en     km
en     km

ពលរដ្ឋនៅស្រុកគាស់ក្រឡ ស្នើសុំច្រូតស្រូវរបស់ខ្លួន លើផ្ទៃដី៧០ហិចតា

Share

  

ពលរដ្ឋឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងលើកគ្នាតវ៉ា ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ។    ប្រភពរូបភាពពីពលរដ្ឋ។

 

ប្រជាពលរដ្ឋស្ថិតនៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងស្នើអភិបាលស្រុកអនុញ្ញាតឲ្យពួកគេអាចស្រូតស្រូវ និងប្រមូលផលដំឡូងរបស់ខ្លួនប្រមាណ៧០ហិចតាលើផ្ទៃដីសរុប៨០ហិចតានៃដីសម្បទានដែលលោកឧកញ៉ា លឹម ទាឡេង ផ្តល់ឲ្យប្រជាពលរដ្ឋនៅទីនោះកាលពីឆ្នាំ២០០៨-២០០៩ ខណៈបច្ចុប្បន្នមេការថ្មីរបស់លោក កំពុងមានបញ្ហាជាមួយប្រជាពលរដ្ឋសារជាថ្មី បន្ទាប់ពីបញ្ចប់វិវាទនឹងគ្នាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

ថ្មីៗនេះ កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានចោទមេការរបស់ឧកញ៉ា លឹម ទាឡេង ថាបានលួចច្រូតស្រូវរបស់ពួកគេ ប្រម៉ាណ១ហិចតា ហើយកាលពីឆ្នាំ២០២៣ មេការបស់ឧកញ៉ាដដែលនេះបានលួចច្រូតស្រូវអស់ជាង២ហិចតា។ តាមរយៈប្រជាពលរដ្ឋបានអះអាងថា ពួកគេបានប្រកបផលដំណាំតែត្រឹមដីសម្បទានដែលជាចំណែករបស់ប្រជាពលរដ្ឋនោះទេ ពុំបានរំលោភលើដីរបស់ឧកញ៉ា លឹម ទាឡេង ដូចដែលការចោទរបស់មេការថ្មីរបស់លោកនោះឡើយ។ ម្យ៉ាងវិញទៀតដីនោះខាងសុរិយោដីទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត បានវាស់វែង៣-៤ដងរួចទៅហើយ  ថាដីដែលប្រជាពលរដ្ឋអាស្រ័យផលនោះ គឺត្រូវទៅតាមការវាស់របស់សុរិយោដី។ លោក សឿន ខន ជាម្ចាស់ស្រូវដែលគេបានលួចច្រូតកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងជាតំណាងប្រជាពលរដ្ឋបានប្រាប់វិទ្យុស្ត្រីថា មេការថ្មីជំនួសតំណែងមេការដែលបានទទួលអនិច្ចកម្មទៅនោះ ត្រូវបានគេស្គាល់ឈ្មោះថា សៀម សឿត។ តាមរយៈប្រជាពលរដ្ឋ លោក សៀម សឿតថា ភាគីខាងខ្លួនបានបាត់ដីអស់១៥០ហិចតាហើយចោទថា ប្រជាពលរដ្ឋបានកាន់កាប់ដីទាំង១៥០ហិចតានោះ ខណៈដីដែលប្រជាពលរដ្ឋអាស្រ័យផលនោះ លោក សឿន ខន តំណាងប្រជាពលរដ្ឋអះអាងថា ជាដីដែលប្រជាពលរដ្ឋបានអាស្រ័យផលគឺត្រឹមតែដីដែលថ្នាក់ខេត្តផ្តល់ឲ្យប៉ុណ្ណោះ ពុំមានការធ្វើលើសចំនួនដីនោះទេ។ ម្យ៉ាងវិញទៀតលោកបន្តថា ខាងមេការថ្មីក៏មិនព្រមយកលិខិតអ្វីមកបញ្ជាក់ឲ្យច្បាស់ថា ប្រជាពលរដ្ឋពិតជាបានធ្វើរំលោភលើដីដែលលើសពីកម្មសិទ្ធរបស់ខ្លួននោះឡើយ។

