en     km
en     km

ការបញ្ចាំងវីដេអូខ្សែជីវិតស្នេហាភេទដូចគ្នា ជាសក្ខីភាពលើកទឹកចិត្តឱ្យពួកគេបន្ដទៅមុខដោយភាពអង់អាច

Share

ការចាក់បញ្ចាំងវីដេអូអំពីខ្សែជីវិតស្នេហាភេទដូចគ្នា ក្លាយជាផ្នែកមួយនៃការបង្ហាញនូវជីវិតពិតនិងភាពធម្មតាក្នុងការកសាងគ្រួសារភេទដូចគ្នា ជាវិធីសាស្រ្តមួយដ៏មានឥទិ្ធពលក្នុងការទម្លុះផ្នត់គំនិតយេនឌ័រ ការសន្ទនា ការឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែករបស់សង្គមដែលមាន ជាពិសេសក្នុងការស្វែងរកការគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ។ អ្នកដែលចូលរួមការចាក់បញ្ចាំងវីដេអូនេះ ចាត់ទុកថា សេចក្ដីសេ្នហា និងការបង្កើតគ្រួសារមួយបានល្អ គឺមិនមែនអាស្រ័យទៅលើភេទដូចគ្នា ឬផ្ទុយគ្នាទេ អ្វីដែលសំខាន់បំផុតគឺទំនួលខុសត្រូវដែលមានរួមគ្នា។ វាជាសក្ខីភាពមួយនៃសាមគ្គីភាព ការគាំទ្រ ការចង់ឃើញនូវសមភាពសម្រាប់មនុស្សគ្រប់រូប ហើយនេះក៏ជាកម្លាំងចិត្តដ៏ធំធេងសម្រា  ប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការបន្ដដំណើរទៅមុខដោយភាពអង់អាចសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។

យុវតី ឈ្មោះ ហាំង ស្រីលីស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលសាធារណៈ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ជាយុវតីម្នាក់ដែលតែងតែលើកកម្ពស់សិទ្ធសេរីភាព សមភាពយេនឌ័រ និងគោរពឱ្យតម្លៃទៅលើភាពស្មោះត្រង់ ភាពស្មើគ្នា នឹងមានទំនួលខុសត្រូវ ដែលបានចូលរួមកម្មវិធីនេះ បានបង្ហាញចំណាប់អារម្មណ៍ថា មូលហេតុដែលខ្លួនចូលរួមកម្មវិធីនេះ ពីព្រោះនាងចង់ស្វែងយល់អំពីការរស់នៅ នឹងការតស៊ូរបស់អ្នកស្រឡាញ់ភេទដូចគ្នា ចង់ដឹងពីអំពីការតស៊ូដើម្បីបានរស់នៅជាមួយដៃគូរបស់ពួកគាត់ ចង់ដឹងពីអារម្មណ៍ និងបញ្ហាដែលគាត់បានជួបប្រទះ ទាំងក្នុងគ្រូសារ និងសង្គម។

ស្រីលីស បន្តថា បន្ទាប់ពីការចូលរួមមក នាងបានរៀនសូត្របានច្រើនពីការរស់នៅរបស់អ្នកស្រឡាញ់ភេទដូចគ្នា ថាមានភាពលំបាក ជួបនូវឧបសគ្គ ដោយសារមានការរើសអើងពីសង្គម និងការបង្ខិតបង្ខំរបស់គ្រួសារ។

ស្រីលីសលើកឡើងក្នុងសម្ដីដើមថា «វាពិតជាដូចការរំពឹងទុករបស់ខ្ញុំពិតមែន។ ខ្ញុំមានអារម្មណ៍ថា ពួកគាត់ពិតជាដឹងថាគាត់ជួបនូវបញ្ហាច្រើន។ ដូច្នេះក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំមិនចង់ឃើញសង្គមមានការរើសអើងលើអ្នកដែលស្រឡាញ់ភេទដូចគ្នាទេ។ ជាពិសេសខ្ញុំចង់ឱ្យសង្គមទាំងមូលព្រមទទួលស្គាល់ និងបញ្ឈប់រាល់ការរើសអើងទាំងឡាយ នឹងជួយលើកទឹកចិត្ត គាំទ្រដល់ពួកគាត់ដូចគ្នាដែរ។ ជាចុងក្រោយ ខ្ញុំចង់ប្រាប់បងប្អូនដែលស្រឡាញ់ភេទដូចគ្នាថា ខ្ញុំពិតជាកោតសរសើពួកគាត់ដែលតស៊ូ ហ៊ានជម្នះរាល់បញ្ហាដែលពួកគាត់ជួប ហើយខ្ញុំក៏ចាំជួយគាំទ្រ និងលើកទឹកចិត្ត ខ្ញុំជឿថាពេលវេលានឹងបង្ហាញថាការស្រឡាញ់ភេទដូចគ្នា គឺត្រូវបានទទួលស្គាល់ ហើយបងប្អូនមិនឯកការទេ។ ចំពោះមនុស្សទូទៅ ខ្ញុំចង់ឱ្យពួកគាត់យល់ពីអារម្មណ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា បញ្ឈប់រាល់ការរើសអើងនៅក្នុងសង្គម។ ជាពិសេសសូមសំណូមពរកុំឱ្យមានការរើសអើងគ្រប់ទម្រង់ពីព្រោះការរើសអើងធ្វើឱ្យសង្គមមិនមានភាពរីកចម្រើននោះទេ។»

​កម្មវិធីបញ្ចាំងវីដេអូនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ទីតាំងនៅ F3 ដែលបានសកម្មភាពជាច្រើនដូចជា ការសម្ដែងសិល្បះផ្សេងៗ ការពិពណ៌នាសាច់រឿង និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅពីការចាក់បញ្ចាំងវីដេអូ ក៏មានការផ្ដល់ជាគំនិតយោបល់ ឬការឆ្លើយសំណួរផងដែរ។ ក្រៅពីនេះ ក៏មានការលេងហ្គេមសប្បាយយករង្វាន់ និងការបង្កើតទំនាក់ទំនងគ្នា ជាពិសេសនៅមានសកម្មភាពជាច្រើន។

ការចាក់បញ្ចាំងវីដេអូខ្សែជីវិតស្នេហាភេទដូចគ្នា ជាវិធីសាស្រ្តមួយដ៏មានឥទិ្ធពលក្នុងការទម្លុះផ្នត់គំនិតយេនឌ័រ ការសន្ទនា ការឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែករបស់សង្គមដែលមាន ជាពិសេសក្នុងការស្វែងរកការគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹង កុំឱ្យមានការរើសអើង និងជាផ្នែកមួយលើកកម្ពស់សុខភាពផ្លូវចិត្តផងដែរ។ ការចាក់បញ្ចាំងវីដេអូខ្សែជីវិតស្នេហាភេទដូចគ្នាធ្វើឡើងដោយ​ Loveisdiversity និងសហការណ៍រៀបចំដោយ Women Peace Makers, Voice, Link LEARN, live & learn៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង