en     km
en     km

ការលាតត្រដាងពីទុក្ខលំបាករបស់ស្រ្តីវ័យក្មេងដែលបានសម្រេចរៀបការនៅ​វ័យក្មេង

Share

២១%នៃក្មេងស្រីនិងស្រ្តីដែលមាន​អាយុពី​ចន្លោះ១៥-៤៩ឆ្នាំធ្លាប់មានបទពិសោធន៍ទទួលរងនូវ​អំពើហិង្សាពី​សំណាក់ដៃគូរបស់ខ្លួនប៉ុន្តែនៅពីក្រោយតួលេខទាំងនេះ​បាន​បង្ហាញ​រឿងរ៉ាវជាច្រើនរបស់ក្មេងស្រីមួយចំនួនដែលរស់នៅក្នុងសហគមន៍ត្រូវបាន​បោះបង់ចោលការសិក្សាហើយត្រូវបាន​គ្រួសាររៀបចំឱ្យរៀបអាពាហ៍ពិពាហ៍ដោយបាន​រំពឹងទុកថាអាចដោះ​ស្រាយ​បញ្ហា​ជីវភាពគ្រួសារពីភាព​ក្រីក្រ។ 

សិក្ខាកាមWMCបានជួបសម្ភាសន៍ផ្ទាល់ជាមួយក្មេងស្រ្តីនិងស្រ្តីដែលគាត់ជាជនជាតិដើមនិងស្រ្តីជាជនជាតិខ្មែរភាគច្រើន​បាន​បោះបង់​ការសិក្សាចោលទាំង​វ័យក្មេង​ ដែលពួកគេបានចែករំលែកពីស្ថានភាពគ្រួសារបស់ពីរៀបការរួច។ ​

យុវតី សឿង ស្រីនូ មាន​អាយុ ២០ឆ្នាំ ជាជនជាតិដើមភាគតិចកួយមានទីលំនៅខេត្តក្រចេះ បាន​រៀបរាប់ថានាងបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦និងបាន​សម្រេចចិត្ត​រៀបការក្នុងវ័យ១៥ឆ្នាំ ដោយគ្រួសារបានទុកដាក់ឱ្យនាងមានគ្រួសារ។

នាងបានរៀបរាប់ថាបន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី​របស់នាងមិនទទួលបាន​សុភមង្គលក្នងគ្រួសារនោះទេ។ដោយនាង​បានអះអាងថានាងបានទទួលរងអំពើហិង្សាពី​សំណាក់ស្វាមីរបស់នាងតាំងពី​នាងបានរៀបអាពាហ៍ពិពាហ៍និង​មានកូនក្នុងផ្ទៃមួយខែមក។

ស្រី នូ និយាយថា​​​​​​៖​ «ប្ដីវ៉ៃច្រើនដងណា៎[…] វ៉ៃតាំងពីពោះធំ​( កូនមួយខែ)ក៏វ៉ៃដែរ ធ្វើបាបតែរហូតហ្នឹង។»

នាងបន្ថែមថាសព្វថ្ងៃស៊ីឈ្នួលបោកខោអាវនិងដឹកស្ករឱ្យគេក្នុងមួយថ្ងៃអាចរកបាន២០,០០០​រៀលហើយនាងត្រូវមានបន្ទុកចិញ្ចឹមកូនតូចនិងម្ដាយចាស់តែម្នាក់ឯងបន្ទាប់ពីនាងបានលែងលះរយ:ពេល៥ឆ្នាំមកនេះ។ទោះជាស្រីនូមិនបានបន្តការសិក្សាបាន​ខ្ពង់ខ្ពស់តែនាងនិងខិតខំឱ្យកូនរបស់នាងបន្តការសិក្សាឱ្យមានចំណេះដឹងដើម្បីងាយស្រួលចិញ្ចឹមជីវិត។

ស្រី នូថា ៖«ខ្ញុំចង់ឱ្យកូនរៀនឱ្យចប់ថ្នាក់ ពេលមានកូនឱ្យកូនរៀនឱ្យចប់ទី១២​ ឱ្យវារកការងារត្រឺមត្រូវធ្វើ​ កុំឱ្យដូចខ្ញុំ​។ ​រៀនឱ្យចប់រកលុយបានសិនធ្វើផ្ទះធំបាននៅសិនចាំមានគ្រួសារតាមក្រោយ»។ 

ស្រដៀងគ្នានេះដែរ យុវតី ធី ស៊ីថាត មានទីលំនៅ​ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែល​មាន​អាយុ១៨ឆ្នាំបាន​លើកឡើងថា​នាង​បាន​សម្រចរៀបអាពាហ៍ពិពាហ៍នៅអាយុ១៥ឆ្នាំដោយសារតែ​នាង​បាន​បញ្ឈប់ការសិក្សា។

បន្ទាប់មកគ្រួសាររបស់នាងក៏បានរៀបចំអាពាហ៍ពិពាហ៍ចាប់តាំងពីពេលនោះមក។ក្រោយពី​រៀបការនាង​បាន​កត់​សម្គាល់ថា ខ្លួនមាន​​សុខភាពមិនល្អបន្ទាប់ពីមាន​ផ្ទៃពោះ។

ស៊ី ថាតថា ៖«សព្វថ្ងៃខ្ញុំមានកូនស្រីមួយ អាយុ៣ ឆ្នាំ ហើយសព្វថ្ងៃប្រកបរបរមើលកូនពេលដែលរៀបការហើយគឺខ្ញុំឧស្សាហ៍​សន្លប់​​និង ខ្សោយអស់កម្លាំងនិង​មានការធ្លាក់សជាដើម»។ 

នាង​មាន​ការសោកស្ដាយដែល​បាន​បោះបង់ការសិក្សា​និងឆាប់រៀបការទាំងវ័យក្មេង។នាង​បានបន្ថែមថានៅ​ពេលដែលកូនធំឡើងនោះនឹងផ្គត់ផ្គង់ឱ្យកូនរៀនបានខ្ពស់មិនឱ្យ​ដូចនាង​នោះឡើយ«ខ្ញុំមិនឱ្យកូនរៀបការវ័យក្មេង​ ដូ​ចខ្ញុំនោះទេ គឺឱ្យគាត់រៀនបន្ត ឱ្យបានចប់ថ្នាក់»។ 

លោកស្រី ប៉ុក​ សំ ដែល​មាន​ទី​លំនៅ​ស្រុកសំបូរខេត្តក្រចេះជា​អាណាព្យាបាល​ម្នាក់​បាន​លើកឡើង​ថាកត្តា​ដែលអ្នក​ស្រី​សម្រច​ឱ្យកូន​រៀប​ការដោយសារ​កត្តា​​ជីវ​ភាព​។ប៉ុន្តែបន្ទាប់ពី​រៀបការស្រ្តី​បាន​កត់​សម្គាល់ថា​ជីវភាពរបស់កូនកាន់តែពិបាកនិង​មិនមាន​ការងារធ្វើដើម្បីផ្គត់ផ្គង់គ្រួសារដោយសារតែ​នៅ​វ័យក្មេង​ពេក។

លោកស្រី​បាន​និយាយថា៖«បន្ទាប់ពីរៀប​ការរួចនៅ​តែ​ យើងនៅ​តែជួប​ជីវ​ភាព​ខ្វះ​ខាត សង្គមគ្រួ​សារ​មិនសប្បាយ​ចិត្ត ឈ្លោះតែគ្នា ប្រកែកតែ​គ្នា​ដោយសារ​តែជីវភាព​ខ្វះខាត​។ ឈ្លោះគ្នាជាញឹកញាប់មួយថ្ងៃៗពីរបី​ដង។ឈ្លោះគ្នាដោយសារកូន(​កូនតូច)រកលុយកាក់មិនបាន​មើលកូនពេលកូនឈឺពេកកូនគ្រុនពិបាកដល់ពុកម្ដាយទៀតដែលយើងត្រូវជួយកូន»។ 

