en     km
en     km

នាយករដ្ឋមន្រ្តីដាក់រូបមន្តថ្មីឱ្យវិស័យឯកជនដឹកនាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតជំរុញប្រសិទ្ធភាពការងារ

Share

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនៅថ្ងៃទី២១ ខែមេសានេះ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កំពង់ផែខាងលើ រដ្ឋាភិបាលនឹងប្រគល់សិទ្ធិដឹកនាំ ចាត់ចែងការងារឱ្យក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រង ដោយមន្រ្តីរដ្ឋគ្មានសិទ្ធិលូកលាន់ដំណើរការរបស់ក្រុមហ៊ុនឯកជនបាននោះទេ។ សម្រាប់នាយករដ្ឋមន្រ្តី រូបមន្តថ្មីដែលប្រគល់សិទ្ធិប្រតិបត្តិការ និងការថែទាំ ជូនដល់ក្រុមហ៊ុនឯកជនបែបនេះ គឺដើម្បីធានាប្រសិទ្ធភាពការងារបានល្អ និងកាត់បន្ថយ​នីតិវិធីរដ្ឋបាល​ស្មុគស្មាញជាដើម។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ប្រសាសន៍នាយករដ្ឋមន្រ្តី៖«ផែននេះមិនមែនធ្វើបោះចោល ឬសម្ភោធនេះមិនមែនគ្រាន់តែជាឡប់ឡែនោះទេ គឺយើងសម្ភោធកន្លែងនេះដោយភាពប្រាដកប្រជា​និងភាពជាដៃគូ។ ហើយការដាក់រូបមន្តកន្លែងនេះជាការដាក់រូបមន្តលើកទីមួយក្នុងរូបភាពPPP ដោយកន្លែងនេះរដ្ឋយើងជាអ្នកវិនិយោគតែយើងឱ្យPPPជាអ្នកគ្រប់គ្រងប្រតិបត្តិតែព្រទ្យសម្បត្តិនេះជារបស់រដ្ឋ។ ចឹងធ្វើយ៉ាងណា រូបមន្តណាក៏ដោយឱ្យតែផែនេះដើរ ផែនេះមានការគ្រប់គ្រងថែទាំបានល្អ ផែនេះមានសេវាល្អគឺថាទាញមនុស្សមកហើយ ហើយប្រជាជនខេត្តកំពតជាអ្នកទទួលផលពីកន្លែងនេះ ហើយមិនមិនតែប្រជាជនខេត្តកំពតទេអ្នកកំពង់សោមក៏អាចមកលេងកំពតតាមផែ​នេះក៏បាន អ្នកទេសចរណ៍ពីប្រទេសជិតខាងពីថៃ ពីវៀតណាម ដែលចង់មកលេងតាមផ្លូវទឹកអាចមកតាមកំពង់ផែនេះក៏បាន ហើយប្រជាពលរដ្ឋយើងចង់ទៅលេងថៃ វៀតណាម ក៏អាចទៅតាមផែនេះបាន។ ចឹងរូបមន្តPPPនេះជាអនុវត្តជាក់ស្តែង ចឹងបើយករូបមន្តកន្លែងនេះឱ្យវាដំណើរការដូចវិស័យឯកជនគួរតែយកអ្នកវិស័យឯកជនចេះដឹងពីការងាររកស៊ី មិនចាំបាច់រដ្ឋបង្កើតក្រុមហ៊ុនមួយហើយមកគ្រប់គ្រងធ្វើអី»។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។រូបភាពពីតេឡេក្រាមសម្តេច។

នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីគ្រាដែលសម្តេចអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាកំពង់ផែនសហគ្រាសសាធារណៈរបស់រដ្ឋវិនិយោគជាមួយដៃគូក្រុមហ៊ុនឯកជន ដោយមាននាយប្រតិបត្តិជាបុគ្គលឯកជន ហើយមន្រ្តីរដ្ឋជាក្រុមប្រឹក្សាភិបាលដែលមិនលូកលាន់ចូលកិច្ចរបស់ក្រុមហ៊ុននោះឡើយ។

សម្រាប់នាយករដ្ឋមន្រ្តី នេះជាទស្សនវិស័យថ្មីមួយដែលជារូបមន្តជំរុញការអភិវឌ្ឍបានល្អប្រសើរ មិនប្រកាន់បក្ខពួក បង្ហាញអព្យាក្រឹត្យភាពលើការដឹកនាំ បង្កើនប្រសិទ្ធភាពការងារ និងអាចកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញដែលធ្លាប់មានកាលមន្រ្តីរដ្ឋជាអ្នកគ្រប់គ្រងសហគ្រាសរដ្ឋ។

ប្រសាសន៍នាយករដ្ឋមន្រ្តី៖«ដើម្បីបើកច្រក​រកប្រធានប្រតិបត្តិយើងអាចជួលអ្នកមកពីវិស័យឯកជនធ្វើការងារហ្នឹងតែម្តង ដើម្បីឱ្យគាត់ចេះដឹកនាំជាលក្ខណៈឯកជនតែម្តង ហើយរដ្ឋយើងត្រឹមតែជាក្រុមប្រឹក្សាភិបាលបានហើយ កុំមកលូកលាន់ក្រុមហ៊ុនឯកជន ទោះបីក្រុមហ៊ុននោះជាគ្រឹះស្ថានសាធារណៈក៏ដោយ ក៏ត្រូវតែរត់ក្នុង​លក្ខណៈឯករាជ្យដើម្បីប្រសិទ្ធភាពនិងបានចំណេញ។ បើធ្វើការឯកជនទល់តែមានផ្នត់គំនិតជាឯកជន ហើយមានសិទ្ធិជួលដោយទទួលខុសត្រូវ​ក្នុងលក្ខណៈជាឯកជន ធ្វើបែបនេះដើម្បីឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលជូនប្រជាជន។ហើយយើងកុំប្រកាន់ឆ្មាខ្មៅក៏បានឆ្មាសក៏បានឱ្យតែចាប់កណ្តុរបាន ចង់អ្នកឯងមកពីវិស័យឯកជនមិនសំខាន់ឱ្យតែអ្នកឯងអាចធ្វើឱ្យចំណេញយកផលឱ្យរដ្ឋទៅអ្នកឯងធ្វើបានហើយ»។

