en     km
en     km

«កម្មវិធីទេសចរណ៍សាលារៀន»រួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍និងជួយជំរុញការសិក្សារបស់កុមារតាមជនបទ

Share

ភ្នំពេញ៖ ក្រុមការងារនៃ«កម្មវិធីទេសចរណ៍សាលារៀន»កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៥ ​បាននាំយកសៀវភៅចំនួន៣០០ក្បាល និងប៊ិក ៣០០ដើមទៅប្រគេនព្រះសង្ឃនៅវត្តអារាមចំនួន២ នៅក្នុងខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូកទឹកដីកម្ពុជាក្រោមប្រទេសវៀតណាម។ សម្ភារសិក្សាទាំងនេះនឹងត្រូវចែកបន្តជូនសិស្សានុសិស្សកម្ពុជាក្រោមដែលត្រូវចូលរៀនភាសាខ្មែររយៈពេលបីខែនៅតាមវត្តខាងលើ បន្ទាប់ពីវិស្សមកាលនៅសាលារដ្ឋនៅវៀតណាម។ កញ្ញា សាវឿន ស្រីរ៉ូហ្សាលីន ស្ថាបនិកនៃកម្មវិធីទេសចរណ៍សាលារៀនប្រាប់ថា កម្មវិធីនេះក្រៅពីផ្សព្វផ្សាយតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា កញ្ញាក៏មានបំណងរួមចំណែកជួយជំរុញការសិក្សារបស់កុមារៗ ពិសេសកុមារីតាមទីជនបទផងដែរ។

កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍

បេសកកម្មដំបូងរបស់«កម្មវិធីទេសចរណ៍សាលារៀន»បានចាប់ផ្តើមនៅខេត្តមាត់ជ្រូកអតីតទឹកដីកម្ពុជា ដែលបច្ចុប្បន្នជាខេត្តអានយ៉ាងប្រទេសវៀត ណាម។ ជាមួយសៀវភៅសរសេរចំនួន ៣០០ក្បាល និងប៊ិក ៣០០ដើម ក្រុមការងារនៃ«កម្មវិធីទេសចរណ៍សាលារៀន»បានបង្កើតស្នាមញញឹមទៅដល់កុមារជួបការខ្វះខាតនៅទីនោះ ឱ្យទទួលបានសម្ភារសិក្សាអំឡុងពេលសិក្សាភាសាខ្មែររយៈ ៣ ខែនៅតាមវត្តអារាមនៅកម្ពុជាក្រោម។

ក្រុមការងារកម្មវិធីទេសចរណ៍សាលារៀននាំយកសម្ភារសិក្សាប្រគេនព្រះសង្ឃនៅកម្ពុជាក្រុម។រូបភាពពីរ៉ូហ្សាលីន។

កញ្ញា សាវឿន ស្រីរ៉ូហ្សាលីន ស្ថាបនិកនៃកម្មវិធីទេសចរណ៍សាលារៀនប្រាប់ថា កម្មវិធីទេសចរណ៍សាលារៀននេះជាផ្នែកមួយនៃ«កម្មវិធីធនធានស្រុកយើង »ដែលមានគោលបំណងបង្ហាញទីកន្លែងទេសចរណ៍ អាហារប្រចាំតំបន់ របររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានជាដើម។ ស្របពេលជាមួយគ្នានេះ កម្មវិធីទេសចរណ៍សាលារៀន ក៏លើកឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋតាមមូលដ្ឋាន ជាមួយនឹងការលើកឡើងនូវបញ្ហាសិក្សារបស់ក្មេងស្រី សំណើសំណូមពររបស់អាណាព្យាបាល និងគ្រូបង្រៀន ដែលសកម្មភាពទាំងអស់ត្រូវបានផលិតជាមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមដើម្បីស្វែងរកជំនួយពីសប្បុរសជនជួយឧបត្ថម្ភ។