 

យ៉ាងណា​មិញលោកស្រី​ក៏​បាន​ផ្ដល់នូវគំនិតសម្រាប់អា​ណា​ព្យា​បាលផ្សេងគួ​រតែមាន​ការ​លើក​ទឹកចិត្តឱ្យកូនសិក្សារៀនសូត្របន្ថែមនិង​​មិន​ចង់ឱ្យមាន​បន្តទៀតនូវ​ការ​រៀបចំឱ្យកូន​ចៅ​មាន​គូស្រករវ័យក្មេងនោះទេ។

លោកស្រី​បន្តថា៖ «ឱ្យលុបបំបាត់ទៅការប្ដី​ប្រពន្ធ​ក្មេងៗពេក អាយុ២៥ទៅ២៦អីស្រីៗចាំឱ្យ​រៀបការបើយកប្ដីប្រពន្ធក្មេងៗពេក​ពិបាកពុកម្ដាយណាស់ដូច​ខ្ញុំជាដើមបន្ទុកធ្លាក់លើខ្ញុំខ្ញុំគិតថា​ឱ្យរៀបការនឹងថាមាន​ជីវភាពធូរធារនឹងគេ  តែនៅ​តែពិបាកដដែរ»។ 

មិនខុសគ្នាប៉ុន្មានអាណាព្យាបាលម្នាក់ទៀតលោកស្រី ​អ៊ុ ហំ អាយុ៨៦ឆ្នាំមាន​ទីលំនៅនៅស្រុកសំបូរខេត្តក្រចេះបានក៏​បាន​លើកឡើងនូវបញ្ហា​ស្រដៀងគ្នានេះដែរបានគិតថាលោកស្រីត្រូវមើលការខុសត្រូវបន្ទាប់ពី​ចៅត្រូវបាន​ចែក​​ផ្លូវនិង​ទទួលរងអំពើហិង្សា។​

លោកស្រី អ៊ុ ហំ លើកឡើងថា៖«យើងចាស់ហើយយើងមានអីចិញ្ចឹមវាយើងមានអីរកមួយព្រឹកបាន៥០០០បោកខោអាវឱ្យគេ​ជួលកាល១០,០០០រៀលជួនកាល៥,០០០រៀលហើយមិនមែនបោករាល់ថ្ងៃណា​ពីរទៅបីថ្ងៃបានបោកម្ដង»។   

លោកស្រីបានបន្ថែមថាគាត់ក៏មិនចង់ឱ្យក្មេងនៅតែបន្តរៀបការនៅវ័យក្មេងទៀតទេរដោយសារតែជីវភាពសេដ្ឋកិច្ចគ្រួសារដែលលោកស្រីបានជួបវាមានបញ្ហាដូច្នោះមិនចង់ឱ្យមានអំពើហិង្សាផ្សេងឃើញកើតមានបន្តទៀតទេ។​

សម្រាប់ទស្សន:លោកជិន សារ៉ន​ អាយុ៣៨ឆ្នាំជាគ្រូបង្រៀននៅមឋមសិក្សាមួយក្នុងឃុំស្វាយចេកខេត្តក្រចេះលោកបាន​លើកឡើងថាបញ្ហា​ការបោះបង់ការសិក្សាទាំងវ័យក្មេង​និងរៀបការមិនសូវ​មាន​ច្រើនប៉ុន្មាន គឺប្រហែលជា​៥%​នោះទេសម្រាប់ឃុំរបស់លោកហើយលោកបានសង្កេត​ឃើញថា​កត្តា​ចម្បងដែលធ្វើឱ្យសិក្សា​បោះបង់ការសិក្សាដោយសារកត្តា​ជីវ​ភាព​ខ្វះខាត។

