en     km
en     km

ពលរដ្ឋស្នើអាជ្ញាធរសង្កាត់ប៉ោយប៉ែត ជួយសម្រួលបញ្ចុះតម្លៃលូខាងមុខផ្ទះ ដើម្បីងាយស្រួលធ្វើដំណើរ

Share

ពលរដ្ឋម្នាក់ដែលរស់នៅសង្កាត់ប៉ោយប៉ែតបានចេញវីដេអូ ស្នើសុំឱ្យអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរ និងអ្នកពាក់ព័ន្ធការធ្វើផ្លូវជួយសម្រួលដោយចុះថ្លៃលូ ដែលពលរដ្ឋត្រូវដាក់តាមប្រឡាយទឹកខាងមុខផ្ទះ ដើម្បីឱ្យពួកគេមានលទ្ធភាព ដាក់លូបាន សម្រាប់ធ្វើដំណើរចូលលំនោដ្ឋានរបស់ពួកគេបានងាយស្រួល។ លោក​ គីម ចាន់ចាវ រាយាការណ៍

 

កាលពីថ្ងៃទី៨ ខែកុម្ភៈ ស្ដ្រីម្នាក់ដែលជា ពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហោះវីដេអូឃ្លីបមួយ លើបណ្ដាញសង្គមហ្វេសប៊ុក មានឈ្មោះថា Malay Yu ដោយរអ៊ូរទាំថា ខណៈពេលដែលអាជ្ញាធរកំពុងតែធ្វើផ្លូវ និងកាយ ប្រឡាយទឹកសងខាងផ្លូវ ពលរដ្ឋត្រូវបង់ថ្លៃដើម្បីដាក់លូខាងមុខផ្ទះ ដែលលូមួយមានតម្លៃ៤០ដុល្លារ ដើម្បីអាចធ្វើដំណើរឆ្លងចូលផ្ទះ និងដីរបស់ពួកគេ។ អ្នកស្រីអះអាងថា អ្នកស្រី និងពលរដ្ឋមួយចំនួនទៀត មិនមានលទ្ធភាពធូរធា ដើម្បីអាចដាក់លូឡើយ ដ្បិតជាក់ស្ដែងក្នុងមួយគ្រួសារត្រូវដាក់លូយ៉ាងហោចណាស់ក៏៥កង់ដែរ។

«ធម្មតាគ្នាប្រជាពលរដ្ឋរកតែបាយហូបមិនបានផង ហើយទារលូមួយ៤០ដុល្លារ តើគ្នាទៅរកពីណា៎ ហើយក្នុងមួយផ្ទះមិនមែន(ត្រូវដាក់)តែលូមួយទេ គឺក្នុងមួយផ្ទះលូ៥ទៅ១០(ឬ)២០លូ ហើយប្រជាពលរដ្ឋអត់មានលុយដាក់លូ។ ចាស៎ ហើយខ្ញុំឮខ្ញុំគ្រាន់តែឮល្ហៀងៗទេ តែអត់ទាន់ដឹងថាពិតប្រាកដឬក៏អត់ទេ បើយើងទិញលូ(ទិញខាងក្រៅ)ដាក់គេអត់ឱ្យដាក់ទេ គេឱ្យដាក់លូគេ៤០ដុល្លារដាច់ខាត»

ក្រោយពីផ្ទុះការចែករំលែក និងបច្ចេញមតិជុំវិញវីដេអូឃ្លីបពលរដ្ឋខាងលើ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយដោយ បញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត បានស្នើសុំមកអង្គភាពភូមិ  សុំឱ្យអាជ្ញាធរជួយស្ថាបនា ផ្លូវថ្មមិក មួយខ្សែជូនពួកគាត់ ក្នុងការធ្វើដំណើរឱ្យបានស្រួល ជាពិសេសពេលមានការលំបាកខ្លាំងនៅរដូវវស្សា​ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរភូមិក៏រាយការណ៍មកសង្កាត់ ហើយក្រុមការងារសង្កាត់បានចុះទៅ ដើម្បីពិនិត្យមើលស្ថានភាពផ្លូវដែលប្រជាពលរដ្ឋស្នើសុំ។ បន្ទាប់ពីបានចុះពិនិត្យ និងសិក្សារួចមកគណៈកម្មការអភិវឌ្ឍន៍សង្កាត់ ក៏បានឯកភាពគ្នាយកគ្រឿងចក្រទៅឈូសឆាយសម្រួលជូនជាបណ្ដោះអាសន្ន និងបានកាយប្រឡាយទឹកសងខាងផ្លូវ ដើម្បីកាត់សំណើមដីជាមុនសិន រួចទើបធ្វើការចាក់ថ្មមិក និងកៀរកិនជូនឱ្យបានស្អាត ក្នុងចន្លោះពេលនោះដែរ មានប្រជាពលរដ្ឋមួយចំនួនដែលមានលទ្ធភាពបានទំនាក់ទំនងជាមួយក្រុមហ៊ុនដាក់លូ ដើម្បីដាក់លូខាងមុខផ្ទះរបស់គាត់ដោយមានការព្រមព្រៀងក្នុងតម្លៃមួយកង់ថ្លៃ៤០ដុល្លារ រួមទាំងកម្លាំងពលកម្មផង ចំណែកប្រជាពលរដ្ឋដែលពុំមានលទ្ធភាព ពួកគាត់បានធ្វើជាស្ពានឆ្លងដោយរក្សាប្រឡាយរំដោះទឹកនៅដដែល ចំពោះការដាក់លូជាការព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដោយពុំមានពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋានឡើយ។