កញ្ញា សាវឿន ស្រីរ៉ូហ្សាលីន៖«យើងបង្កើតទេសចរណ៍សាលារៀន យើងធ្វើវាដើម្បីនិយាយពីសេដ្ឋកិច្ច កសិកម្ម មុខរបរប្រចាំខេត្តនីមួយៗ ដំណាំដុះក្នុងខេត្តនិងតាមភូមិនីមួយៗ។​ហើយក្នុងហ្នឹងយើងនិយាយពីការសិក្សារបស់ក្មេងស្រីតាមខេត្តដែលថាតើគាត់មានជួបឧបសគ្គអ្វីខ្លះ អាណាព្យាបាលនិងគ្រូបង្រៀនមានសំណូមពរអ្វីខ្លះ។ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរថ្នាក់មូលដ្ឋានដែរដែលគាត់ចង់អភិវឌ្ឍន៍ភូមិឃុំស្រុកខេត្តរបស់គាត់ឱ្យរីកចម្រើនហ្នឹងតើថាគាត់មានសំណូមពរអ្វីខ្លះ ហើយឥឡូវគាត់បានអភិវឌ្ឍន៍អ្វីខ្លះដែរ​»។

ទិដ្ឋភាពសិស្សានុសិស្សកម្ពុជាសិក្សាភាសាខ្មែរនៅតាមវត្តអារាមនៅប្រទេសវៀតណាម។រូបភាពពីរ៉ូហ្សាលីន។

បន្ទាប់ពីទទួលការឧបត្ថម្ភជាសម្ភារសិក្សានានាពីសប្បុរសជននានា ពិសេសពីមណ្ឌលមែកឈើ ក្រុមការងារ«កម្មវិធីទេសចរណ៍សាលារៀន»ក៏នាំយកសៀវ ភៅនិងប៊ិកទៅចែកជូនប្អូនៗសិស្សានុសិស្សខ្មែរកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យទទួលបានសម្ភារសិក្សាទាន់ពេលចូលរៀនភាសាខ្មែរពីព្រះសង្ឃនិងគ្រូនៅខ្មែរក្រោម។ កញ្ញា រ៉ូហ្សា បន្ថែមថា គោលដៅបន្ទាប់គឺក្រុមការងារនឹងនាំយកសម្ភារសិក្សាទៅចែកជូនប្អូនៗនៅសាលាបឋមសិក្សាសង្កែជួរ ស្ថិតក្នុងភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបរីជលសារ ខេត្តតាកែវ ដែលនៅទីនោះសាលារៀនស្ថិតនៅតំបន់ដាច់ស្រយោល ហើយសិស្សានុសិស្សជួបបញ្ហាខ្វះខាតផ្នែកជីវ ភាព។

កញ្ញា សាវឿន ស្រីរ៉ូហ្សាលីន៖«នៅទីនោះប្អូនៗជួបការខ្វះខាតទាក់ទងនឹងសម្ភារសិក្សារៀនមែនទែន ហើយផ្លូវទៅរៀនពិបាកមែនទែនមានផ្លូវទឹកផងត្រូវ ជិះទូកផងដើម្បីទៅដល់។សិស្សនៅទីនោះមាន៣៧នាក់និងមានគ្រូបង្រៀនតែបីនាក់ទេ ចឹងឃើញមានការលះបង់ទាំងអស់គ្នា ដោយអាណាព្យាបាលក៏បញ្ចូនកូនមករៀន ក្មេងៗទោះជាលំបាកលំបិនយ៉ាងម៉េចក៏តស៊ូមករៀន ហើយគ្រូបង្រៀនក៏ដូចជាគាត់លះបង់ពេលវេលាមកបង្រៀន ចឹងពួកខ្ញុំនឹងដឹកនាំធ្វើសកម្មភាពទេសចរណ៍សាលារៀននៅគោលដៅទី២ហ្នឹងគឺនៅបឋមសិក្សាសង្កែជួរនេះឯង»។

ទិដ្ឋភាពសាលាបឋមសិក្សាសង្កែជួរដែលក្រុមការងារ«កម្មវិធីទេសចរណ៍សាលារៀន»គ្រោងចុះចែកសម្ភារសិក្សានាពេលបន្ទាប់។រូបភាពពីរ៉ូហ្សាលីន។