លោក ជិន សារ៉ន៖«ភាគច្រើនដែលយើងឃើញ​គឺសិស្សស្រីដែលបានបោះបង់ការសិក្សា​ចោល ហើយភាគច្រើនគឺមក​ពី​កត្តា​ជីវភាព គឺថាជីវភាពរបស់គេខ្វះខាត គ្មានលទ្ធភាព​រៀនតខ្លះគ្នា​ទៅតាមពុកម្ដាយទៅធ្វើការតាមបណ្ដាស្រុកឆ្ងាយៗចឹងហាហើយក៏បានបោះបង់ការសិក្សារួចហើយពេលមកវិញ ឈប់រៀនអត់ចូលរៀនខ្មាស់គេលែងហ៊ានរៀន រួចក៏យកប្ដី»។ 

លោកបានរៀបរាប់ថាក្នុងករណីដែលសិក្សាបោះបង់ការសិក្សាទាំងវ័យក្មេងវា​អាចធ្វើឱ្យពួកគេ​មិនមាន​ការយល់ដឹងច្រើនរួចហើយប្រឈមនឹងការលែងលះនិងគ្នា​មាន​ច្រើនលោកបានបន្ថែមថាមានតិចណាស់ដែលក្មេងអាចរស់នៅ​ចុះសម្រុងនឹង​គ្នាបាន។

លោកក៏បានធ្វើការ​សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីផលលំបាកនៃការមានប្ដីប្រពន្ធវ័យក្មេង និង​ជួយជំរុញឱ្យប្រជាពលរដ្ឋ យល់ដឹងឱ្យបាន​ច្រើនពីបញ្ហាកូនដែលមិនទាន់គ្រប់អាយុ មិនត្រូវឱ្យឈប់រៀននោះទេ។  យ៉ាងណាលោកថាកត្តាសំខាន់គឺត្រូវជួយអប់រំប្រជាពលរដ្ឋនៅតាមភូមិឃុំរបស់យើងឱ្យយល់ដឹងឱ្យបានច្រើននិងឱ្យបានយល់ដឹងទូលំទូលាយ។

លោក អួន សារ៉េន មេ​ភូមិ​សំបូរ បាន​និយាយថាលោកបាន​សង្កេតឃើញថា ជា​ទូទៅនៅក្នុង​ភូមិយុវជនបាន​សម្រេចចិត្ត​រៀបបការទាំង​វ័យក្មេង​គឺជាក់ស្ដែងពី​អា​យុ១៥ទៅ១៨​ឆ្នាំ។ហើយ​បាន​បោះបង់ការ​សិក្សា​ចោល​ដើម្បីមាន​គ្រួសារភាគច្រើនគ្រួសារ​ជួបវិបត្តិសេដ្ឋកិច្ច។​

លោក​បាន​បន្ថែមថាបន្ទាប់ពីរៀបការហើយភាគ​ច្រើន​ពួកគេបាន​ប្រកបរបរ​ស៊ី​ឈ្នួល​គេ​ ហើយ​ភាគ​ច្រើនបាន​ចំណាកស្រុក ដើម្បី​រក​ប្រាក់ចំណូល។

អួន​សារ៉េន​និយាយថា៖«កូនសិស្សនៅទៅនេះបោះបង់ការសិក្សាច្រើនហើយភាគច្រើននៅ​ទីនេះ​គឺពិបាករឿងលុយពុកម្ដាយរត់មិនរួចទាល់តែពួកគេ​ឈប់រៀនចឹងហើយក៏រៀប​ចំឱ្យ​មាន​គូរ​ស្រករមានគេចូលមកសួរដល់ម្ដាយពុកមានខ្លះជំរិតគ្នា រត់តាមគ្នាមិនថាប្រុសមិនថាស្រី»។