តាមរយៈការបង្ហោះវីដេអូឃ្លីបរបស់ពលរដ្ឋនេះក៏មាន អ្នកលេងបណ្ដាញសង្គមជិត១,៥០០នាក់ចូលទៅខម្មិនបញ្ចេញមតិ។ ម្ចាស់គណនីឈ្មោះ Rosa Love បានសរសេរថា «ភូមិចាន់គិរី អូន ចំណុចតំណត់ទឹក សង្កាត់ប៉ោយប៉ែត បន្ទាយមានជ័យអូន លូរដាក់១កង់៤០$៤៥$ ៥០$តាមតំបន់ ខ្ញុំក៏ដាក់ដែរអូន ខ្ញុំនៅហ្នឹង តើអាយូ មកនេះមានការអី?មកលេងសាច់ញាត្តិនៅនេះ?អូន បានដឹង ដីបងវិញកែង ៣៨កង់គុណ ៤០$»

ស្ត្រីដែលជាពលរដ្ឋម្ចាស់ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១០ ខែកុម្ភៈថា អាជ្ញាធរមិនបានបង្ខំឱ្យពលរដ្ឋត្រូវតែដាក់លូនៅមុខផ្ទះឡើយ ប៉ុន្តែពលរដ្ឋត្រូវតែដាក់ ដើម្បីអាចធ្វើដំណើរចូលក្នុងផ្ទះរបស់ខ្លួនបាន។

«តែបើយើងអត់ដាក់ យើងជិះចូលផ្ទះម៉េចបង? អាហ្នឹងគាត់អត់បង្ខំទេ ប៉ុន្តែយើងប្រជាពលរដ្ឋវាអត់មានជម្រើស តើយើងគួរតែដើរទៅយ៉ាងម៉េច ហើយបើយើងទិញលូដាក់ខ្លួន​ឯងគេអត់ឱ្យដាក់ទេ ទី១​ គេតែងតែនិយាយថាខុសបច្ចេកទេស ខុសស្ដង់ដាអីចឹងទៅ ព្រោះកន្លងមកគឺអញ្ចឹងមែន ហើយខ្ញុំក៏រកទិញដាក់ខ្លួនឯងដែរ តែអ្នកភូមិហ្នឹងគេនិយាយថា គេអត់ឱ្យទិញដាក់ទេគេឱ្យទិញលូគេតម្លៃ៤០(ដុល្លារ)។ អញ្ចឹងឥលូវអាហ្នឹងគេបង្ខំឬមិនបង្ខំ តែគេអត់បង្ខំទេ តែវាបែបត្រជាក់ៗ តែជម្រៅជ្រៅ»

ចំណែកគណនីហ្វេសប៊ុកឈ្មោះ Zhulian Saron បានសរសេរថា «អត់យល់ទ្រព្យសម្បត្តិសាធារណ:សោះអោយពលរដ្ឋចេញដែរតួនាទីរដ្ឋសោះឯងរកស៊ីបង់ពន្ធរួចហើយបែរជាចេញលុយទៀត ខាងខ្ញុំមួយកង់10ម៉ឺនរៀល ដាក់រួចហើយ ខាតថ្លៃចាក់សាបមុខផ្ទះទៀតតិបតុបសរុបជាលុយអស់ជិត500ដុល្លារ»

Share

ព័ត៌មានទាក់ទង