មានសមាជិកក្រុមចំនួនបីនាក់កញ្ញា រ៉ូហ្សាលីន ដែលធ្លាប់ជាអតីតបុគ្គលិកអង្គការសង្គមស៊ីវិលនិងបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប កញ្ញានៅមិនទាន់មានមហិច្ឆតាឈានទៅបង្កើតជាអង្គការ ឬ មូលនិធិអ្វីធំដុំនោះទេ ក្រៅតែពីឆ្លៀតពេលទំនេរផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងនាមជាអ្នកផលិតមាតិកា ឬខនថេនគ្រីអេនទ័រ(Content creator)តែប៉ុណ្ណោះ។ តែអ្វីជាចំណុចស្នូរដែលកញ្ញា រ៉ូហ្សា ចង់បង្ហាញនោះ គឺគុណតម្លៃនៃការតស៊ូព្យា យាមសិក្សារបស់ក្មេងស្រីតាមតំបន់ជនបទ ដែលទោះបីជាមានជីវភាពខ្វះខាតតែពួកគេនៅតែពុះពារបន្តការសិក្សា។ កញ្ញារំពឹងថា ការលើកឡើងពីគំរូវីរភាពនៃការសិក្សារបស់ក្មេងស្រីតាមទីជនបទនេះ នឹងក្លាយជាសារដាស់តឿនដល់សិស្សានុសិស្សនៅទីក្រុងដែលមានឱកាសសម្បូរបែបផ្នែកអប់រំឱ្យខិតខំរៀនសូត្រកុំបោះបង់ខ្លួនឯងពីការសិក្សា។

កញ្ញា សាវឿន ស្រីរ៉ូហ្សាលីន៖«ចឹងសកម្មភាពដែលខ្ញុំចុះទៅ ខ្ញុំនឹងផលិតវីដេអូប្រូហ្វាល់ទាក់ទងពីគ្រូបង្រៀនជនបទ ហើយហ្នឹងប្រូហ្វាល់ប្អូនៗដែលខិតខំរៀនសូត្រនៅតាមទីកន្លែងដែលគាត់ជួបប្រទះការខ្វះខាត​ទោះបីគាត់ពិបាកតែគាត់នៅតែតស៊ូរៀនសូត្រទៀត។ចឹងយើងចង់ឆ្លុះបញ្ចាំងដល់ប្អូនៗនៅតាមទីរួមខេត្ត ប្អូននៅរាជធានីឱ្យគាត់ឃើញពីការខិតខំចឹងគាត់មានកម្លាំងចិត្តខំរៀនទៀតហើយ ព្រោះថាអាណាព្យាបាលនឹងបង្ហាញទៅកូនៗថា ត្រូវប្រឹងរៀនសូត្រព្រោះថាក្មេងនៅជនបទទោះគេពិបាកប៉ុណ្ណឹងគេនៅតែខំប្រឹង ដូចនេះខ្ញុំចង់ឱ្យមានការផ្សារភ្ជាប់គ្នាឱ្យមានការលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីឱ្យក្មេងៗខំប្រឹងសិក្សាទាំងអស់គ្នា។នេះជាគោលបំណងរបស់កម្មវិធីទេសចរណ៍សាលារៀន​»។

កញ្ញា រ៉ូហ្សាលីន ទទួលអំណោយពីសប្បុរសជនដើម្បីបន្តយកទៅចែកជូនសិស្សានុសិស្សក្រីក្រតាមជនបទ។រូបភាពពីរ៉ូហ្សាលីន។

ស្រ្តីអ្នកផលិតមាតិកាផ្សព្វផ្សាយផ្នែកទេសចរណ៍និងការអប់រំរូបនេះរំពឹងថា កម្មវិធី«កម្មវិធីទេសចរណ៍សាលារៀន»នឹងអាចដំណើរការទៅមុខបានបន្តទៀត ដោយមានការគាំទ្រពីសប្បុរសជន ដែលអាចបង្កលទ្ធភាពដល់កញ្ញាអាចនាំយកសម្ភារសិក្សាទៅចែកជូនកុមារៗតាមតំបន់ដាច់ស្រយោលជួបបញ្ហាខ្វះខាតពិតប្រាដក ពិសេសគឺបានលើកឡើងនូវតម្រូវការចាំបាច់របស់ក្មេងស្រី អាណាព្យាបាលសិស្សនិងគ្រូបង្រៀនជាដើម៕

 

 

 

Share

ព័ត៌មានទាក់ទង