លោកបន្ថែមថា​ពួកគេ​មាន​ប្តីប្រពន្ធ​រួចពួកគេ​ចាកចេញពីស្រុកទៅ អ្នកខ្លះទៅ​ភ្នំពេញ​ អ្នកខ្លះ​ទៅរតនគិរី ធ្វើចម្ការចន្ទីឬចម្ការដំឡូដើម្បីរកប្រាក់ចំណូល។​បើតាម​ច្បាប់​ទាល់តែ​អាយុ១៨​បាន​គេ​ឱ្យ​ធ្វើសម្រាប់មនុស្សស្រី តែ​សព្វថ្ងៃនេះមេឃុំ​ចេះ​តែ​យោគយល់បើមនុស្សប្រុសពី​ ទៅ​២០​ឆ្នាំ។

លោក យី គីមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានកត់សម្គាល់ថាកាលណាដែលកុមាររៀបការនៅវ័យក្មេងពេកជំរុញ ឱ្យពួកគាត់បានបោះបង់ចោលនូវការសិក្សា​ និងប្រឈមបញ្ហាសុខភាព​ជា​ដើម។

លោកគីមថាននិយាយ៖«ពួកគាត់នឹងបោះបង់ចោលការសិក្សាដែលធ្វើឱ្យអនាគត់របស់គាត់ជួបផលលំបាកជួនការក្រលំបាកដោយសារគាត់មិនមានជំនាញចំណេះដឹងសម្រាប់ចិញ្ចឹមជីវិតនៅថ្ងៃខាងមុខកក្តាទី២នៅពេលគាត់មានកូនកូននឹងអាចមានការប្រឈមនឹង​ការខ្វះគីឡូកូនមិនគ្រប់គីឡូកូនហ្នឹងអាចជួបបញ្ហាជំងឺក្រិនស្គមស្គាំងធ្វើឱ្យបញ្ហាស្មារតី​របស់គាត់គឺមិនបាន​ល្អដូច​ក្មេងដទៃទេ ម្ដាយនៅក្មេងពេលគាត់មិនសូវចេះដឹង​នៅ​ក្នុងការថែទាំរបស់កូនរបស់គាត់។ ទី៣ វាអាចទាក់ទងនឹងអំពើហិង្សា យើងឃើញហើយការដែលគាត់គិតមិនបានវែងឆ្ងាយ យើងឃើញជាញឹកញយអាចឈានដល់ការលែងលះគ្នាផងដែរ។ មួយវិញទៀត វដ្ដក្រក្រីវាអាចនឹងបន្តវដ្តក្រីក្រពីជំនាន់មួយទៅជំនាន់មួយដោយសារតែគាត់មិន​មានជំនាញសម្រាប់ចិញ្ចឹមជីវិត»។ 

លោកបានរៀបរាប់ថាសម្រាប់កក្ដា​មួយចំនួនដែលធ្វើឱ្យមានការរៀបការនៅតែមានគឺបណ្ដាលមកពី កក្តាជំនឿ ផ្នត់គំនិតយេនឌ័រ ផ្នត់គំនិត​សង្គមដែលគិតថា ក្មេងស្រីមិនគួររៀនច្រើនពេកនោះទេក្មេងស្រីមិនគួរនៅចាស់ពេកទេអាច​ថានឹងមិនមានគូស្រករជាដើម។

លោកបន្តថា៖ «ក្មេងស្រីគួរតែយកប្ដីទៅដើម្បី មានប្ដីជាជំហរសម្រាប់គ្រួសារ ចឹងហើយផ្នត់គំនិតសង្គម ផ្នត់គំនិតយេនឌ័រ ណឹងហើយជាកក្ដាមួយធំ។ កក្ដាភាពក្រីក្រក៏ជម្រុញឱ្យឈប់រៀនហើយយកគ្រួសារដោយគិតថាបុរសជាជំហរគ្រួសារអាចរកចំណូលបានសម្រាប់គ្រួសារ»។ 