ទិដ្ឋភាពកំពង់ផែទេសចរណ៍អន្តរជាតិកំពតពីលើអាកាស។រូបភាពពីតេឡេក្រាមសម្តេច។

ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ឃើញថា ការផ្តល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនបានចូលរួមប្រតិ បត្តិការក្នុងសហគ្រាសសាធារណៈអាចជាធាតុចូលមួយល្អប្រសើរក្នុងការប្រកួតប្រជែងផ្តល់សេវាកម្មកាន់តែល្អ ផ្តល់នូវបទពិសោធន៍ជំនាញល្អៗដែលអាចបង្កើនចំណេះដឹងនិងសមត្ថភាពដល់ស្ថាប័នរដ្ឋ។ មួយវិញទៀត ការចូលរួមពីវិស័យឯកជនអាចកាត់បន្ថយនូវឯកសារស្មុគស្មាញ បង្កើនភាពឆាប់រហ័សជាងមុន ពិសេសក្រុមហ៊ុនឯកជនអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាទំនើបៗជាងមុនដែលសម្រួលពេលវេលានិងផលចំណេញជូនភ្ញៀវ។ ទោះបីជាបែបនេះក្តី លោកស្រីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏ដាក់ក្តីព្រួយបារម្ភលើការផ្តល់សេវាកម្មពីវិស័យឯកជនដែលគិតតែផលចំណេញជាធំ ពុំសូវខ្វល់ពីប្រយោជន៍សង្គម និងមិនសូវគិតដល់ការអភិវឌ្ឍក្នុងតំបន់ ខ្វះនូវតម្លាភាព និងគណនេយ្យភាពបើធៀបនឹងការគ្រប់គ្រងដោយស្ថាប័នរដ្ឋ។

លោកស្រី ឆាយ ស៊ីវលីន៖«សរុបជារួមការគ្រប់គ្រងកំពង់ផែកំពតដោយវិស័យឯកជននេះ ដែលមានទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជននេះ វាអាចនាំមកនូវប្រសិទ្ធភាពនិងការវិនិយោគ​បន្ថែមទៀត។ ប៉ុន្តែទន្ទឹមហ្នឹងនេះរដ្ឋាភិបាលត្រូវតែមានយុទ្ធការដើម្បីត្រួតពិនិត្យបទបញ្ញាត្តិច្បាស់លាស់ ដើម្បីធានាថាផលប្រយោជន៍សាធារណៈត្រូវបានការពារ​ និងកំពង់ផែបានបន្តដើរតួក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាថ្លែងក្នុងសិក្ខាសាលាកាលពីពេលកន្លងទៅ។រូបភាពពីបណ្តាញសង្គម។

​បើតាមនាយករដ្ឋមន្រ្តី រដ្ឋាភិបាលនៅមិនទាន់ឯកភាពសម្រេចយកនាយកប្រតិបត្តិរូបណាមួយនៅឡើយទេ ដោយកំពុងត្រួតពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនមួយចំនួន ដើម្បីធានាឱ្យមានសុង្គតិភាព ប្រសិទ្ធភាព ឯករាជ្យភាព និងធានាការទទួលខុសត្រូវច្បាស់លាស់សំដៅផលប្រយោជន៍ជាតិរីកចម្រើន។

សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានសាងសង់លើផ្ទៃដីជាង ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ដំណើរការសាងសង់កំពង់ផែមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយសម្រេចរួចរាល់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងគ្រប់គ្រងការសាងសង់ ពីសំណាក់អង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ ការសាងសង់កំពង់ផែនេះ ប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១៨លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៧៧ម៉ឺនដុល្លារ។

ទិដ្ឋភាពកំពង់ផែទេសចរណ៍អន្តរជាតិកំពតពីលើអាកាស។រូបភាពពីតេឡេក្រាមសម្តេច។

ក្រោយបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់សម្រាប់តភ្ជាប់ប្រព័ន្ធគម នាគមន៍ជាតិ និងជាមេដែកដ៏រឹងមាំក្នុងការស្រូបទាញទេសចរជាតិ អន្តរជាតិ ឆ្ពោះមកកាន់ខេត្តកំពត។ កំពង់ផែនេះនឹងតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតបានងាយស្រួល។

សម្រាប់រដ្ឋាភិបាល នេះជាផ្នែកមួយជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ជាងនេះ កំពង់ផែទេសចរណ៍អត្តរជាតិ ក៏ជាផលិតផលទេសចរណ៍ថ្មីនឹងបង្កើនសក្តានុពលសម្រាប់បម្រើវិស័យឧស្សាហកម្មគ្មានផ្សែង ខណៈដែលកាលពីឆ្នាំ២០២៤ ខេត្តកំពតមានភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្តប្រមាណជិត ២លាន ៧សែននាក់ ដោយទេសចរចម្រុះជាតិសាសន៍មានជាង ១០ម៉ឺននាក់៕

 

Share

ព័ត៌មានទាក់ទង