en     km
en     km

របាយការណ៍៖កង្វះអាហារូបត្ថម្ភសម្រាប់កុមារជាក្តីកង្វល់សម្រាប់សាធារណជន

Share

របបអាហារនៅកម្ពុជានាពេលបច្ចុប្បន្ននេះពុំទាន់អាចបំពេញតាមតម្រូវការ និងឆ្លើយតបនឹងកត្តាកង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងការកើនឡើងនៃជំងឺមិនឆ្លងនៅឡើយទេ ដែលបញ្ហានេះជាផ្នែកនៃក្តីកង្វល់សម្រាប់សាធារណជន។នេះបើផ្អែកតាមរបាយការណ៍របស់ស្ថាប័នពាក់ព័ន្ធដែលធ្វើការងារលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា។ ឆ្លើយតបក្តីកង្វល់នេះ អ្នកពាក់ព័ន្ធ ក៏ដូចជាបណ្តាអង្គការដែលធ្វើការលើកកម្ពស់និងផ្តល់ការថែទាំដល់កុមារ រៀបចំយុទ្ធនាការផ្សព្វផ្សាយទៅដល់សហគមន៍ឱ្យពួកគេយល់ដឹងឱ្យកាន់តែច្បាស់ពីការរៀបចំរបបអាហារដល់កុមារ និងធ្វើយ៉ាងណាឱ្យកុមារធំធាត់ក្នុងសុខភាពល្អ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

បើទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះក្តី ករណីកង្វះអាហារូបត្ថម្ភសម្រាប់កុមារនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា។ កុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ២១,៩% មានជំងឺក្រិសក្រិន ដែលធ្វើឱ្យពួកគេមានកម្ពស់ទាបជាងកុមារដែលទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ បើតាមរបាយការណ៍អង្កេតវិទ្យាសាស្រ្តនិងសុខភាពនៅឆ្នាំ២០២១-២០២២ អត្រានៃកុមារក្រិសក្រិននិងស្គមស្គាំងមានការធ្លាក់ចុះជាអន្លើ។

ផ្អែកតាមអង្គការ UNICEF សហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ បានសិក្សានៅឆ្នាំបន្ទាប់ពោលគឺឆ្នាំ២០២៣ ដោយរកឃើញថា បញ្ហារបបអាហារនាពេលបច្ចុប្បន្ននៅតែមិនទាន់អាចឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងការកើនឡើងនៃជំងឺមិនឆ្លងនៅឡើយទេ។ ក្នុងនោះអ្នកជំនាញសង្កេតឃើញថា ប្រជាជនកម្ពុជានិយមបរិភោគនំចំណី បាយ និងស្ករជិត៨០%នៅក្នុងរបបអាហារប្រចាំថ្ងៃ។

ស្រ្តី ៥រូបក្នុងសម្លៀកបំពាក់ជាស្រ្តីឈ្មោះដោយមានស្លៀកសារ៉ុងគួបផ្សំនឹងពាក់ក្រម៉ាខ្មែរបង់ក ឈរកាន់បន្លែបង្ការ។ រូបភាព៖ World Vision Cambodia

 

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អ្នកស្រី យិន សុភ័ស ប្រធានផ្នែកតស៊ូមតិនៃអង្គការទស្សន:ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា រៀបរាប់ពីគន្លឹះមួយចំនួន ដែលរួមចំណែកចូលរួមកាត់បន្ថយអត្រានៃកង្វះអាហារូបត្ថម្ភសម្រាប់កុមារ។ ក្នុងនោះអាណាព្យាបាល និងឪពុកម្តាយ គួរដាំដំណាំតិចតួចនៅជុំវិញផ្ទះ ដើម្បីធានាបាននូវបន្លែផ្លែឈើដែលគុណភាពខ្ពស់មិនប្រើជីគីមីដែលប៉ះពាល់ទៅដល់សុខភាពកុមារ ពិសេសចំណេញថវិកាថែមទៀតផង។ រីឯអាណាព្យាបាលត្រូវយល់ដឹងពីអាហារទាំងបីប្រភេទ គឺទី១ អាហារថាមពលដែលផ្តល់នូវកម្លាំងនិងចំហេះ ទី២អាហារស្ថាបនាផ្តល់ភាពលូតលាស់ដល់រាងកាយ និងទី៣ អាហារការពារដែលជួយការពាររាងកាយពីជម្ងឺ។ដោយឡែកអ្នកស្រីថា គ្រួសារប្រមាណ ១៦%នៅកម្ពុជា ពុំមានលទ្ធភាពទទួលបានរបបអាហារដែលមានសារធាតុចិញ្ចឹមឡើយ។

អ្នកស្រី យិន សុភ័ស៖«សម្រាប់ឪពុកម្តាយ យើងឃើញថា គាត់គួរតែបង្កើនចំណេះដឹងពីអាហារូបត្ថម្ភ និងរបបអាហារដែលមានអាហារូបត្ថម្ភល្អសម្រាប់ក្រុមកូនគាត់។ គាត់គួរតែចេះរៀបចំអាហារដែលប្រកបដោយអាហារូបត្ថម្ភ ប្រភេទអាហារបីក្រុមជាដើម។ គាត់អាចដាំបន្លែតាមផ្ទះបន្ថែម​ បង្កើតទម្លាប់ក្នុងការទទួលទានអាហារ កាត់បន្ថយអាហារណាដែលជាអាហារបង្កហានិភ័យដល់សុខភាព ហើយជាពិសេសហ្នឹងគឺត្រូវយកចិត្តទុកដាក់បន្ថែមទៅលើរបបចំណីអាហាររបស់ក្មេងៗ។»។

