en     km
en     km

មេដឹកនាំបក្សកាន់អំណាចនិងមេដឹកនាំបក្សប្រឆាំងស្របមតិគ្នាជំរុញឱ្យពលករខ្មែរនៅថៃវិលត្រឡប់ចូលប្រទេសវិញ

Share

ភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៥នេះ មេដឹកនាំបក្សកាន់អំណាចនិងមេចលនាបក្សប្រឆាំងនៅក្រៅប្រទេស បានបង្ហាញសារក្នុងជំហរដូចគ្នា ដោយជំរុញឱ្យពលករខ្មែររស់នៅនិងធ្វើការក្នុងប្រទេសថៃឱ្យវិលត្រឡប់ចូលមកកម្ពុជាវិញ ខណៈប្រទេសទាំងពីរ កម្ពុជា-ថៃ កំពុងឡើងកំដៅនយោបាយទាក់ទងបញ្ហាព្រំដែន។

កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង អ្នកនយោបាយចាស់វស្សាទាំងពីររូបនេះ ត្រូវបានដឹងថា​ តែងតែប្រើវោហារស័ព្ទវាយប្រហាររិះគន់គ្នាទៅវិញទៅមកមិនដែលសំចៃមាត់។

ក៏ប៉ុន្តែនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ គឺក្នុងគ្រាដែលកម្ពុជានិងប្រទេសថៃកំពុងឡើងកំដៅនយោបាយរឿងព្រំដែន គេសង្កេតឃើញថា មេដឹកនាំទាំងពីរបានបង្ហាញសារក្នុងជំហរដូចគ្នា គឺណែនាំឱ្យពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃឱ្យវិលត្រឡប់ចូលមកកម្ពុជា។

សារមូរមតិគ្នាដែលជារឿងមួយដ៏កម្រនេះ កើតឡើងក្នុងគ្រាដែលប្រទេសកម្ពុជានិងថៃ កំពុងជួបប្រទះរឿងរកាំរកូសគ្នាករណីព្រំដែន និងការបិទច្រកព្រំដែន ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋដែលពឹងអាស្រ័យជីវភាពជួញដូរទំនិញគ្នាទៅវិញទៅមក ពិសេសពលករខ្មែរប្រហែល ២ លាននាក់កំពុងធ្វើការនៅថៃ។

សម្តេច ហ៊ុន សែន ថ្លែងសារពិសេស។រូបភាពពី ទទក។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះបានថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ ដោយអំពាវនាវដល់ប្រជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃគប្បីពិចារណាត្រឡប់មកប្រទេសវិញ ដើម្បីរក្សាបានសុវត្ថិភាពបើសិនមានការប៉ះទង្គិចគ្នាដោយអាវុធ។ សម្តេចបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមរួចជាស្រេចនូវមធ្យោបាយដឹកជញ្ជូនសម្រាប់ពលករដែលមានបំណងមកមាតុប្រទេសវិញ។

សម្តេច ហ៊ុន សែន៖«ហើយក៏សូមអំពាវនាវបងប្អូនក្រុមគ្រួសារនៅក្នុងប្រទេសដែលមានសមាជិកក្រុមគ្រួសារធ្វើការនៅថៃ ជួយបង្កលក្ខណជួយហៅត្រឡប់មកវិញ រថយន្តស្អីៗមិនពិបាកទេក្នុងការដឹកជញ្ជួន។ហើយក្នុងរយៈពេលអន្តរកាលនេះ រដ្ឋាភិបាលគួរធ្វើយ៉ាងណាឱ្យជីវភាពពលរដ្ឋមានភាពស្ថិតស្ថិរ​ ព្រោះមកពីនោះមិនអាចស្ពាយអង្ករមកបានទេ ដូច្នេះ​ត្រូវផ្គត់ផ្គង់អង្ករយើងអាចធ្វើទៅរួច »។

ជាមួយគ្នានេះដែរ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសបានសរសេរសារនៅក្នុងថ្ងៃជាមួយគ្នានេះដោយអំពាវនាវដូចគ្នាឱ្យពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសប្រហែល ២លាននាក់ត្រឡប់មកកម្ពុជាមួយរយៈសិន ដើម្បីសុវត្ថិភាព។

សាររបស់លោក សម រង្ស៊ី។រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី។

ពាក់ព័ន្ធការអំពាវនាវឱ្យពលករវិលត្រឡប់មកប្រទេសវិញនេះ រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញបានត្រៀមរថយន្ត៤០០គ្រឿង ដើម្បីត្រៀមដឹកប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត ដែលសកម្មភាពនេះ ជាការអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។

មួយទៀតដែរ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់នាយ​ករដ្ឋមន្ត្រី ដែលស្នើឱ្យសមាគមទាំងពីរ ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុ​ប្រជាពលករ ចំពោះអ្នកដែលមានជាប់ជំពាក់​កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់​ណា​មួយដែលអាចធ្វើទៅបាន។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ស្ថាប័នទាំងពីរបញ្ជាក់ថា ខ្លួននឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្ហាញថា ​បច្ចុប្បន្នមានពលករកម្ពុជាប្រមាណ​១លាន ​៣សែន​ ៨ម៉ឺន​នាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត ៣ ពាន់លានដុល្លារ​ក្នុង១ឆ្នាំៗ៕

Share

ព័ត៌មានទាក់ទង