ប្រធានគណបក្សកាន់អំណាច សម្ដេច ហ៊ុន សែន ស្នើទៅកាន់រដ្ឋាភិបាលឱ្យត្រៀមទទួលពលករខ្មែរ និងដោះស្រាយការងារជូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ មុនពេលត្រូវថៃបណ្ដេញចេញ។ យ៉ាងណាអង្គការដែលធ្វើការជាមួយពលករចំណាកស្រុក បារម្ភលើពលករខ្មែរ ក្នុងពេលកម្ពុជា និងថៃ ដាក់សម្ពាធឱ្យគ្នាទៅវិញមក ប៉ុន្តែក្រសួងការងារអះអាងថា ក្រសួងបានត្រៀមឱកាសការងាររួចរាល់សម្រាប់ពលករខ្មែរដែលចេញពីថៃ។ កញ្ញា យឿន ស្រីមុំ រាយការណ៍
ការប្រកាសបែបនេះធ្វើឡើងតាមរយៈសាររបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរលើទំព័រហ្វេសប៊ុកលោកនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះថា ប្រសិនជាករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីឱ្យមានភាពប្រក្រតីឡើងវិញនោះទេ ក្នុងនាមលោកជាប្រធានគណបក្សកាន់អំណាចស្នើទៅកាន់រាជរដ្ឋាភិបាលឱ្យត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ។
ក្នុងសំណេររបស់សម្ដេច បញ្ជាក់ថា កម្ពុជាកំពុងខ្វះកម្លាំងពលកម្មរាប់សិបម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់។ ដូច្នេះសម្ដេចថា ពលករអាចចាកចេញមកកម្ពុជាវិញ មុនពេលប្រទេសថៃបណ្តេញចេញ។
កន្លងមកភាគីថៃ បានបិទច្រកព្រំដែនជាមួយកម្ពុជា រួមមាន៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកព្រំដែនបឹងត្រកួន និងច្រកព្រំដែនអន្តរជាតិអូរស្មាច់ បណ្ដេញពលករខ្មែរ ហើយនិងកាត់ផ្ដាច់ប្រព័ន្ធភ្លើង ប្រព័ន្ធអ៊ីនធឺណេតជាដើម។ ជាការឆ្លើយតបនឹងការគំរាមនេះ កម្ពុជា ចាប់ផ្ដើមប្រកាសខ្លួនមិននាំចូលទំនិញពីថៃ ហើយនៅថ្ងៃទី១៣ ខែមិថុនានេះ ប្រកាសបិទទាំងស្រុង ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដែលជាច្រកទ្វារព្រំដែនរវាងថៃ និងកម្ពុជា ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ជុំវិញរឿងនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់វិទ្យុស្ដ្រីថា ករណីកម្លាំងពលកម្មនេះ កម្ពុជាមិនទាន់ត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយនៅទ្បើយដោយសេដ្ឋកិច្ចរបស់កម្ពុជានៅខ្សោយក្នុងពេលនេះ។ បញ្ហានេះ លោកថា ភាគីថៃក៏ដឹងចំណុចខ្សោយរបស់កម្ពុជា ទាំងដែលកម្ពុជាក៏ដឹងចំណុចខ្សោយរបស់ថៃ ដែលសេដ្ឋកិច្ចរបស់ថៃ ពឹងខ្លាំងលើកម្លាំងពលកម្មរបស់ពលករបរទេស។
ដូច្នេះអ្វីដែលរដ្ឋាភិបាលប្រកាស ប្រធានកម្មវិធីរូបនេះ យល់ឃើញថា នេះគ្រាន់តែជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការដាក់សម្ពាធទៅលើភាគីថៃ មុនពេលចរចាគ្នាលើបញ្ហាព្រំដែនប៉ុណ្ណោះ។ ការដាក់សម្ពាធឱ្យគ្នាទៅវិញទៅមកនេះ អ្វីដែលសំខាន់លោកបារម្ភអ្នកដែលរងប៉ះពាល់ខ្លាំង គឺពលករដែលធ្វើការនៅថៃ។
ប៉ុន្តែលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ប្រសិនជាឱ្យពលករខ្មែរចេញពីទឹកដីថៃមែន ក្រសួងការងារ មានយន្តការទទួលយកពលករ ដោយដាក់សេចក្ដីប្រកាសជ្រើសរើសពលករខ្មែរដែលស្វែងរកការងារធ្វើនៅតាមច្រកព្រំដែនជាមួយភាគីថៃ។
លោក ស៊ុន មេសា៖ «យើងក៏ដាក់ឱ្យមានការរកការងារភ្លាមៗនៅតាមច្រកព្រំដែននេះផ្ទាល់តែម្ដងដែលច្រកដូង និងច្រកបន្ទាយមានជ័យគឺប៉ោយប៉ែត ហើយនិងមួយទៀតនៅក្រុងសិរីសោភ័ណ។ ហើយមួយទៀតឱកាសការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅតាមខេត្តជាមួយថៃ និងនៅទូទាំងប្រទេស ដើម្បីឱ្យបងប្អូនយើងដែលមិនជំនាញហើយចង់មានជំនាញគាត់អាចសិក្សាបានធ្វើការបាន»។
មន្ត្រីនាំពាក្យបញ្ជាក់ជំហរថា ក្រសួងការងារមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ ដោយបន្តយកចិត្តទុកដាក់ និងតាមដានការចេញ-ចូលរបស់ពលករខ្មែរនៅតាមច្រកព្រំដែនជាមួយភាគីថៃ។ ឆ្លៀតក្នុងឱកាសនេះ លោកអំពាវនាវឱ្យពលករខ្មែរជឿទុកចិត្តលើរដ្ឋាភិបាល និងក្រសួងការងារក្នុងការដោះស្រាយបញ្ហាការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ។
ងាកមកលោក ឃុន ថារ៉ូ វិញ លោកបានលើកឡើងពីរបាយការណ៍របស់ក្រសួងការងារថៃ ដែលបង្ហាញទិន្នន័យចំនួនពលករកម្ពុជាក្នុងឆ្នាំ២០២៥នេះ មានចំនួន ១លាន ២សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ និងមានពលករកម្ពុជាដែលមិនទាន់មានឯកសារស្របច្បាប់ប្រមាណ ១លាននាក់។ លោកបញ្ជាក់ថា ប្រសិនមានការបណ្តេញចេញដោយបង្ខំមែន អ្នកដែលប្រឈមខ្លាំងនោះ គឺពលករខ្មែរដែលគ្មានឯកសារស្របច្បាប់នេះហើយ។
មុនឈានដល់ការដាក់សម្ពាធឱ្យគ្នាទៅវិញទៅមកនេះ កម្ពុជា និងថៃ មានជម្លោះនៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជម្លោះនេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ៕
អត្ថបទដោយ កញ្ញា ជា សុខនី