អ្នកស្រី យិន សុភ័ស ប្រធានផ្នែកតស៊ូមតិនៃអង្គការទស្សន:ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា។ រូបភាព៖ Yin Sophors

 

ជាយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងដើម្បីបង្ការកុំឱ្យប្រជាពលរដ្ឋដទៃជួយនូវវិបត្តិស្បៀងអាហារ យុទ្ធនាការ «គ្រប់គ្រាន់ ឬ ENOUGH» បានបង្កើតឡើងដើម្បីបង្កើនអាហារូបត្ថម្ភសម្រាប់កុមារនិងបង្កើនសន្តិសុខស្បៀងនៅកម្ពុជាក្នុងអំឡុងពេលបីឆ្នាំបន្តបន្ទាប់ ពោលគឺនៅចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៧។ ក្រោមការសហការរវាងអង្គការទស្សនៈពិភពលោក (World Vision) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD) យុទ្ធនាការនេះគ្រោងនឹងធ្វើទូទាំងប្រទេស ដែលបច្ចុប្បន្នបានដាក់សម្ពាធជាផ្លូវការនៅខេត្តចំនួន៥ ដែលរួមមានខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំ ក្រចេះ ព្រះវិហារ និងសៀមរាប។

សកម្មភាពហែក្បួរនៃយុទ្ធនាការ«គ្រប់គ្រាន់»។ រូបភាព៖ World Vision Cambodia

 

អ្នកស្រី ឈឹម រតនា ប្រធានយុទ្ធនាការអង្គការទស្សនៈពិភពលោកនៅកម្ពុជាបានលើកឡើងថា យុទ្ធនាការគ្រប់គ្រាន់នេះមានចក្ខុវិស័យក្នុងការកែលម្អការផលិតអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅដល់កុមារនៅកម្ពុជា។ អ្នកស្រីយល់ថា ចក្ខុវិស័យនេះនឹងមិនអាចសម្រេចបានទេ បើសិនជាគ្មានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជន។

បន្ថែមពីយុទ្ធនាការ«គ្រប់គ្រាន់»នេះដែរ ប្រធានផ្នែកតស៊ូមតិនៃអង្គការទស្សន:ពិភពលោកបានឱ្យដឹងដែរថា ប្រជាកសិករក៏នឹងចូលរួមចំណែកនៅក្នុងយុទ្ធនាការនេះដែរ ដើម្បីកសាងសមត្ថភាព ធានាបានថាស្បៀងអាហារដែលប្រជាកសិករដាំដុះនិងផលិតមានចំនួន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ចែកចាយទៅកាន់ពលរដ្ឋ។ ចំពោះក្រសួងពាក់ព័ន្ធ​ និងមន្រ្តីថ្នាក់ក្រោមជាតិ ក៏នឹងចូលរួមយល់ដឹងឱ្យកាន់តែច្បាស់ពីគុណតម្លៃស្បៀងអាហារ ក៏ដូចជាការសារៈប្រយោជន៍នៃអាហារូបត្ថម្ភផងដែរ។ ជាងនេះទៀត យុវជននិងសហគមន៍មានឱកាសជជែកពិភាក្សាគ្នាអំពីគោលនយោបាយ និងរកវិធីសាស្រ្តនានាដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលនៅចំពោះមុខ។

សកម្មភាពសម្តែងរឿងខ្លីពីសំណាក់យុវជន។ រូបភាព៖ World Vision Cambodia

 

អ្នកស្រី យិន សុភ័ស៖«​តាមរយៈយុទ្ធនាការនេះ​ យើងមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធអំពីសារៈសំខាន់នៃអាហារូបត្ថម្ភនិងរបបអាហារដែលនាំឱ្យមានសុខភាពល្អសម្រាប់ការលូតលាស់របស់កុមារ កៀវគរសហប្រតិបត្តិការនិងធនធានសំដៅទៅធ្វើយ៉ាងណាឱ្យកុមារនិងក្រុមគ្រួសាររបស់គេទទួលបានអាហារូបត្ថម្ភពីសហគមន៍ក្នុងតម្លៃសមរម្យ និងពង្រឹងប្រព័ន្ធស្បៀង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់កសិករដែលផលិតស្បៀងអាហារផ្គត់ផ្គង់សហគមន៍ និងសាលារៀន។»។

ចាប់តាំងពីការបើកការសម្ពោធយុទ្ធនាការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការទស្សនៈពិភពលោកបានប្រើប្រាស់បណ្តាញសង្គមឌីជីថលដើម្បីផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ២៥០ ០០០នាក់ និងគ្រោងនឹងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនក្នុងប៉ុន្មានខែខាងមុខនេះ ជាមួយនឹងសារផ្លាស់ប្តូរឥរិយាបថ  ដើម្បីលើកកម្ពស់ជម្រើសអាហារដែលមានសុខភាពល្អ៕

 

Share

ព័ត៌មានទាក់ទង