លោកក៏បានសង្កត់ធ្ងន់​ដើម្បី​ដោះស្រាយបញ្ហាទាំងអស់គ្នា​លោកថាវាទាមទារឱ្យ​មានការសហការគ្នាពី​គ្រប់ភាគីពាក់ព័ន្ធក្រសួងស្ថាប័នរដ្ឋ​ ស្ថាប័នឯក ជនយុវជន អង្គការសង្គមស៊ីវិលទាំងអស់ចូលរួមដើម្បីដោះស្រាយ។កាលណាឱ្យកុមាររៀបការណ៍វ័យក្មេងវាមិនមែនជារឿងប្រពៃណីមិនមែនជា​រឿងដែលធ្វើទៅគ្មានបញ្ហានោះឡើយ លោកថាវាអាចបង្កផលលំបាកសម្រាប់ក្មេងស្រីទៅថ្ងៃអនាគត។

លោកបន្ថែមថា៖សម្រាប់អង្គការភ្លែនយើងកំពុងតែធ្វើការជាមួយក្រសួងកិច្ចការនារីយើងរៀបចំឱ្យមាន​ផែនការសកម្មភាពជាតិដើម្បីឆ្លើយតបនិងការការពារពីការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារនិងការមានផ្ទៃពោះនៅវ័យជំទង់ចឹងហើយដែនការសកម្មភាពនេះ​នឹងដាក់ចេញនូវយុទ្ធសាស្រ្តក៏ដូចជាសកម្មភាព បទអន្តរាគមន៍ផ្សេងៗដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង ចឹងជាការឆ្លើយតបរយះពេលវែងហើយសម្រាប់ការឆ្លើយតបរយះពេលខ្លីអង្គការភ្លែនមានគម្រោងទប់ស្គាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារគឺធ្វើមិចមានការអប់រំទៅដល់ក្មេងស្រី​បន្តការរៀនសូត្រនៅតាមសាលារៀន កុំឱ្យគាត់បោះបង់ការសិក្សា»។ 

យោងតាមរបាយការណ៍​ការស្ទង់មតិប្រជាសាស្រ្តនិងសុខភាពកម្ពុជា២០២១-២០២២   ស្រ្តីកម្ពុជា​ជាង២១%​បានជួបប្រទះអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ឬអារម្មណ៍ស្និទ្ធស្នាលជាមួយដៃគូក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃប៉ុន្តេវាត្រូវបានធ្លាក់ចុះបើប្រៀបធៀបទៅនឹងការស្ទង់មតិមុនៗ។ដោយភាគរយនៃស្រ្តីដែលមាន​អាយុ១៥-៤៩ឆ្នាំ​ដែលធ្លាប់ជួបប្រទះអំពើហិង្សាផ្លូវកាយផ្លូវភេទអារម្មណ៍ឬសេដ្ឋកិច្ចពីសំណាក់ដៃគូរបស់ពួកគេបានថយចុះពី ២៩%​ក្នុងឆ្នាំ ២០១៤ដល់ ២១% ក្នុងឆ្នាំ ២០២១។

ចំណែករបាយការណ៍របស់អង្គការភ្លែនកម្ពុជា​បាន​​ បាន​បង្ហាញថា​ យ៉ាងហោចណាស់ ចំនួននៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេង នៅក្នុងប្រទេសកម្ពុជា មានការថយចុះ តែតំបន់ភូមិសាស្រ្តមួយចំនួន អត្រាប្រេវ៉ាឡង់នៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ ឆ្នាំ នៅតែខ្ពស់នៅឡើយ។ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេងមានផលប៉ះពាល់ជាច្រើនដល់ក្មេងស្រី ដូចជាសុខភាពបន្តពូជ សុខភាពផ្លូវចិត្ត ការរំលូតកូនដោយអសុវត្ថិភាព អំពើហិង្សាក្នុងគ្រួសារ បាត់បង់សិទ្ធិសេរីភាព ការធ្វើសេចក្តីសម្រេចចិត្តជាដើម៕

 

អត្ថបទព័ត៌មាន ផលិតដោយ កញ្ញា ឆន​ រស្មី និងកញ្ញា​ សម្បតិ និច្ច

ឧបត្ថម្ភការផលិតដោយ International Media Support (IMS)

 

Share

ព័ត៌មានទាក់ទង