កំពង់ធំ៖ គ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើរក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ពលរដ្ឋបានរាយការណ៍ទៅកាន់អាជ្ញាធរដែនដី និងសមត្ថកិច្ចឱ្យចុះអន្តរាគមន៍ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
សភាពគ្រាប់៦០មីលីម៉ែត្រដែលប្រជាពលរដ្ឋប្រទះឃើញនិងបានរាយការណ៍មកសមត្ថកិច្ច។រូបភាពពី ប៉ាត ពណ្ណារាយ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោក ឆឿន អឿន នាយប៉ុស្តិ៍នគរបាលឃុំសណ្ដាន់ក៏បានចុះពិនិត្យនៅទីតាំងខាងលើ ដោយលោកដាក់ការសន្និដ្ឋានជាបឋមថា គ្រាប់ប្រភេទ ៦០ មីលីម៉ែត្រនេះ អាចបង្កហានិភ័យគ្រោះថ្នាក់ប្រសិនមានការប៉ះទង្គិចណាមួយ ទោះបីជាសភាពខាងក្រៅមានច្រែះចាប់ក៏ដោយ។ យ៉ាងណាលោកបានជូនដំណឹងនេះទៅកាន់កម្លាំងបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចហើយ។ ដោយរង់ចាំកម្លាំងជំនាញធ្វើការងារលើបញ្ហានេះ ពលរដ្ឋនិងសមត្ថកិច្ចបានធ្វើរបងរុំព័ទ្ធនិងបានដាក់ស្លាកសញ្ញាហាមឃាត់ជៀសវាងការប៉ះពាល់។
ទីតាំងគ្រាប់ដែលពលរដ្ឋហ៊ុំព័ទ្ធដាក់ស្លាកសញ្ញាហាមឃាត់។រូបភាពពី ប៉ាត ពណ្ណារាយ។
ទាក់ទងករណីនេះលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះបានទៅពិនិត្យជាក់ស្ដែងនៅកន្លែងដាក់សញ្ញាប្រុងប្រយ័ត្នគ្រាប់ ដោយបានណែនាំលោកមេភូមិឱ្យផ្សព្វផ្សាយដំណឹងនេះដល់ប្រជាពលរដ្ឋក្នុងភូមិត្រូវបង្កើនការប្រុងប្រយ័ត្ន រហូតដល់កម្លាំងបោសសម្អាតមីនចុះមកអន្ត រាគមន៍ឆាប់ៗខាងមុខនេះ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ចុះមកបីនិត្យគ្រាប់មិនទាន់ផ្ទុះ។រូបភាពពី ប៉ាត ពណ្ណារាយ។
ជុំវិញរឿងនេះលោក ទេព សាម៉ុន ប្រធានផ្នែកផែនការនិងប្រតិបត្តិការជាន់ខ្ពស់នៃកម្លាំងបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រចាំការខេត្តកំពង់ធំ និងខេត្តសៀមរាប ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំតាមទូរសព្ទថា លោកទទួលបានព័ត៌មាននេះរួចហើយ ដោយក្រុមជំនាញនឹងចុះទៅអន្តរាគមន៍នៅថ្ងៃទី១៩ ខែ វិច្ឆិកាខាងមុខនេះ៕
សកម្មភាពកម្លាំងដោះមីនធ្វើការកន្លងមក។រូបភាពពី ប៉ាត ពណ្ណារាយ។
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។