ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលកំពុងមានវត្តមានប្រទេសជប៉ុននៅឡើយបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះដោយបញ្ជាក់ថា ការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពតែប៉ុណ្ណោះ ដើម្បីត្រៀមការការពារបូរណភាពទឹកដីរបស់កម្ពុជា ក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
នាយករដ្ឋមន្រ្តីក៏បានបកស្រាយករណីចល័តទ័ព និងអាវុធ ស្របពេលដែលសម្តេចមិនមានវត្តនៅក្នុងប្រទេសថា ទោះបីជាសម្តេចមិននៅក្នុងប្រទេសក៏ពិតមែនតែសភាពការណ៍កងទ័ពគឺសម្តេចក្តាប់បានទាំងអស់ ហើយរាល់សកម្មភាពចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន ត្រូវមានបទបញ្ជាពីនាយករដ្ឋមន្រ្តី។
រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី។
បើទោះបីជាមានសកម្មភាពចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែនក្តី តែនាយករដ្ឋមន្រ្តីលើកឡើងថា សម្តេចមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពនោះទេ ព្រោះមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។
សាររបស់នាយករដ្ឋមន្រ្តីលើទំព័រហ្វេសប៊ុកក៏ផ្តាំផ្ញើដោយសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់ប្រទេសទាំងពីរដូចដែលបានធ្វើកន្លងមក។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ កងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅចំណុចព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់គឺលោក ព្រឹន្ទបាលឯក សួន រ៉ោន៕