«អាហ្នឹងខាងមេការគេនិយាយថា ខេត្តហ្នឹង ជំនាញខេត្តវ៉ាស់វែងដីប្រជាពលរដ្ឋហ្នឹងថាអត់ត្រឹមត្រូវ ថាអត់ត្រឹមត្រូវ ដីគេបាត់អស់ដល់ទៅ១៥០ហិចតាអ៊‌ីចឹងអ្ហឹៈ! គេថាដីគេបាត់១៥០ហិចតា អ៊‌ីចឹងគេថា ដីហ្នឹងប្រជាពលរដ្ឋកាន់កាប់ដីដែលលើស១៥០ហិចតាហ្នឹង។ តាមការពិតប្រជាពលរដ្ឋគាត់អត់មានធ្វើលើសពីហ្នឹងទេ ដីដែលខេត្តឱ្យប៉ុន្មានគាត់អាស្រ័យផលតែប៉ុណ្ណឹងទេ»។

ចំណែកលោក ពរ ប៉ាង ជាតំណាងប្រជាពលរដ្ឋនៅទីតាំងខាងលើមួយរូបទៀត នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបានបញ្ជាក់បន្ថែមទៀតថា ខាងសុរិយោដីបានទាំងថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត និងក្រសួងដែនដីបានវាស់ឲ្យប្រជាពលរដ្ឋ៣-៤ដងរួចទៅហើយ គឺអំឡុងខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ទើបឈានដល់ការផ្ទេរសិទ្ធដល់ប្រជាពលរដ្ឋចូលអាស្រ័យផល ដោយយោងលើឯកសារ២០១៨ និងឆ្នាំ២០២៤។ ប៉ុន្តែនៅពេលប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡកៀកដល់ថ្ងៃប្រមូលផល បែរជាមានបញ្ហាខាងមេការរបស់​លោក ឧកញ៉ា លីម ទាឡេង ចូលលួចច្រូតស្រូវ និងចោទថា ការវាស់វែងដីធ្លីមានបញ្ហា និងមិនត្រឹមត្រូវទៅវិញ អ្វីដែលសំខាន់ពលរដ្ឋក៏មិនអាចចូលច្រូតស្រូវរបស់ខ្លួនបានថែមទៀតផង។​

«ខាងសុរិយោដីស្រុកវាស់វែងឱ្យពួកខ្ញុំនេះ៣ដងចំនួនស្រុក អាហ្នឹងសុរិយោដីស្រុកគាត់ចេះតែទៅពិនិត្យដោយសារតែភាគីម្ខាងទៀត បន្ទប់មកទៀតមកក៏សុរិយោដីស្រុកហ្នឹងបានវាស់វែង៣ដងរួចហើយគាត់មិនអស់ចិត្ត គាត់ក៏ហៅសុរិយោដីខេត្តមកវាស់នៅឆ្នាំ២០២៤នេះ អ៊‌ីចឹងបានជារឿងហ្នឹង រឿងថ្ងៃទី១៣ ខែ៥ ឆ្នាំ២០២៤នេះ គាត់បានវាស់វែងហើយគាត់ៗបានប្រគល់ផ្ទេរហ្នឹងដោយយោងទៅតាមឯកសារ២០១៨ និង២០២៤នេះ យោងតែ១ទេ ដោយសារឯកសារដើមហ្នឹងគឺមានតាំងពី ជា សុផារ៉ា គាត់មកវាស់វែងឱ្យ។ ដូច្នេះហើយបានជារឿងហ្នឹងហាស! មកដល់សព្វថ្ងៃនេះ មេការនេះនៅតែអះអាងថាអ្វីដែលវាស់វែងហ្នឹងគឺជា មិនទាន់ពិតប្រាកដទេ។»

តំណាងប្រជាពលរដ្ឋលោក សឿន ខន បន្ថែមថា ភាគីទាំងសងខាងមានផែនទីរួម ហើយការវាស់វែងពីសំណាក់សុរិយោដីគឺមាន ព្រំដីច្បាស់លាស់ត្រឹមត្រូវ ហើយប្រជាពលរដ្ឋក៏ពុំបានធ្វើហួសដែនកំណត់ បំពានលើកកិច្ចព្រមព្រៀងគ្នាកាលពីខែ ឧសភា ឆ្នាំ២០២៤នោះដែរ។

«អាហ្នឹងនិយាយរួមទៅពាក្យសំដីហ្នឹង ជាសំដីដែលខាងមេការលោក លីម ទាឡេង ទេ តែខេត្តគេចុះវាស់វែងគឺពិតប្រាកដ។ ដីគេមានព្រំ មានគោលដៅច្បាស់លាស់ របស់ខេត្តអ៊‌ីចឹងហាស!អ្នកស្រី ប៉ិនការចោទប្រកាន់នេះ អានេះចោទប្រកាន់ខាងសុរិយោដីហាសអាហ្នឹង ភាគីខាងលោក លីម ទាឡេង មេការហ្នឹងឯងដែលចោទថា ខេត្តវាស់ខុសហ្នឹងអ្នកស្រី ប៉ុន្តែតាមការពិតដីហ្នឹងគេវាស់រួចរាល់មកហើយ វ៉ាស់៤ដងហើយ។ មានៗសងខាងមានផែនដីទាំងអស់អ្នកស្រី គឺផែនទីរួម»។

លោក ពរ ប៉ាង និង លោក សឿន ខន ថាបច្ចុប្បន្នពួកគេ និងប្រជាពលរដ្ឋឯទៀត កំពុងធ្វើអន្តរាគមន៍ស្នើដល់លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ផ្តល់សិទ្ធឲ្យពួកគេ ប្រមូលផលស្រូវ និងដំឡូងដែលជាទិន្នផលរបស់ពួកគេលើដីសម្បទាននោះ​ ព្រោះបើទុកកាន់តែយូរមុខនឹងហួសពេល។ តែលោកអភិបាលស្រុកឆ្លើយបានតបថា រង់ចាំការសាកសួរពីភាគីមួយទៀតសិន ថាប្រជាពលរដ្ឋធ្វើលើសលួសទៅដីភាគីម្ខាងទៀតឬអត់ តែមកទល់នឹងពេលនេះ មិនទាន់ទទួលបានចម្លើយអ្វីបន្ថែមនោះទេ។

«ដី៧០ហិចតានេះ មិនទាន់បានអនុញ្ញាតនៅឡើយទេពីព្រោះចៅហ្វាយស្រុកមិញ គាត់បានសួរថាហ្នឹងគាត់ និងសួរព័ត៌មានភាគីម្ខាងទៀតក្រែងតែខ្ញុំហ្នឹងទៅព្រោះលើដីដែលភាគីម្ខាងទៀតដឹងតែការចង្អុលបង្ហាញពីការវាស់វែងយើងអត់មានប្លង់ដីមែនប៉ុន្តែយើងមានបង្គោល មានថ្នាក់ឃុំថ្នាក់ខេត្តមានទាំងណាមេប៉ុស្តិ៍មានទាំងមេឃុំ និងមេភូមិបានទៅបោះបង្គោលបាញ់ថ្នាំក្រហមហើយយើងបានថតជាមួយគ្នាឯកភាពថាគេថ្ងៃនេះទៅប្រជាពលរដ្ឋអាចធ្វើការនៅត្រឹមតែប៉ូលិសមិនឲ្យលើសប៉ុន្តែបើយើងធ្វើទៅតាមអ្វីដែលគាត់កាប់ឥឡូវហ្នឹងមានការ ដល់ហ្នឹងដោយសារការរំលោភបំពាននៃការលូតលាស់ធ្វើមិនត្រឹមត្រូវ។

តាមរយៈលោក ស៊ុន ហ៊ូ ជាក្រុមបច្ចេកទេសសុរិយោដីស្រុក បានអះអាងថាកន្លងមកមានការវាស់វែងជាច្រើនដងពិតមែន។ ការវាស់វែងនេះ ទៀតសោះក៏មិនមានអ្វីខុសដែរ គឺធ្វើការត្រឹមត្រូវទៅតាមបច្ចេកទេស នៃក្រុមការងារបច្ចេកទេសសុរិយោដីខេត្ត ដឹកនាំដោយអភិបាលរងខេត្ត ជាមួយនឹងខាងស្រុក។

