រាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងដោយឱ្យមន្ដ្រីសុខាភិបាលយកចិត្តទុកដាក់លើស្ដ្រីអ្នកកែសម្ភស្ស ដោយសម្ដេចថា នេះជាសិទ្ធិរបស់ពលរដ្ឋក្នុងការកែប្រែខ្លួន តែត្រូវយកចិត្តទុកដាក់លើសុខភាពផងដែរ។ ការថ្លែងបែបនេះ ខណៈសម្ដេចចូលរួមពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នៅខេត្តពោធិ៍សាត់។
ក្រៅពីការលើកស្នើទៅកាន់ក្រសួងសុខាភិបាល ឱ្យយកចិត្តទុកដាក់លើសុខភាពស្ដ្រីដែលកែសម្រស់ សម្ដេច ហ៊ុន សែន បានអំពាវនាវដល់ស្ដ្រីសុំកុំធ្វើការកែសសម្ភស្សច្រើនពេក ដែលប្រការនេះអាចបណ្ដាលឱ្យជួបបញ្ហានាថ្ងៃខាងមុខ។
ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅថ្មីៗនេះ មានករណីស្ដ្រីវ័យជាង៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយការវះកាត់សុដន់ នៅគ្លីនិចកែសម្ភស្សមួយកន្លែងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈការធ្វើកោសល្យវិច័យរបស់មន្ដ្រីជំនាញបានឱ្យដឹងថា បណ្ដាលមកពីខុសបច្ចេកទេសក្នុងការវះកាត់៕