអប្បបរមាពួកយើងឡើងបានតែ ៤ដុល្លារប៉ុណ្ណោះ ប៉ុន្តែ ម្ចាស់ផ្ទះ បានជូនដំណឹងពីការតម្លើងថ្លៃបន្ទប់រួចហើយ។ ម្ចាស់បន្ទប់ជួលប្រាប់ពួកយើងថា គាត់ នឹងតម្លើងថ្លៃបន្ទប់ ចំនួន ២ដុល្លារបន្ថែមលើថ្លៃបន្ទប់ជួលបច្ចុបប្បន្ន។” នេះជាការលើកឡើងរបស់ លោកស្រី យ៉ុន អ៊ី កម្មការិនីម្នាក់ដែលកំពុង រស់នៅក្នុងបន្ទប់ជួល មួយកន្លែងក្នុងទីក្រុងភ្នំពេញ ដែលសមាគមមណ្ឌលព័ត៌មានកម្មករ ដកស្រង់ក្នុងសេចក្ដីប្រកាសព័ត៌មាន។
វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បន្តជាវិស័យ អាទិភាព និងចម្បងដែលបានចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន រោងចក្រចំនួន ១៦៨០ ដែល កំពុងដំណើរការ និងមានកម្មករនិយោជិតចំនួន ៩១៨,៧១៨នាក់។ ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិត ផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូបនិងផលិតផលធ្វើ ដំណើរទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជា ទឹកប្រាក់ ចំនួន ៨៤៦ លានដុល្លារអាមេរិក។ តួលេខនេះ កើនឡើង ៣០ភាគរយ ធៀបទៅនឹងតួលេខក្នុងខែមករា ឆ្នាំ២០២៣ ពោលគឺឈរលើលំដាប់ថ្នាក់ទី១ ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗជាច្រើនមុខរបស់កម្ពុជា។ ម្ចាស់ផ្លាក សញ្ញាធំៗ បន្តបង្កើតប្រាក់ចំណូល និងចំណេញយ៉ាងច្រើនពីវិស័យនេះ។
ក្នុងឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មការិនី-កម្មករក្នុងវិស័យនេះគឺ ២០៤ដុល្លារអាមេរិក ប្រាក់រង្វាន់ ធ្វើការទៀងទាត់ ១០ដុល្លារអាមេរិកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក។ បេឡាជាតិសន្តិ សុខសង្គមបន្តផ្តល់កិច្ចគាំពារសង្គមរួមមាន ផ្នែកថែទាំសុខភាព ហានិភ័យការងារ សោធននិវត្តន៍ និងអត្ថប្រយោជន៍ សម្រាប់លំហែមាតុភាព។ រាជរដ្ឋាភិបាលក៏បាន សម្រួលដល់ការរស់នៅរបស់កម្មការិនី-កម្មករ តាមរយ:ការដាក់ចេញ នូវ គោលនយោបាយផ្សេងៗដូចជា ច្បាប់ស្តីពីភតិសន្យាពិសេស គោលនយោបាយភូមិឃុំមានសុវត្ថិភាព សេចក្តីជូនដំណឹងពីការតបណ្តាញអគ្គីសនីតាមបន្ទប់ជួលក្នុងតម្លៃ៣៨០រៀលក្នុងមួយគីឡូវ៉ាត និងសេចក្តីសម្រេច លក់ទឹក ដល់កម្មការិនី-កម្មករក្នុងតម្លៃ ៨០០រៀលក្នុងមួយម៉ែត្រគូប ជាដើម។ល។
ទោះជាយ៉ាងនេះក្តី ស្ថានភាពរបស់កម្មការិនី-កម្មករពិសេសស្រ្តីដែលកំពុងធ្វើការក្នុងវិស័យនេះបន្តជួបប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានដូចជា៖ បញ្ហាលក្ខខណ្ឌការងារមិនល្អ កិច្ចសន្យា ការងារខ្លី អស្ថិរភាពការងារ ស្ថានភាពរស់នៅមិនមានផាសុខភាព អសុវត្ថិភាព និងអសន្តិសុខ ការបៀតបៀន កេងប្រវ័ញ្ច និងអំពើហិង្សា ជាដើម។ល។ កម្មការិនី-កម្មករមួយចំនួនក៏បន្តមិនទទួលបាន សេវាសាធារណៈ និងកិច្ចគាំពារសង្គមដែល មានប្រសិទ្ធភាព និងប្រកបដោយគុណភាពនៅឡើយ។ យោងតាមបទពិសោធ៍របស់កម្មការិនី-កម្មករ ពួកគេបន្ត ប្រឈមបរិយាកាសការរស់នៅដែលមិនមានផាសុខភាព (បន្ទប់ជួលតូចចង្អៀត បរិយាកាសមិនល្អមិនមានរបត់ ខ្យល់) និងអសុវត្ថិភាព។ ជាអាទិ៍ កម្មការិនី-កម្មករមួយចំនួនបានបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈមានតម្លៃផ្សេងៗ របស់ពួកគេ ដោយសារមានការលួចគាស់បន្ទប់ជួល។ កម្មការិនីស្រ្តីតែងតែទទួលរងការបៀតបៀន និងប្រឈម អំពើហិង្សានានា ឧទាហរណ៍ការ បៀតបៀន តាមរយៈការលេបខាយពាក្យសំដី ការប្រើប្រាស់កាយវិការមិនសមរម្យ មកលើពួកគេដូចជា ការសម្លឹងមើលផ្នែកភេទឬការឌឺដងពាក្យសម្តីជាដើម។ ការបន្តកើនឡើងនៃតម្លៃបន្ទប់ជួល ជា មួយលក្ខខណ្ឌ និងបរិយាកាសរស់នៅមិនល្អ បន្តជាបញ្ហាប្រឈមរបស់កម្មការិនី-កម្មករ។ ម្ចាស់ផ្ទះជួលតែងតែ តម្លើងថ្លៃបន្ទប់ជួលបន្ទាប់ពីមានការតម្លើងប្រាក់ឈ្នួលដល់កម្មការិនី-កម្មករ។ ម្ចាស់ផ្ទះខ្លះបានតម្លើងថ្លៃបន្ទប់ជួល តាំងអំឡុង ពេលនៃការចរចាប្រាក់ឈ្នួល។ នេះបើតាម សមាគមមណ្ឌលព័ត៌មានកម្មករ។
លោកស្រី យ៉ុន អ៊ី ដែលជាកម្មការិនីម្នាក់នៅភ្នំពេញ លើកឡើងថា ម្ចាស់បន្ទប់ជួលឡើងថ្លៃបន្ទប់ក្នុងឆ្នាំនេះ ដោយសារតែគាត់មិនបាន ឡើងថ្លៃ ជួលរយៈពេល ៥ឆ្នាំមកហើយ។ ម្ចាស់ផ្ទះក៏បានប្រាប់អ្នកស្រី និងកម្មការិនី-កម្មករដ៏ទៃទៀតថា ប្រសិនបើពួកគេនៅបាន ក៏បន្តនៅទៅ ប៉ុន្តែប្រសិនបើនៅមិនបានទេនោះ ឱ្យពួកគេរើចេញទៅ៕