«សូមបញ្ជាក់ដែរ ដោយសារការវាស់វែងមិនមែនខាងខ្ញុំភូមិបាលទេ គឺជាក្រុមការងាររបស់ខេត្តដោះស្រាយទំនាស់ដីធ្លីហាសចែ! បាទ! ហើយអ្វីដែលថាវាស់២-៣ដងហ្នឹងមែនហ្នឹងហើយអ្នកណាថាវាស់ខុសជារឿងរបស់គាត់ទេ។ ប៉ុន្តែអ្នកវាស់មិនដែលវាស់ខុសទេ ខ្លាចតែអ្នកប្រាប់ហ្នឹងខុស។ ខ្ញុំមិនហ៊ានឆ្លើយថា អ្នកសួរហ្នឹងម៉េចទេ ព្រោះអាហ្នឹងជាក្រុមការងារវាស់បច្ចេកទេសសុរិយោដីខេត្ត ដឹកនាំដោយអភិបាលរងខេត្ត ក្រុមការងារទាំងហ្នឹងហាសចែ!»

ចំណែក មេឃុំព្រះផុស លោក យឺវ សំអាត គិតត្រឹមថ្ងៃចន្ទ ទី០២ ខែធ្នូនេះ វិទ្យុស្ត្រីព្យាយាមទាក់ទៅជាច្រើនដងតែលោកពុំមានទទួលទូរសព្ទនោះឡើយ។ នៅថ្ងៃដដែលវិទ្យុស្ត្រីទាក់ទង លោក អ៊ិន គង់ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង ដើម្បីសុំជាដំណោះស្រាយជុំវិញករណីនេះ ប៉ុន្តែលោកពុំបានទទួលទូរសព្ទ។ ជាថ្មីម្តងទៀត តាមរយៈតេលេក្រាម លោកប្រាប់ជាប់ប្រជុំ និងពុំបានដឹងរឿងនេះនោះទេ។

យ៉ាងណាដោយស្ថានភាពដំណាំរបស់ប្រជាកសិករកាន់តែអាក្រក់ តំណាងប្រជាកសិករនៅតែទទូចដល់ដល់អ្នកពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ដល់ពួកគេ។ បើបញ្ហាដីធ្លីត្រូវឈានដល់ការវាស់វែង និងត្រូវត្រួតពិនិត្យជាម្តងទៀត  ពេលនេះប្រជាពលរដ្ឋសុំតែការអនុញ្ញាតឲ្យពួកគេចុះច្រូតស្រូវសិន ព្រោះស្រូវនៅស្រែខ្លះបាក់កទៅហើយ បើទុកយូរនឹងខូចខាតហួសពេលប្រមូលផល។

លោក ពរ ប៉ាង «ដូច្នេះពួកខ្ញុំកំពុងតែអំពាវនាវដល់អ្នកដែលជួយអាចត្រួតពិនិត្យបានសុំឲ្យគាត់មកជួយពិនិត្យមើលថាពួកខ្ញុំធ្វើខុសយ៉ាងម៉េចអីមានអ្វីនៅពីខាងក្រោយយ៉ាងម៉េចបានជាពួកខ្ញុំគេវាស់ឲ្យហើយនៅតែមានរឿងហើយ បន្តបន្ទាប់កើតរឿងរ៉ាវមិនចេះចប់មិនចេះហើយអ៊‌ីចឹងបានជាខ្ញុំសំណូមពរដល់ក្រសួងនានានិងឲ្យជួយធ្វើអន្តរាគមន៍ដល់ពួកខ្ញុំផង»។

