en     km
en     km

សម្ដេច ហ៊ុន ម៉ាណែត៖ ខេត្តភាគឦសាន្តទាំង៤ នឹងមិនមានការវិនិយោគនាំឱ្យកើតបទល្មើសបច្ចេកវិទ្យាឡើយ

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត ​ណែនាំទៅដល់ខេត្តភាគឦសាន្តទាំង៤ មិនឱ្យមានការវិនិយោគ និងការអភិវឌ្ឍណាមួយ ដែលនាំឱ្យកើតមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ះពាល់ដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្តទាំងនោះឡើយ។ យ៉ាងណាអង្គការសិទ្ធិមនុស្ស ចង់ឱ្យរដ្ឋាភិបាល មានការស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងឈានទៅអនុញ្ញាតឱ្យមានការអភិវឌ្ឍ និងវិនិយោគចូលមក ដើម្បីកុំឱ្យប៉ះពាល់ដល់ដីធ្លីពលរដ្ឋ និងធានាមិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កញ្ញា​ យឿន ស្រីមុំ រាយការណ៍

 

 

សម្ដេច ហ៊ុន ម៉ាណែត នាយកមន្ត្រីកម្ពុជាថ្លែងថា កន្លងមកការអភិវឌ្ឍខេត្តទាំងបួននេះ មិនបានពឹងទៅលើការវិនិយោគណា ដែលបង្កឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតឡើងឡើយ ហើយសម្ដេចក៏មិនគាំទ្រការវិនិយោគបែបនោះ ដើម្បីជាថ្នូរក្នុងការអភិវឌ្ឍខេត្តទាំងនោះដែរ។ តែប្រសិនបើការវិនិយោគនោះចូលមកដើម្បីអភិវឌ្ឍពិតប្រាកដលើវិស័យនានាក្នុងខេត្តទាំងនោះ ដោយមិនពាក់ព័ន្ធនឹងរឿងខុសច្បាប់ និងមិនពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សម្ដេច មិនហាមឃាត់ឡើយ។

សម្ដេចថ្លែងបែបនេះក្នុងពីធីប្រកាសអនុវត្តផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ការដាក់ឱ្យ​អនុវត្ត​ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួនមានខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ ដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​ឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបភាពពីហ្វេសប៊ុកសម្ដេច។

សម្ដេច ហ៊ុន ម៉ាណែត៖ «បទល្មើសបច្ចេកវិទ្យានេះ វាដូចដំឡូងមី បានន័យថា វារាល វាឆាប់បានផលជាងស្វាយចន្ទី ប៉ុន្តែវាដាំទៅឆាប់ហិលដី វាខូចដីហ្នឹងតែម្ដង បើសិនជាពឹងផ្អែកទៅលើវត្តមាននៃការឆក់បោកតាមបច្ចេកវិទ្យានេះ ជាការចិញ្ចឹមទីផ្សារ កុំឱ្យសោះ»។

ទោះយ៉ាងណាកាលពីដើមខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ នគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅទីតាំងអាគារមួយកន្លែងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនបរទេសចំនួន ២៥៨នាក់។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ចូលហ្វេសប៊ុកផេក​ក្រសួងមហាផ្ទៃស្នើសុំឱ្យជួយអន្តរាគមន៍។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីថា ពលរដ្ឋច្បាស់ជាសាទរ រាល់ការវិនិយោគ ដែលផ្ដល់ឱកាសការងារ និងផ្ដល់ប្រាក់ចំណូល ដែលបានរួមចំណែកជួយពួកគេក្នុងការអភិវឌ្ឍជីវភាពរស់នៅប្រចាំថ្ងៃ។ ក៏ប៉ុន្តែទន្ទឹមនឹងការវិនិយោគអភិវឌ្ឍនេះ លោកថា គួរតែមានការសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ជាមុនសិន ដើម្បីកុំឱ្យមានបទល្មើសឧក្រិដ្ឋកម្មកើតឡើង ពីព្រោះកន្លងមកខេត្តដែលមានការអភិវឌ្ឍ និងមានការវិនិយោគ តែងតែរកឃើញមានបទល្មើសឆបោកតាមអនឡាញ។

 

លោក អំ សំអាត៖ «យើងដឹងហើយថាតំបន់ភូមិភាគឦសាន្ត សុទ្ធតែជាជនជាតិដើមភាគតិច អ៊‌ីចឹងត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងទីមួយ ការប៉ះពាល់ទៅដល់ធីធ្លីរបស់សហគមន៍បងប្អូនជនជាតិដើមភាគតិច ទីពីរកុំឱ្យប៉ះពាល់ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ឬក៏ផលប៉ះពាល់ដល់អត្តសញ្ញាណបងប្អូនជនជាតិដើមភាគតិច។ ចំណុចទាំងអស់ហ្នឹងគឺត្រូវគិតគូរ និងសិក្សាជាមុន មុនឈានដល់ការអភិវឌ្ឍបាទ ដើម្បីកុំឱ្យការអភិវឌ្ឍទៅ ការវិនិយោគទៅវាអាចជួបទីមួយបទល្មើសបច្ចេកវិទ្យាហ្នឹង និងទីពីរ បញ្ហាដីធ្លី ហើយនិងអត្តសញ្ញាណប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ជនជាតិដើមភាគតិចបាទ»។

សម្រាប់នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ករណីឆបោកតាមអនឡាញ និងបទល្មើសបច្ចេកវិទ្យានេះ ធ្លាប់មានហើយនៅខេត្តមួយចំនួនតាមរូបភាពវិនិយោគ ​ដែលបង្កបញ្ហាឱ្យរដ្ឋាភិបាលនៅតែបន្តបោសសម្អាតដល់បច្ចុប្បន្ន។ តាមរយៈបទពិសោធន៍កន្លងមក សម្ដេចណែនាំទៅក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ ត្រូវជួយខេត្តទាំង៤នេះឱ្យមានសមត្ថភាព និងធានាដល់វិនិយោគទុនល្អៗដល់ខេត្តទាំង៤នេះ។

សម្ដេច ហ៊ុន ម៉ាណែត៖ «សូមខេត្តទាំង៤យកចិត្តទុកដាក់ពីរឿងសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវធ្វើម៉េចទប់ស្កាត់នៅសកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា។ កិច្ចការងារនេះត្រូវប្រុងប្រយ័ត្ន ខេត្តយើងទាំង៤កវែកកឆ្នាំងតាំងពី៩៩មកយើងអភិវឌ្ឍន៍រហូតបានប៉ុននេះ អត់មានពឹងលើបទល្មើសបច្ចេកវិទ្យាទេ អ៊ីចឹងយើងរស់តទៅទៀតដោយមិនចាំបាច់ពឹងលើអាហ្នឹងទេ»។

កន្លងមកខេត្តទាំងបួន នៅភូមិភាគឦសាន មានខេត្ត​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង​ រដ្ឋាភិបាល ​គ្រោង​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​កម្ពុជា-ឡាវ-វៀតណាម ​(CLV-DTA) ដើម្បីបង្កើន​សក្តានុ​ពល​សេដ្ឋ​កិច្ច ​ទេសចរណ៍ និង​វប្បធម៌។ ប៉ុន្តែគម្រោង​នេះ​ បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាស​ និង​ផ្ទុះ​ការ​ជជែក​ដេញ​ដោល​ ​ហើយ​ពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ វៀតណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ​ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​ខេត្តទាំងបួននោះ។ ​ដូច្នេះក្រោយមករដ្ឋាភិបាល ក៏សម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះកាលពីខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដោយ៖ ជា សុខនី

Share

ព័ត៌មានទាក់ទង