ប្រឈមមុខនឹងគ្រោះថ្នាក់ និងមេរោគ រកបានមួយថ្ងៃចាយមួយថ្ងៃ ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ដែលវិទ្យុស្ត្រីបានជួបសម្ភាសនៅទីលានចាក់សំរាមជើងឯក ស្នើសុំជំនួយឱ្យកូនទាំងពីរទទួលបានការអប់រំ ព្រោះមិនចង់ឱ្យមានវាសនាលើគំនរសំរាម ខណៈកូនម្នាក់ក្នុងចំណោម៤នាក់កំពុងឈឺងើបមិនរួច និងចៅអាយុ៧ខែ ម្តងម្កាលត្រូវហុតទឹកបបរជំនួសទឹកដោះគោ។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ដៃស្តាំកណ្ដៀតក្មេង ដៃឆ្វេងយួរថង់ និងស្ពាយកាតាបទាំងចំហៀងនិងខាងក្រោយរយីងរយោង ស្រីម្នាក់ស្រូតចុះពីលើភ្នំសន្សឹមៗយ៉ាងប្រុងប្រយ័ត្ន។ ដំណើរមួយៗដោយប្រុងប្រយ័ត្ន ពីព្រោះតាមផ្លូវធ្វើដំណើរចុះពីលើភ្នំនេះ មានខ្យល់បកខ្លាំង ដ្បិតខែមិគសិក និងគ្មានដើមឈើទប់សូម្បីតែមួយដើម។ ភ្នំដែលគ្មានដើមឈើរុក្ខជាតិដុះសូម្បីតែមួយដើមនេះ ជាទីលានចាក់សំរាមដែលមានទីតាំងស្ថិតនៅ ភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីកណ្តៀតក្មេងតូចម្នាក់ចុះពីភ្នំសំរាមនេះ មានឈ្មោះថា កេត ទូច ជាអ្នកខេត្តកំពត រីឯក្មេងតូចដែលត្រូវបានអ្នកស្រីកណ្តៀតនេះ ពុំមែនកូនរបស់អ្នកស្រីនោះទេគឺជាចៅស្រី។ នៅក្នុងគំនរសំរាមដែលពោរពេញទៅដោយចំហាយក្លិនឆ្អាប ស្អុយឆួលជាប់ច្រមុះតាំងតែពីដងផ្លូវមកនោះ អ្នកស្រីទូចបានឱ្យដឹងថាខ្លួនមកប្រកបរបររើសអេតចាយនៅទីនេះ អស់រយៈជាង១០ឆ្នាំមកហើយ។ បរិយកាសដ៏ស្រស់បំព្រង លាយឡំទៅដោយក្លិនមិនល្អនេះ គឺជាប្រភពចំណូលរបស់អ្នករើសអេតចាយទាំងប្រុសស្រី និងក្មេងៗដែលរស់នៅទីនោះ។ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៤នាក់ អ្នកស្រីទូចអាចរកប្រាក់ពីការរើសអេតចាយនៅភ្នំសំរាមបានចន្លោះពី៣-៤ម៉ឺនរៀល ដោយកម្រៃនេះ អ្នកស្រីត្រូវមក រើសនៅពេលយប់ គឺមកម៉ោង៦ល្ងាច ដល់ម៉ោង៧-៨ព្រឹក។ ដោយឡែកពេលថ្ងៃកូនអ្នកស្រីជាអ្នករើស ដើម្បីផ្លាស់ប្តូរគ្នាមើលកូនជាមួយម្តាយ។
«ក្លិនឆ្អាបផង ស្អុយផង តែជីវភាពយើងអត់យើងអត់មានមុខការអី យើងរកដោះស្រាយគ្រួសារយើងមករើសអ៊ីចឹងទៅ យើងពាក់ម៉ាសពាក់ស្រោមដៃស្រោមជើងអ៊ីចឹងទៅ។ ក្រុមគ្រួសារយើងអត់មានហើយក្រុមគ្រួសារយើងអត់មាន អ៊ីចឹងយើងខំរក រើសអេតចាយហ្នឹង ដើម្បីសងគេ ចិញ្ចឹមកូន ចិញ្ចឹមចៅ ចិញ្ចឹមទាំងអស់»។
អ្នកស្រី ទូច ប្រកបរបររើសសំរាមនៅទីលានចាក់សំរាមជើងឯក កំពុងពរចៅស្រី។ រូបភាព៖ WMC/Seanglim
ដោយហេតុខ្លួនគ្មានចំណេះ បើទោះបីជាការប្រកបរបរលើគំនរសំរាមនេះ ប្រឈមមុខទៅនឹងមេរោគ និងជំងឺយ៉ាងណាក៏ដោយ ក៏អ្នកស្រីហាក់ពុំមើលឃើញផ្លូវណាមួយដែលប្រសើរជាជាងរបរនេះទៀតទេសម្រាប់អ្នកស្រី និងគ្រួសារ។ រីឯចំណូលដែលរកបានអ្នកស្រីអាចយកទៅដោះបំណុល និងផ្គត់ផ្គងគ្រួសារបានមួយចំនួន ប៉ុន្តែមិនអាចផ្តល់ឱ្យកូនរៀនបានឡើយ។ អ្នកស្រីទូចមានកូន៤នាក់ ២នាក់មានគ្រួសារ និង២នាក់ទៀតនៅក្នុងបន្ទុក។ អ្នកស្រីតែងចិញ្ចឹមចិត្តចង់ឱ្យកូនទាំងពីរទទួលបានការអប់រំ ប៉ុន្តែខ្លួនពុំមានលទ្ធភាព។ ក្នុងសំឡេងខ្សោយៗបើកភ្នែកស្ទើតែពុំរួចនោះ អ្នកស្រីស្នើដល់អង្គការ ឬស្ថាប័នពាក់ព័ន្ធនានាជួយដល់កូនរបស់អ្នកស្រី ដើម្បីឱ្យពួកគេបានចូលរៀនដូចក្មេងៗដទៃទៀត ដោយសង្ឃឹមថានៅពេលទទួលបានការអប់រំកូនៗនឹងមានវាសនាខ្ពស់រស់ចាកឆ្ងាយពីគំនរសំរាម។
«ខ្ញុំចង់ស្នើរឱ្យអង្គការជួយ អឺ!!ចង់ឱ្យកូនខ្ញុំបានរៀន កូនខ្ញុំរាល់ថ្ងៃនៅផ្ទះជួលអត់បានរៀនទេ»។
រូបភាពគំនរសំរាមនៅទីតាំងចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
ចំពោះមូលហេតុដែលអ្នកស្រី ទូច យកចៅស្រីមកទីកន្លែងដែលគ្មានផាសុខភាព និងមិនអាចធានាបាននូវសុវត្តិភាពនេះ អ្នកស្រីក៏ដឹងពីផលប៉ះពាល់ដែរ ប៉ុន្តែគ្មានជម្រើស ព្រោះនៅមានចៅម្នាក់ទៀតអាយុ៧ខែដែលត្រូវទុកនៅផ្ទះ។ ក្នុងចំណោម៤នាក់ កូនពីរនាក់ដែលបានរៀបការទៅហើយនោះ ពុំចេះធ្វើការងាររោងចក្រឡើយ ដោយគ្មានអ្វីក្រៅតែពីផ្ញើវាសនាលើគំនរសំរាមនេះទាំងអស់គ្នា ដើម្បីផ្គត់ផ្គង់គ្រួសារ និងទិញទឹកដោះគោចៅ មានពេលខ្លះអស់ទឹកដោះគោពួកគេក៏ត្រូវបង្ខំចិត្តជំនួសដោយទឹកបបរ។ នៅពេលនេះ បន្ទុកធ្លាក់ទៅលើអ្នកស្រីស្ទើតែទាំងស្រុង ព្រោះចៅត្រូវការទឹកដោះគោ ងាកទៅកូនប្រសារក៏ឈឺ រីឯកូនស្រីម្នាក់ទៀតក៏មានជំងឺផងដែរ។
«អត់អាចគ្រប់គ្រាន់ ព្រោះយើងជំពាក់ធនាគាហើយកូនប្រសារឈឺគ្នាឈឺហើយចៅមួុទៀតទើបបានអាយុ៧ខែ បៅទឹកដោះគោហើយខ្ញុំមេម៉ាយចិញ្ចឹមទាំងចៅផងទាំងកូនផង វាអត់មានលទ្ធភាព។ ចង់ឱ្យអ្នកគ្រូជួយបានទឹកដោះគោ អាមួយម្តាយវាឈឺទឹកនោមប្រៃផង រលាកគម្រងនោមផង ហើយលើសឈាមទៀត គេហៅថាជំងឺគីសមួយមុខទៀត អ៊ីចឹងម៉ែវាដេកមួយកន្លែងទៀត គ្មានធ្វើការអីកើតទេរាល់ថ្ងៃខ្ញុំរើសបានទិញទឹកដោះគោទិញអីឱ្យវាខ្វះខាតអ៊ីចឹងហាណាស់អ្នកគ្រូ។ ជួនកាលដាច់ទឹកដោះគោអ៊ីចឹងមួយយប់អ៊ីចឹងឱ្យហុតទឹកបបរ»។
រូបភាពផ្ទាំងនៅទីតាំងចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
ម៉ោងប្រមាណ៩ព្រឹក មិនខុសពីអ្នកស្រី ទូច ស្ត្រីវ័យ៤៣ឆ្នាំទើបតែចេញពីផ្ទះតម្រង់មកគោលដៅរកប្រាក់នៅគំនរសំរាមនោះគឺ អ្នកស្រី ជឿង សារ៉ុម។ ក្នុងសម្លៀកបំពាក់ហ៊ុមជិតពីរជាន់ មានទាំងអាវកក្អម អាវដៃវែងក្រឡាការ៉ូ និងមិនចោលក្រម៉ារុំមួកជាប់ក្បាលដែលជាទម្លាប់របស់ប្រជាជនខ្មែរនោះ អ្នកស្រី សារ៉ុមបានប្រាប់ក្រុមការងារវិទ្យុស្ត្រីដោយទឹកមុខរួសរាយលាយឡំនឹងសំណើចថា គោលដៅដែលអ្នកស្រីមកភ្នំសំរាមនេះ គឺដើម្បីរើសសំរាមដែលមានដូចជាប្រភេទគ្រឿងដែក។ ក្នុងរបរដែលប្រឈមខ្លាំងទៅនឹងបញ្ហាសុខភាពនេះ អ្នកស្រីអាចរកបានចន្លោះពី២ម៉ឺនរៀលក្នុង១ថ្ងៃ។
«រើសតែអូហ្សូនយើងហ្នឹង អូហ្សូនកំប៉ុងដែក ទឹកដោះ អាលុយមីញ៉ូម ១ថ្ងៃបើលក់បានបាន១ម៉ឺនជាងហ្នឹងពីម៉ឺន ប្រឹងបាន មិនបាន២ម៉ឺន! រក៣-៥ថ្ងៃបានមួយបាវនោះ មនុស្សច្រើនពិបាករកណាស់អូនអើយ»។
អ្នកស្រី ជឿង សារ៉ុម អ្នករើសសំរាមនៅទីតាំងចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
រើសសំរាមអេតចាយ ជាង១២ឆ្នាំ ស្រីវ័យ៤៣ឆ្នាំរូបនេះ បានត្អូញត្អែរថា បច្ចុប្បន្នការរកប្រាក់ពីរបរនេះ ហាក់រកពុំសូវបាន ដ្បិតចំនួនមនុស្សកាន់តែច្រើន។ ម្យ៉ាងទម្រាំតែមកដល់ទីលានចាក់សម្រាប់មានអ្នករើស២-៣តង់រួចទៅហើយ ដូចជាតាមផ្ទះ តាមឡានជាដើម បូកផ្សំនឹងកំណើនអ្នករើសកាន់តែច្រើនផង បើប្រៀបធៀបទៅប្រាក់កម្រៃដែលអ្នកស្រីទទួលបានរវាងពីមុន និងបច្ចុប្បន្ន គឺខុសគ្នាដល់ទៅ២ដង។
«ឥឡូវកានើតែថយទៅៗរកមិនបានទេ មនុស្សកាន់តែច្រើន មនុស្សមកពីស្រែច្រើន។ ពីមុនរកបានមួយថ្ងៃ៣-៤ម៉ឺន តែឥឡូវរកលែងបានហើយ!!! មនុស្សមកពីណាទេច្រើនណាស់ ពិបាករើសណាស់។»
អ្នកស្រីបន្តថា នៅទីនេះ ក្លិនដែលជះខ្លាំងជាងគេនៅបរិវេណខាងក្រោម រីឯនៅខាងលើពុំសូវមានក្លិនឆួលខ្លាំងនោះទេសម្រាប់អ្នកស្រី ពីព្រោះខាងលើខាងលើស្ងួត ទឹក និងសំណល់រាវនានាបានហូរមកខាងក្រោមអស់។ រីឯកត្តាសុវត្តិភាពក៏ពុំសូវដូចមុនដែរ ពីព្រោះពួកគេប្រុងប្រយ័ត្នជាមួយនឹងឡាន ឬត្រាក់ទ័រជានិច្ច។ តែទោះយ៉ាងណាក្តី ទាំងអ្នកស្រី ទូច និងអ្នកស្រីសារ៉ុម ថាអ្នករើសអេតចាយតែងមុតដៃជើង និង រលាត់ស្បែកជាមួយគ្រឿងដែកនៅតែមានជារៀងរាល់ថ្ងៃ ទោះបីមានស្រោមដៃស្រោមជើងការពារហើយក៏ដោយ ប៉ុន្តែដើម្បីកម្រៃពួកគេមិនអាចតវ៉ានិងការឈឺចាប់ ឬមេរោគបាននោះទេ។ ក្នុងនោះកុមារក្មេងទៅរើសផងដែរ ដោយអ្នកខ្លះទៅព្រោះទំនេរពីការសិក្សា ឯអ្នកខ្លះក៏ទៅដោយសារឪពុកម្តាយ។ យ៉ាងណា អ្នកអ្នកស្រីស្នើសុំឱ្យមានការជួយជាអង្ករទៅដល់អ្នកក្រខ្សត់ អត់អាហារនៅទីលាននេះ។
«ស្អុយហ្នុង ឈឺដែរ តែមានលុយណាមើល ទិញថ្នាំតិចតួចតាមប៉ាម៉ាស៊ីតិចតួចហ្នឹង។ រកស៊ីនៅទីនេះមិនដឹងទៅណាត ចាស់អ៊ីចឹងនរណាយកយើងធ្វើអីមានតែលាងចានគុយទាវឱ្យគេ។ ក្មេងៗវាមកវាថ្ងៃណាវាអត់រៀន វាមករើសហ្នឹង ថ្ងៃសៅរិ៍ ថ្ងៃអាទិត្យអ៊ីចឹងអ្ហឹៈ!»
រូបភាពអ្នកទិញអេតចាយទិញសំរាមដែលដាក់ក្នុងប៉ាវរួចស្រេចនៅទីតាំងចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
ងាកមកស្តាំដៃបន្តិច ឃើញស្រ្តីម្នាក់កំពុងដុតដៃដុតជើងច្រកទឹកអំពៅនោះគឺ អ្នកស្រី ភ្លក ថេត។ អ្នកស្រីថេត ប្រកបរបរលក់ទឹកអំពៅនៅទីនេះ ចន្លោះ២-៣ឆ្នាំហើយ មើលឃើញជារៀងរាល់ថ្ងៃថា អ្នករើសអេតចាយនៅទីនោះលំបាក និងប្រឈមមុខទៅនឹងសុខភាពយ៉ាងខ្លាំង ខណៈអ្នកស្រីក៏ដូចគ្នា។ ទោះមកលក់នៅទីនេះ ច្រើនឆ្នាំប៉ុន្តែអ្នកស្រី និងស្វាមីស្ទើរតែទប់នឹងក្លិនមិនបានម្តងៗដែរ។
«មើលទៅឃើញពួកគាត់ពិបាកដែលហ្នឹងអ្ហឹៈ! ពិបាកខ្លាំងណាស់ ណាមួយសុខភាពនៅនេះនៅអីក៏វាមិនសូវល្អអីម៉ាណដែរ ព្រោះអីធុំក្លិន ធុំក្លិនខ្លាំងណាស់ចូលមកដំបូងៗធុំមែនទែនហ្មងអ្ហឹៈ! ប៉ុន្តែដល់ពេលយូរៗទៅវាលែងអីវិញ វាសុំានឹងច្រមុះយើងហើយហ្នឹង ប៉ិនចូលមកដំបូងៗធុំក្លិនអាក្រក់ណាស់។»
អ្នកស្រី ភ្លក ថេត ប្រកបរបរលក់ទឹកអំពៅនៅទីលានចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
អ្នកស្រីថា ហេតុដែលគ្រួសារមកលក់នៅទីនេះក៏ព្រោះតែនៅទីនេះ នៅលក់មួយកន្លែងហើយអស់លឿន ជាងមិនចាំបាច់ត្រូវជិះទៅច្រើនកន្លែង និងកាត់បន្ថយសាំងផង។ រីឯការលក់ទឹកអំពៅរបស់អ្នកស្រីពុំមែនលក់តែនៅខាងក្រោមនោះទេ តែត្រូវច្រកទៅលើនៅខាងលើដែលមានកម្ពស់ខ្ពស់ មិនងាយស្រួលឡើយក្នុងការឡើង ព្រោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ប៉ុន្តែអ្នកស្រី ហាក់ធូរចិត្តមកវិញ ព្រោះអ្នកស្រីមិនដែលទៅនោះទេ គឺស្វាមីអ្នកស្រីជាអ្នកឡើងទៅលក់ទីនោះ ខណៈឡើងទៅម្តងៗមានភាពហត់នឿយជាខ្លាំងដែលនេះនៅតែជាក្តីបារម្ភ។
«ប្តីខ្ញុំអ្នកឡើងទៅលក់លើ អ៊ីចឹងខ្ញុំនៅក្រោម អង្គុយច្រកឱ្យគាត់ ចាំតែគាត់យូរឡើងទៅលើអ៊ីចឹងទៅ គាត់ឡើងទៅម្តងហ្នឹងហត់ដែរហ្នឹង គ្រាន់តែថាយើងទាល់តែទ្រាំស៊ូ អ៊ីចឹងអ្ហឹៈ! ឡើងទៅមួយជើងមួយជើងចុកជើងដែរ ទម្រាំចុះមកវិញមិនងាយដែរ»។
រូបភាពគំនរសំរាមនៅទីតាំងចាក់សំរាមជើងឯក។ រូបភាព៖ WMC/Seanglim
ការ៉ុងធំៗដែលតម្រៀបជួរគ្នាយ៉ាងច្រើននេះ គឺសំបកដបបន្ទាប់ពីពួកគេប្រមូលបានហើយក៏ដេរទម្លាក់វារមៀលដល់ខាងក្រោម ដោយប្រុសៗលើក អូស និងលីបន្តតែម្នាក់ៗឯងស្ទើតែផ្កាប់មុខ ខ្លួនពោរពេញទៅដោយញើស និងក្លិនស្អុយទម្រាំតែមកដល់ក្រោមយកមកលក់ឱ្យឈ្មួញ។ សម្រាប់អ្នកទិញសំរាមអេតចាយ ពួកគេប្រមូលទិញដល់កន្លែងតែម្តង ដែលនេះក៏ជាការជួយសម្រួលដល់អ្នករើសសំរាមអេតចាយមួយចំណែក៕
(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)