តាកែវ៖ ក្រោយពីចាប់យកជំនាញ និងអនុវត្តន៍ការដាំដុះ និងចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេសកសិកម្មពីសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ ស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកតាំ្រកក់ ខេត្តតាកែវ ប៉ុន្មានឆ្នាំមកគ្រួសារអ្នកស្រី ខាត់ ចាន់ធី ត្រូវបានអាជ្ញាធរឃុំវាយតម្លៃឱ្យចាកចេញពីបញ្ជីគ្រួសារក្រីក្រកម្រិត១។ ការចាត់ថ្នាក់ឱ្យរួចផុតពីស្ថានភាពគ្រួសារក្រីក្របែបនេះ ដ្បិតស្ថានភាពសេដ្ឋកិច្ចគ្រួសារមានភាពល្អប្រសើរវិញ ខណៈគ្រួសារអ្នកស្រីដាំដំណាំចម្រុះវិលជុំ និងមានចិញ្ចឹមសត្វខ្លះផង ដែលអាចលក់មានចំណូលទៀងទាត់សមរម្យ។
តើអ្នកស្រី ខាត់ ចាន់ធី បានប្រឹងប្រែងខិតខំលើការងារកសិកម្មរបស់ខ្លួនយ៉ាងណាខ្លះ ទើបអាចរំដោះខ្លួនពីគ្រួសារក្រីក្របាន? តទៅនេះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍របស់អ្នកស្រី វ៉ាយ វត្តី ដូចតទៅ។
កាលពីបីឆ្នាំមុនអ្នកស្រី ខាត់ ចាន់ធី និងសមាជិកគ្រួសារត្រូវងើបពីព្រលឹមទៅស្រែរបស់ខ្លួនទំហំ ២០អា ដើម្បីដកស្ទូងនិងមើលថែទាំ ដែលគ្រានោះគ្រួសាររបស់អ្នកស្រីហូបចុកមិនគ្រប់គ្រាន់នោះទេ ប្រការនេះធ្វើឱ្យអាជ្ញាធរមូលដ្ឋានចាត់ថ្នាក់គ្រួសាររបស់អ្នកស្រីចូលជាគ្រួសារក្រីក្រកម្រិត១ ដែលស្ថិតក្នុងស្ថានភាពខ្វះខាតខ្លាំង។ ក៏ប៉ុន្តែរយៈពេលបីឆ្នាំក្រោយមកនេះ អ្នកស្រី ខាត់ ចាន់ធី និងគ្រួសារក៏នៅតែងើបពីព្រលឹមដដែល តែអ្នកស្រី និងសមាជិកគ្រួសារពុំមែនទៅស្រែទៀតនោះទេគឺទៅសួនបន្លែ និងចម្ការដំណាំ និងទៅដាក់ចំណីសត្វចិញ្ចឹមជំនួសវិញ ព្រោះគ្រួសារបានប្តូរមកធ្វើកសិកម្មវិលជុំជំនួសការធ្វើស្រែតែមួយមុខ។
ការផ្លាស់ប្តូរមកធ្វើកសិកម្មវិលជុំគ្រានេះ បានធ្វើឱ្យគ្រួសាររបស់អ្នកស្រី ខាត់ ចាន់ធី មានជីវភាពធូរធារប្រសើរឡើងរួចចាកផុតពីស្ថានភាពគ្រួសារក្រីក្រ ក្រោយពីអាជ្ញាធរត្រួតពិនិត្យវាយតម្លៃឡើងវិញឃើញថា គ្រួសារអ្នកស្រីមានលទ្ធភាពល្អ និងជីវភាពប្រសើរមិនចាំបាច់ប្រើប័ណ្ណក្រីក្រនោះទេ។
ការរើខ្លួនចាកចេញពីស្ថានភាពគ្រួសារក្រីក្របែបនេះ បន្ទាប់ពីអ្នកស្រី ខាត់ ចាន់ធី បានចូលរួមជាសមាជិកសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ ដែលសហគមន៍នេះត្រូវបានគាំទ្រជំនួយបច្ចេកទេស និងគ្រប់ពូជពីអង្គការ Hellen Keller ។
«ព្រោះអីជីវភាពខ្ញុំកាលពីមុន ខ្ញុំហូបអត់គ្រាន់ទេ ធ្វើស្រែ ខ្ញុំដាំបន្លែ ខ្ញុំហូបគ្រប់គ្រាន់ បានសល់ខ្លះជីវភាពខ្ញុំបានធូរធារ»។
ក្នុងអំឡុងពេលសិក្សាជាមួយសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ ស្រ្តីវ័យ៤៨ឆ្នាំរូបនេះបានរៀនសូត្រពីបច្ចេកទេសនានាជុំវិញការដាំដុះ ដូចជា ជ្រើសពូជ រៀបរោងបន្លែ វិធីថែទាំ ការផលិតនិងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ ពិសេសចេះដឹងពីការតភ្ជាប់ទីផ្សារផងដែរ។ ចំណែកបច្ចេកទេសចិញ្ចឹមសត្វវិញ អ្នកស្រីបានយល់ដឹងពីរបៀបចិញ្ចឹម ការធ្វើវ៉ាក់សាំងការពារនិងវិធីព្យាបាលជំងឺសត្វ ដើម្បីទទួលទិន្នផលខ្ពស់។ អ្នកស្រី ខាត់ ចាន់ធី បង្ហាញក្តីមោទនយ៉ាងខ្លាំងនៅពេលទទួលបានចំណេះជំនាញកសិកម្ម ដែលអាចជួយឱ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារឡើងវិញ រហូតគ្រួសារអ្នកស្រីរួចចេញពីបញ្ជីនៃគ្រួសារក្រីក្រ។
អ្នកស្រី ខាត់ ចាន់ធី បន្តថា ចាប់ពីទទួលបានការគាំទ្រជំនាញបច្ចេកទេសពីសហគមន៍និងទទួលបានពូជដំណាំពីអង្គការ Hellen Keller អ្នកស្រីបានអនុវត្តន៍ដោយការចេះដាំដុះដំណាំវិលជុំ និងចិញ្ចឹមសត្វបន្ថែម ដែលអាចទទួលកម្រៃជាប្រចាំ ខុសកាលគ្រាមុនដែលអ្នកស្រីធ្វើស្រែតែមួយមុខ។
អ្នកស្រី ខាត់ ចាន់ធី ៖«កាលពីមុនមកខ្ញុំលំបាក ព្រោះមានស្រែតែប៉ុណ្ណឹង២០អាយើងនៅភូមិផង យើងធ្វើស្រែផង ហើយយើងហូបមិនគ្រាន់ ក៏ធ្វើស្រែចម្ការដំណាំ អាចយើងហូបបាន ហូបគ្រប់គ្រាន់ហើយជីវភាពធូរធារ ពេលខ្ញុំដាំដំណាំ ឃើញធូរធារក៏ លែងក្រ ក៏មានទៅ មានហូបគ្រប់គ្រាន់ហើយ»។
បង្កើតឡើងកាលពីឆ្នាំ២០១០ សហគមន៍កសិកម្ម ត្រពាំងស្រង៉ែ មានសមាជិកតែខ្ទង់៦០គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ សហគមន៍មានសមាជិកកើនឡើង១៦០គ្រួសារហើយ។ ចំពោះសមាជិកដែលចូលរួមក្នុងសហគមន៍ពួកគេទទួលបានទទួលចំណេះជំនាញផ្នែកកសិកម្ម និងក្លាយជាសមាជិកក្រុមផលិតបន្លែ ក្រុមផលិតស្រូវពូជ ផលិតចំណីមាន់ ចិញ្ចឹមមាន់ និងក្រុមសន្សំផងដែរ។ រហូតមកដល់ពេលនេះ សហគមន៍មានការអភិវឌ្ឍជាច្រើនដូចជា ផ្លូវសហគមន៍ អគារសហគមន៍ ឃ្លាំងស្រូវ និងពូជស្រូវ ពូជបន្លែជាដើម។ នេះបើតាមការបញ្ជាក់ពីប្រធានសហគមន៍ត្រពាំងស្រង៉ែ។
អ្នកស្រី ង៉ែត ម៉ើ ប្រធានសហគមន៍កសិកម្មត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងបន្ថែមថា ក្រៅពីការជំរុញដល់កសិករដាំដុះបង្កើនជីវភាពគ្រួសារហើយ សហគមន៍កសិកម្មក៏ជំរុញដល់កសិករដាំបន្លែទាក់ទងនឹងអាហារូបត្ថម្ភផងដែរ ដោយផ្តោតទៅលើស្រ្តីនិងកុមារ រួមមានបន្លែធម្មជាតិដូចជាពពួកស្លឹក ពពួកមើម និងគួរ ដើម្បីការទទួលទានបានសុខភាពល្អ។ អ្នកស្រីបន្តថា ក្រៅពីផ្គត់ផ្គង់សម្រាប់គ្រួសារបានបរិភោគរួចហើយ បន្លែទាំងនោះក៏ត្រូវបានយកទៅលក់នៅឯផ្សារអង្គតាសោម ឬលក់នៅតាមមុខរោងចក្រ និងនៅទីតាំងផ្ទះកសិករផ្ទាល់ផងដែរ។
អ្នកស្រី ង៉ែត ម៉ើ៖ «គ្រួសារកសិករមានការប្រែប្រួលពីមុនមកមានការខ្វះខាតច្រើន តែក្រោយពីមានការសហការគ្នាទៅលើបច្ចេកទេសដំាំលើដំណាំវិលជុំ ទៅលើបច្ចេកទេសមាន់ ទៅលើពូជ មានដៃគូសហការពីខាងមន្ទីរកសិកម្ម ហៅកាត់ថា គម្រោងខ្សែចង្វាក់ផលិតកម្ម មួយទៀតយើងអភិវឌ្ឍន៍សហការជាមួយអង្គការ Helen Keller ទើបរយៈពេលមួយឆ្នាំទេ និងមួយទៀតយើងសហការជាមួយអង្គការយូនីហ្វ័រខប ទៅតាមរយៈសហភាពសហគមន៍ត្រាំកក់»។
ងាកមកបច្ចេកទេសនៃការដាំដំណាំវិលជុំវិញ ប្រធានសហគមន៍រៀបរាប់ថា គឺកសិករត្រូវដាំដំណាំចម្រុះមានដូចជា ត្រសក់ ស្ពៃ ផ្ទី ត្រកួន ត្រឡាច ល្ពៅ ជាដើម។ ការដាំវិលជុំ សម្រាប់ត្រសក់ផ្អរ ដាំត្រឹមពីរទៅបីដង រួចត្រូវផ្លាស់ប្តូរដីដោយដាំដំណាំផ្សេងវិញជំនួស ដើម្បីកុំឱ្យដីស៊ាំនឹងដំណាំដដែលធ្វើឱ្យទិន្នផលធ្លាក់ចុះ។
ជុំវិញគម្រោងលើកស្ទួយជីវភាពនិងអាហារូបត្ថម្ភគ្រួសារកសិករក្នុងសហគមន៍ត្រពាំងស្រង៉ែនេះ កញ្ញា ឈិត ឆពុំ អ្នកសម្របសម្រួលថ្នាក់ខេត្តនៃអង្គការHellen Keller អន្តរជាតិប្រចាំនៅកម្ពុជា បានប្រាប់ឱ្យដឹងថា អង្គការបានអនុវត្តគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ» នៅខេត្តចំនួន ៣ រួមមានខេត្តកំពង់ធំ កំពត និងតាកែវ។ ក្នុងនោះមានកសិករជាង ៤១០០គ្រួសារ ទទួលបានផលពីគម្រោងអាហារូបត្ថម្ភ ដែលផ្តោតលើ កសិកម្មដែលកសិករដាំដុះជាលក្ខណៈគ្រួសារសម្រាប់បរិភោគក្នុងគ្រួសារប្រចាំថ្ងៃ និងសេសសល់អាចយកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
កញ្ញា ឈិត ឆពុំ៖« សម្រាប់ខេត្តតាកែវនេះមានកសិករចំនួនជិត១០០០នាក់ទទួលបានគ្រាប់ពូជបន្លែចំនួន១៤មុខ ពូជស្រូវសម្រាប់កសិករដាំស្រូវចំនួន២មុខមានពូជស្រូវសែនក្រអូប និងសែនរំដួល រួមទាំងផ្តល់ជាជីសរីរាង្គឱ្យគាត់ផងដែរ»។
ជាមួយគ្នានេះ កញ្ញាឈិត ឆពុំ ក៏បានឱ្យដឹងអំពីគោលបំណងគម្រោងគឺ ចង់ឱ្យកសិករនៅតាមតំបន់ មានបន្លែលក្ខណៈគ្រួសារហូបគ្រប់គ្រាន់ និងមានសុវត្ថិភាព ចង់ឱ្យស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំទទួលបានអាហារូបត្ថម្ភ។
បច្ចុប្បន្ននេះអ្នកស្រី ខាត់ ចាន់ធី ដែលមានសម្បុរស្រអែម គ្រងដោយអាវផ្កាស្រស់ឆើត បានផ្តល់កិច្ចសម្ភាសន៍ដោយបង្ហាញស្នាមញញឹមញញែមសប្បាយចិត្តនឹងជីវភាពថ្មីលើទឹកដីចាស់ ដែលលែងខ្វះមុខខ្វះក្រោយដូចកាលពីបីឆ្នាំមុន។ទន្ទឹមនេះអ្នកស្រីជំរុញដល់ប្រជាកសិករក្រីក្រនៅក្នុងភូមិត្រូវរៀនបច្ចេកទេសកសិកម្ម និងដាំដំណាំវិលជុំដូចអ្នកស្រីដើម្បីកែប្រែជីវភាពបានធូរធារ និងល្អប្រសើរនៅថ្ងៃខាងមុខ។
អ្នកស្រី ខាត់ ចាន់ធី ៖ « ឥឡូវមានអារម្មណ៍សប្បាយចិត្ត អត់ដូចមុន កាលមុនយើងអត់ រកព្រឹកខ្វះល្ងាច កូននៅតូចៗ តែឥឡូវកូនគេការបែកផ្ទះគ្រប់គ្នាអស់ទៅ ឥឡូវនៅតែ៣នាក់អាចធូរបន្តិច ខ្ញុំអំពាវនាវដល់បងប្អូននៅក្នុងភូមិ អ្នកក្រីក្រដូចគ្នាធ្វើឱ្យបានដូចខ្ញុំ ដូចជាដាំដំណាំ វិលជុំ ដូចជាស្ពៃចង្កឹះ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ស្ពៃតឿ ត្រប់ ត្រឡាច ល្ពៅ »៕