លោក សឿន ខន «ប្រជាពលរដ្ឋគាត់សំណូមពរចេះគាត់ថាអាឡូវដីនិងបើមានពាក់ព័ន្ធបន្តទៀតក៏មានទៅប៉ុន្តែគាត់អាស្រ័យផលឲ្យនោះគាត់សុំតែប្រមូលផលចឹងហាសរឿងដីចាំឲ្យអភិបាលខេត្ត និងឲ្យជំនាញចុះវាស់វែងមួយសាទៀតដើម្បីបញ្ចប់រឿងនិង អាហ្នឹងតាមប្រជាពលរដ្ឋហើយសំណូមពរមកស្រុកអ៊‌ីចឹងណាក្មួយស្រី ឥឡូវអ្នកស្រីអត់ទាន់បានប្រមូលផងទេ ស្រូវប្រជាពលរដ្ឋខ្ញុំស្រូវបាក់ករហើយកម៉ាស៊ីនទៅច្រូត ​គេអត់ឱ្យច្រូតអ៊‌ីចឹង អត់ឱ្យច្រូតមកប្ដឹងទៅអភិបាលស្រុកដែរប្ដឹងថា ចុះហេតុអីបានជាមេឃុំគាត់អាចច្រូតបាន ចៅហ្វាយស្រុករងគាត់អាចច្រូតបានប្រជាពលរដ្ឋយកម៉ាស៊ីនទៅច្រូតគាត់អត់ឲ្យចឹងហាស!។»

យោងតាមកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់ទំនស់ដីធ្លី កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រវាងលោក ឧកញ្ញា លឹម ទាឡេង និងតំណាងប្រជាពលរដ្ឋចំនួន៥០គ្រួសារ ឈ្មោះ គង់ លី, សឿន ខន,ជីម សំអាត, ពរ ប៉ាង ស្ថិតនៅចំណុចភូមិសាស្ត្រ ភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ នៅសាលប្រជុំសាលាស្រុកគាស់ក្រឡ។ ដោយពេលកិច្ចប្រជុំនាថ្ងៃទី១៣នោះ ក្រុមការងារពាក់ព័ន្ធបានពិនិត្យថាកន្លងមកផ្ទៃដីដែល លោក លីម ​ទាឡេង បានប្រគល់ទំហំដីចំនួន ៨០ហិចតានោះ ជាក់ស្តែងពេលប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលលើសពីចំនួន៨០ហិចតា ចន្លោះតែ ៥-៨ ហិចតាប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្តី ភាគីទាំងសងខាងបានសម្រុះសម្រួលគ្នាបញ្ចប់វិវាទនឹងគ្នា ទៅតាមលក្ខខណ្ឌ។

លក្ខណ្ឌរួមមាន ប្រការ០១៖ព្រមរក្សាផ្ទៃដីក្រុមងាររដ្ឋបាលខេត្ត បានវាស់វែងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបាត់ដំបងកាលពីឆ្នាំ២០១៨ តាមការចង្អុលបង្ហាញរបស់ប្រជាពលរដ្ឋ និងភាគី លោក លឹម ទាឡេង ដែលមានជូនភ្ជាប់ផែនទីមកជាមួយបានកាន់កាប់អាស្រ័យផលជាក់ស្តែងនៅចំណុចកចិត សាស្ត្រភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ។

ប្រការ០២៖ព្រមទទួលយកផ្ទៃដីខាងលើដើម្បីបញ្ចប់ទំនាស់ និងសូមសន្យាថានឹងមិនរុករានពង្រីកដីបន្ថែមបង្កឱ្យ មានបញ្ហាបន្តទៀតឡើយ ដោយអាស្រ័យផលត្រឹមទីតាំងដីរបស់ខ្លួនជាក់ស្តែងប៉ុណ្ណោះ។

ប្រការ០៣៖ កិច្ចព្រមព្រៀងរួមនេះធ្វើជាបួនច្បាប់ ១ទុកនឹងភាគី(ក) ២ទុកនឹងភាគី(ខ) ៣ទុកនឹងរដ្ឋបាលស្រុក ៤ ទុកនឹងរដ្ឋបាលខេត្ត មានប្រសិទ្ធភាពចាប់ពីថ្ងៃផ្ចិតស្នាមមេដៃស្តាំនេះតទៅ។

ប្រការ០៤៖ក្រោយពីបានផ្តិតស្នាមមេដៃស្តាំប្រគល់-ទទួល រួចបើភាគីណាមួយប្រែក្រឡាស់មិនគោរពតាមកិច្ចព្រម ព្រៀងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង