ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ចាប់ផ្ដើមធ្វើដំណើរវិលមកប្រទេសកំណើត ដើម្បីជួបជុំគ្រួសារវិញនាឱកាសឆ្នាំថ្មីនេះ តែក៏មានសាច់ញាតិពលករជាប់ក្នុងគំនរអគារបាក់រលំ ដោយសារគ្រោះរញ្ជួយដីនៅក្រុងបាងកក មិនអាចវិលមកជួបជុំគ្រួសារវិញ ដោយទន្ទឹងចាំដំណឹងគ្រួសារពួកគេពីក្រុមការងាររុករក នៅខាងមុខអគារបាក់រលំ។ លោក គីម ចាន់ចាវ រាយាការណ៍
អស់រយៈពេលជាង ១០ថ្ងៃ ចាប់តាំងពីមានគ្រោះរញ្ជួយដីនៅទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥មក អគារការិយាល័យសវនកម្មដែលបាក់រលំដោយរញ្ជួយដីនោះ មានពលករខ្មែរ និងពលករបរទេសជាច្រើន បានស្លាប់ និងរងរបួស ហើយក៏មានពលករជាច្រើននាក់ទៀត បាត់ខ្លួនក្នុងគំនរអគារនេះផងដែរ។
កាលពីថ្ងៃទី៦ ខែមេសានេះ អង្គការសង់ត្រាល់ថា មានសាច់ញាតិពលករខ្មែរ ២គ្រួសារ ទន្ទឹងរង់ចាំគ្រួសារពួកគេនៅខាងមុខអគារបាក់រលំនេះ។ ពលករដែលបាត់ខ្លួនទាំងនោះឈ្មោះ លោក ផល្លា រតនា មកពីខេត្តបាត់ដំបង ជាជាងភ្លើង ធ្វើការងារនៅជាន់ទី២៦ លោក សាន់ សឿន និងអ្នកស្រី សុខ គិមសី ជាប្ដីប្រពន្ធនឹងគ្នា មកពីខេត្តបន្ទាយមានជ័យ ពួកគេទាំងពីរជាជាងការ៉ូដែលធ្វើការក្នុងអគារបាក់រលំនោះ។
ក្រៅពីនេះអង្គការសង់ត្រាល់ និងបណ្តាញពលករនៅក្រុងបាងកក ក៏បានរៀបចំពិធីបុណ្យខួប ៧ថ្ងៃដល់ជនរងគ្រោះពលករខ្មែរ និងពលករភូមា ដែលបានស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីបាក់រលំអគារ និងបានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្តជួយសង្រ្គោះដល់ជនរងគ្រោះពលករបរទេសទាំងអស់ឱ្យបានឆាប់រហ័ស។
ក្រោយពីមានគ្រោះរញ្ជួយដីមក ក៏ស្របពេលជិតពិធីបុណ្យចូលឆ្នាំថ្មីដែរ ពលករខ្មែរជាច្រើនដែលធ្វើការនៅប្រទេសថៃ សម្រុកវិលចូលស្រុកកំណើតវិញ ដើម្បីជួបជុំគ្រួសារពួកគេ។ ពលករទាំងនោះ ត្រូវបានក្រសួងការងារ និងរដ្ឋាភិបាលថៃ លើកលែងថ្លៃសេវាចេញ-ចូល ប្រទេសថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
លោក លឹម សុផុន មន្ត្រីគម្រោងទទួលបន្ទុកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែមេសានេះថា ជាង ១០ថ្ងៃនេះ ទាំងពលករខ្មែរ និងពលករបរទេសផ្សេងទៀត នៅបន្តបាត់ខ្លួន និងមិនទាន់រកឃើញនៅឡើយ ហើយក្រុមរុករក ក៏នៅបន្តព្យាយាមស្វែងរកពលករដែលបាត់ខ្លួនទាំងនោះផងដែរ។ មកដល់ពេលនេះ តាមការសង្កេតរបស់លោក ឃើញថា មនុស្សចំនួន ១៥នាក់ បាត់បងជីវិត និងជាង ៧០នាក់ ស្ថិតក្នុងការស្វែងរកក្នុងគំនរអគារបាក់រលំដដែល។
រូបភាពពីអង្គការសង់ត្រាល់។
លោក លឹម សុផុន៖ «យើងស្រមើស្រមៃមើលថា ៣០ជាន់ បាក់ស្រុតធ្លាក់ចូលគ្នាអ៊ីចឹងមក យើងស្រមៃថាលំបាក ឬយ៉ាងម៉េចទេ សាច់ជាមនុស្សជាអីអ៊ីចឹង វាមិនមែនជាដុំថ្មនោះទេ ហើយទម្ងន់រាប់តោនបាក់មក ហើយការរុករក គាស់កាយហ្នឹងវាលំបាក ហើយជាង ១០ថ្ងៃមកហើយ តែការរុករកហ្នឹងយើងមើលទៅដូចជាបាន ២០ភាគរយ ទៅ៣០ភាគរយតែប៉ុណ្ណឹង»។
ប៉ុន្តែលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតមកត្រឹមថ្ងៃទី៧ ខែមេសានេះ មានពលករខ្មែរម្នាក់បាត់បង់ជីវិត និងពលករ ២នាក់ បានរងរបួស។ ពលករទាំង២នាក់ដែលរងរបួស ក្នុងនោះ ១នាក់ ទទួលការព្យាបាលនៅប្រទេសកំណើត និងពលកររងរបួសម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅប្រទេសថៃ ក្នុងនោះក្រសួងការងារ និងស្ថានទូត ក៏បានសហការជាមួយអាជ្ញាធរថៃ ដើម្បីធានាសំណងជូនពលករដែលស្លាប់ និងរងរបួសទាំងនោះផងដែរ។
លោក កត្តា អ៊ន៖ «អ្នករងគ្រោះកំពុងសម្រាកព្យាបាលនៅប្រទេសថៃ គឺអនុព័ន្ធការងារបានពាំនាំយកថវិកាមួយចំនួនពីសម្ដេចធិបតី ចំពោះការព្យាបាលគឺជាបន្ទុករបស់ភាគីថៃ។ ទន្ទឹមនោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានទូតយើង កំពុងសហការជាមួយភាគីថៃ ដើម្បីធានាថាពលករដែលមានការធានារ៉ាប់រងបសស នឹងត្រូវទទួលបានការផ្ដល់ប្រាក់ឧបត្ថម្ភបសសនៅប្រទេសថៃ ក៏ដូចជាពលករដែលរងផលប៉ះពាល់ការងារក្នុងគ្រោះរញ្ជួយនោះ ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីនិយោជក ចំពោះបងប្អូនពលករយើង»។
ងាកមកមន្ត្រីរបស់អង្គការសង់ត្រាល់ ដែលធ្វើការប្រចាំនៅប្រទេសថៃ លើកឡើងថា ក្រុមការងាររុករកមនុស្សដែលជាប់ក្នុងគំនរអគារបាក់រលំ គឺពួកគេចាប់ផ្ដើមប្រើគ្រឿងចក្រធំៗជាច្រើន ដើម្បីលើកដុំថ្មដែលគរដូចភ្នំចេញ ហើយពួកគេក៏ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះពលករតាមសញ្ញាដែលបង្ហាញថានៅមានជីវិត និងជួយយកពលករដែលបាត់បង់ជីវិតចេញពីគំនរអគារ។
លោក លឹម សុផុន៖ «នៅកន្លែងហ្នឹងគេមិនទាន់បញ្ជាក់ថាមានជនជាតិណា សាសន៍ណា ជនជាតិភូមា ឬជនជាតិខ្មែរអីទេ តែគេបានកំណត់ហ្នឹងគឺគេរាប់តែចំនួនហ្នឹងឯង គេអត់មានរាប់ចំនួនប៉ុន្មានស្លាប់ខ្មែរប៉ុន្មាន របួសជនជាតិណាជនជាតិណាប៉ុន្មាននាក់ គឺគេអត់បានកំណត់ទេបាទ! ហើយខ្ញុំក៏ហ៊ាននិយាយអីដែរគ្រាន់តែថាតាំងពីថ្ងៃទី៦ ចូលថ្ងៃទី៧ហើយ ខ្ញុំទៅបានទៅធ្វើបុណ្យធ្វើអី នាំបងប្អូនពលករខ្មែរទៅធ្វើបុណ្យបង្សុកូលអីអ៊ីចឹងណា»។
យោងសមត្ថកិច្ចថៃបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្ដិ៍ចុះផ្សាយនៅថ្ងៃទី៥ ខែមេសានេះ ឱ្យដឹងថា តាមការពិនិត្យ អគារ ៣០ជាន់ នៅទីក្រុងបាងកក ដែលបាក់រលំដោយគ្រោះរញ្ជួយដី និងបានសង្កត់កម្មកររាប់សិបនាក់ គឺសាងសង់ឡើងដោយប្រើប្រាស់ដែកមិនមានស្ដង់ដារត្រឹមត្រូវ។
សមត្ថកិច្ច ក៏បានរាយការណ៍ប្រាប់កាសែតខាងលើដដែលថា មកដល់ពេលនេះ មនុស្សចំនួន ១៥នាក់ ក្នុងនោះមានបុរស ៨នាក់ និងស្ត្រី ៧នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការបាក់រលំអគារនេះ។ និងមានមនុស្ស ៩នាក់ រកឃើញរស់រានមានជីវិត ក្រោយពីជួយសង្គ្រោះ ហើយនិងមានមនុស្សជាង ៧០នាក់ទៀត នៅតែជាប់ក្នុងគំនរអគារបាក់រលំនោះ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី