en     km
en     km

មន្រ្តីជាន់ខ្ពស់សុខាភិបាល៖កុមារអាយុ១២ឆ្នាំឡើងទៅអាចទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩

Share

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរនូវវីរុសកូវីដ-១៩ឡើងវិញក្នុងសហគមន៍ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជនទាំងអស់ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ សូមទៅទទួលយកការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩បំប្លែងថ្មី JN.1។ សារអំពាវនាវនេះស្របពេលដែលប្រទេសជិតខាងកម្ពុជាគឺប្រទេសថៃមានការឆ្លងនិងមានចំនួនអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។

ដោយសារប្រទេសជិតខាងកម្ពុជានិងនៅតាមតំបន់មួយចំនួននៅលើពិភពលោក បានរកឃើញការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសក្រុមជេអិន.១ (JN.1) ក្រសួងសុខាភិបាលបានប្រកាសឱ្យមានការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នៅជុំវិញករណីវីរុសកូវីដ១៩នេះ ក្រសួងមើលឃើញថា ជំងឺនេះនឹងមានការរីករាលដាលសាជាថ្មី ប្រសិនជាប្រជាពលរដ្ឋមិនបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ទេនោះ។ជាងនេះ បុគ្គលដែលងាយរងផលប៉ះពាល់សុខភាពគឺជាជនងាយរងគ្រោះ មានដូចជា មនុស្សវ័យចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយជាដើម។

ដើម្បីការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍នៅតាមទំព័រហ្វេសប៊ុកផ្លូវការក្នុងន័យឱ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ មកចាក់វ៉ាក់សាំងវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥។ លោកស្រីបញ្ជាក់នៅក្នុងខ្លឹមសារដែលផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ថា ប្រជាពលរដ្ឋអាចរកសេវាចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដោយគិតចាប់ពីថ្ងៃចេញផ្សាយនេះតទៅ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

 

ជាសារក្រើនរំលឹកបន្ថែម លោកស្រីស្នើឱ្យសាធារណជនកុំភ្លេចវិធានការ «៣ ការពារ និង ៣ កុំ» រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលយន្តការនេះអាចជួយកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរជាអតិប្បរិមាសម្រាប់អ្នកមិនទាន់ឆ្លងវីរុសកូវីដ១៩ ឬសម្រាប់អ្នកឆ្លងរួចក៏មានភាគរយទាបក្នុងការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬឈានដល់ការស្លាប់។

អ្នកនាំពាក្យក្រសួងរូបនេះអះអាងថា ការដាន់តឿននេះគឺឆ្លងកាត់បទពិសោធន៍ដែលទទួលបានលទ្ធផលជាគាប់ប្រសើរនៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដែលកន្លងមកមន្រ្តីនិងអ្នកជំនាញវេជ្ជសាស្រ្តដទៃខិតខំបញ្ឈប់ការរីករាលដាលជំងឺនេះនៅក្នុងប្រទេស។

រូបភាព​៖ ក្រសួងសុខាភិបាល

 

រូបភាព៖ Dr. Or Vandine

 

ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដែរ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបន្តជំរុញឱ្យសាធារណជនដែលអាយុចាប់ពី១២ឆ្នាំឡើងទៅ ទទួលចាក់ថ្នាំបង្ការរាល់៦ខែម្តង ដើម្បីបង្ការជាមុនដែលសំដៅដល់ធានាភាពស៊ាំរបស់សហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងឆ្នាំ២០២៥។ ការផ្តល់វ៉ាក់សាំងនេះ នឹងផ្តល់ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ រួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។ លើសពីនេះ ក្រសួងសុខាភិបាលថានឹងមានការផ្តល់វ៉ាក់សាំងកូវីដ១៩ ទៅដល់មូលដ្ឋានផ្ទាល់៕

Share

ព័ត៌មានទាក់ទង