en     km
en     km

អ្នកធ្វើការផ្នែកលក់ ឈ្វេងយល់ពីច្បាប់ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងជំរុញការលក់

Share

 

មុនឈានដល់ការអនុវត្តច្បាប់ស្ដីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងជំរុញការលក់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. បានអញ្ជើញវិស័យឯកជន ​និងភាគីពាក់ព័ន្ធមួយចំនួនមកឈ្វេងយល់ដឹងបន្ថែមអំពីច្បាប់ទាំងនោះឱ្យបានទូលំទូលាយ មុនពេលលិខិតបទដ្ឋានគតិយុត្ត ចូលជាធរមានក្នុងរយៈពេល ពី៣ខែទៅ៦ខែនាពេលខាងមុខនេះ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដែលហៅកាត់ថា «ក.ប.ប.» កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញលក់ ដោយផ្ដោតលើប្រកាសលេខ០៩៥ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្ដីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងជំរុញការលក់។

កញ្ញា គឹមសាន សម្រស់ ប្រធានផ្នែកលក់ចលនទ្រព្យបុរី ប្លូដាយមិនដ៍ ដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើនេះបានប្រាប់ថា ​ការយល់ដឹងអំពីច្បាប់និងការអនុវត្តច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ មិនសម្រាប់តែបុរី ទេតែសំខាន់សម្រាប់យើងក្នុងនាមជាប្រជាពលរដ្ឋទូទៅដើម្បីបានដឹងនិងការពារ ពីការបោកបន្លំផ្សេងៗពីជនខិលខូចមួយចំនួនទៅលើការប្រើប្រាស់ផលិតផលផ្សេងៗជាច្រើនទៀត ។ កញ្ញាបញ្ជាក់បន្ថែមថា «សម្រាប់ខ្ញុំគិតថា វាមានសារៈសំខាន់មិនមែនសម្រាប់តែការផ្សព្វផ្សាយរបស់បុរីទេ វាគឺថាលក្ខណៈទូលំទូលាយឱ្យយើងយល់ដឹងទាំងអស់គ្នាកុំឱ្យមានការភាន់ច្រលំ ឬក៏ចាញ់បោកទៅលើផលិតផលណាមួយ ឬទំនិញផ្សេងៗ ទោះយើងជាផ្នែកមួយនៃការលក់បុរីមួយ តែយើងក៏ជាអ្នកប្រើប្រាស់នូវផលិតផលផ្សេងទៀតដែរ អ៊ីចឹងយើងក៏អាចការពារខ្លួនយើងកុំឱ្យចាញ់បោក ឬក៏មិនមានការភាន់ច្រលំទៅលើផលិតផលផ្សេងៗ»។

ដោយឡែកសម្រាប់លោក ថៃ ជូឡាយ ប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងស្លាកសញ្ញាផលិតផលនៃក្រុមហ៊ុនចែកចាយភេសជ្ជៈ និងផលិតផលសុខភាព បានបង្ហាញចំណាប់អារម្មណ៍ថា ការយល់ដឹងពីច្បាប់ស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងជំរុញការលក់ នេះវាល្អសម្រាប់អ្នកគ្រប់គ្រងក្នុងការបង្កើតស្តង់ដាមួយដើម្បីឱ្យក្រុមហ៊ុនទាំងឡាយអនុវត្តន៍ដោយស្មើភាពចំពោះមុខច្បាប់ ការដឹងពីអ្វីដែលជាសុចរិតភាព ក៏ដូចជាគោលការណ៍ក្រមសីលធម៌មួយជាស្តង់ដា ធ្វើឱ្យការប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗប្រកបដោយសុចរិតភាព។លោកបានឱ្យដឹងទៀតថា «ក្នុងនាមជាអ្នកផ្សព្វផ្សាយមួយរូប ក្នុងវិស័យធុរកិច្ចមួយរូប យើងបានធ្វើវារួចហើយតាំងពីពេលកន្លងមក​​ អនុវត្តន៍ហើយ គ្រាន់តែចំណុចខ្លះការណែនាំពីក.ប.ប ក្នុងថ្ងៃនេះគឺណែនាំអំពីគោលការណ៍ថ្មីមួយចំនួនដូចជាប្រកាស០៩៥ដែលនឹងដាក់ឱសានវាទនៅពេលឆាប់ៗអ៊ីចឹងហើយនេះជាព័ត៌មានដែលយើងត្រូវយល់ដឹងបន្ថែម ក្តោបក្តាប់បន្ថែម ពង្រីកវិសាលភាព ឬក៏យល់ដឹងទៅលើអ្វីដែលក.ប.បដាក់ឱសានវាទធ្វើជាថ្មីនេះ»។

គិតត្រឹម៤ខែឆ្នាំ២០២៤កន្លងមក បទលើ្មសចំនួន២ ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បង្រ្កាបបាន រួមមានទី១ សាច់បង្កក ជាពិសេសគ្រឿងក្នុងរបស់សត្វ និងទី២បទល្មើលទាក់ទងនឹងកម្មសិទ្ធិបញ្ញា ការក្លែងបន្លំម៉ាកផលិតផល ដែលអាជីករមួយចំនួនបានយកមកលក់ចរាចរនៅលើទីផ្សារដោយមិនមានការស្នើសុំអនុញ្ញាត្តពីម្ចាស់ដើម។ទន្ទឹមនឹងនេះ ក.ប.ប. មានការព្រួយបារម្ភដែរ ព្រោះបទល្មើសដែលបានកើតឡើង កាលណាអ្នកនាំចូល អ្នកចែកចាយ និងអ្នកលក់ផលិតផលទាំងនោះ មិនអនុលោមភាពវាធ្វើឱ្យប៉ះពាល់សុខភាព សាធារណៈជារួមតែម្តង និងបានដាក់បន្ទុកដល់អ្នកប្រើប្រាស់ត្រូវព្យាបាលជំងឺនៅពេលដែលហូបផលិតផលណាមួយមិនមានសុវត្ថិភាព ឬមិនអនុលោមភាព ។

ទាក់ទងនឹងការដាក់ទណ្ឌកម្មទៅលើការបង្រ្កាបនូវបទល្មើសករណីនាំទំនិញ និងមិនអនុលោមភាពហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជារួមនោះ លោក ផាន អូន អគ្គនាយកក.ប.ប បានបញ្ជាក់ថា ភាគច្រើនពាក់ព័ន្ធនឹងសុខភាព ពាក់ព័ន្ធនឹងពិការភាពជាអចន្រ្តៃយ៍ដល់សុខភាពសាធារណៈមាន៣ទៅ៤ករណីដែរ ។ ​លោកបន្តថា «ចំពោះករណីភាគច្រើន អ្វីដែលកំពុងធ្វើគឺករណីដែលយើងដាក់ពិន័យអន្តរកាល ដើម្បីឱ្យគាត់​​ក្នុងក្របខណ្ឌមួយផ្តល់ឱកាសឱ្យគាត់យល់ដឹងអំពីច្បាប់ ចូលរួមក្នុងការអនុវត្តច្បាប់ តែនៅក្នុងបទល្មើសមួយក្នុងកម្រិតបទពហុតូចតាច យើងគ្រាន់តែពិន័យអន្តរកាល ហើយតម្រូវចេញលិខិតព្រមាន ឬឱ្យធុរជននោះធ្វើការកែតម្រូវ»។

ក្នុងនាមគណៈកម្មការជាតិការពារអ្នកប្រើប្រាស់ គណៈកម្មការប្រកួតប្រជែងកម្ពុជា លោក ផាន អូន បានឱ្យដឹងបន្ថែមថា​ « ទី១ការពារផលប្រយោជន៍សាធារណៈ ការពារប្រជាពលរដ្ឋ សុខភាពសាធារណៈជារួម​ ទី២ យើងការពារធុរជនដែរ ជាអ្នករកស៊ី ព្រោះអ្នករកស៊ីគាត់ជួយខាងសេដ្ឋកិច្ច អ៊ីចឹងទាំងពីរហ្នឹងត្រូវតែស្មើគ្នា(បាឡែនគ្នា)ដែរ ធ្វើម៉េចឱ្យអតិថិជនមានជម្រើសច្រើន ការទទួលបានសេវា ទទួលបានទំនិញថោកហើយមានគុណភាពល្អ ហើយអ្នករកស៊ីត្រូវការពារគាត់ការប្រកួតប្រជែងស្មើភាព»

បន្ថែមពីលើនេះ លោក ផាន អូន ក៏បានឱ្យដឹងផងដែរ អំពីការបន្លំកម្មសិទ្ធិបញ្ញា ជាបទល្មើសសេដ្ឋកិច្ច អាចថាបំផ្លាញស្លាកសញ្ញារបស់ម្ចាស់ដើម ហើយអ្នកដែលទិញផលិតផលទាំងនោះ ក៏នឹងខាតបង់ច្រើនចំពោះទំនិញ ដែលក្លែងបន្លំព្រោះអ្នកប្រើប្រាស់កាន់តែលំបាក និងខាតបង់ប្រាក់បន្ថែមដោយសារតែទិញទំនិញមិនបានសុទ្ធល្អ៕

 

 

 

 

Share

ព័ត៌មានទាក់ទង