en     km
en     km

នាយករដ្ឋមន្រ្តី៖ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរតាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខែមេសា

Share

ទឹកដីអង្គរខេត្តសៀមរាប ត្រៀមរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយអ្នករៀបចំអះអាងថា សង្រ្កាន្តឆ្នាំ២០២៥នេះ មានកម្មវិធីជាច្រើន ពិសេសមានទំហំធំសម្បើមជាងឆ្នាំមុនៗ។  នាយករដ្ឋមន្រ្តីសាទរចំពោះការរៀបចំកម្មវិធីនេះ ដោយច្រានចោលរាល់ការចោទថា កម្មវិធីនេះ បង្កើតឡើងដើម្បីតែពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គមជាតិ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

តាមការគ្រោងទុក ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងធ្វើឡើងសាជាថ្មីនៅលើទឹកដីអង្គរខេត្តសៀមរាបរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដែលត្រូវនឹងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្ងៃប្រពៃណីជាតិខ្មែរ។

 

លោក សុខ​ សប្បាយណា ប្រធានក្រុមប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ បានរៀបរាប់នៅក្នុងសន្និសីទនៅក្នុងថ្ងៃទី៩ខែមីនា ឆ្នាំ២០២៥ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នឹងធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពដ៏សម្បូរបែបដែលមានដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

លោក សុខ​ សប្បាយណា ប្រធានក្រុមប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​

 

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងដែរថា ទស្សនីយភាពទាំងនេះនឹងធ្វើឡើងនៅលើទីតាំងចំនួន ៦ផ្សេងៗគ្នានៃតំបន់អង្គរ ដោយមាននៅលើបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ។ អ្វីដែលពិសេសជាងនេះទៀតនោះ គឺការយាងរបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។


លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

 

ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ហើយក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរធ្វើដំណើរមកខេត្តសៀមរាប និងបានមកជួបព្រះភ័ក្រ្តព្រះមហាក្សត្រដោយផ្ទាល់ ក៏ដូចជាបានសប្បាយរីករាយជាមហាគ្រួសារខ្មែរផងដែរ។

ដោយឡែកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត​ បានសាទរចំពោះព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗនេះ ខណៈសម្តេចច្រានចោលនឹងការលើកឡើងថា ព្រឹត្តិការណ៍នេះជារឿងអត់ប្រយោជន៍។ សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តរៀបចំឡើងក្នុងគោលបំណងទាក់ទាញនិងជំរុញវិស័យទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងខេត្តសៀមរាបផង និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចផង ពុំមែនធ្វើឡើងក្នុងចេតនាពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គមឡើយ។

សម្តេច ហ៊ុន ម៉ាណែត៖«ម្សិលមិញ ខ្ញុំឃើញបងប្អូនមួយចំនួន អាស៊ីសេរី គាត់ដាក់ឃើញ ស.ស.យ.ក. គ្រោងរៀបអង្គរសង្ក្រាន្តខែ៤ មានប្អូនៗមួយចំនួន អ្នកនៅក្រៅប្រទេស អាស៊ីសេរីសម្ភាសថា ធ្វើហ្នឹងខាតប្រយ័ត្ន អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍ពេលប្រជាពលរដ្ឋក្រីក្រ។ ទស្សនៈរបស់បងប្អូនដែលលើកនោះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកទៅលើជាក់ស្តែង។ ​បើបងប្អូនទៅសួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់ផាសអេប(passapp) អ្នករត់កង់បី អ្នកលក់ដូរក្នុងផ្សារ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបនៅជុំវិញសៀមរាបដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលយើងធ្វើអង្គរសង្រ្កាន្តនេះសួរគាត់សប្បាយចិត្តទេ ព្រោះខ្ញុំទៅផ្ទាល់គាត់សប្បាយ អត់មានពីណាអត់ចង់ទេ។ ព្រោះនាំមនុស្សទៅអូតែល (សណ្ឋាគារ) នៅនុង(សៀមរាប)ខ្ញុំឮថាកក់ពេញអស់ហើយអ្នកកក់មិនស្រួលបានសណ្ឋាគារផ្កាយមួយពាន់ដូចខ្ញុំនិយាយអ៊‌ីចឹង​ ព្រោះឥឡូវអូតែលប៉ុន្មានកក់មិនទាន់គេ ឥឡូវអស់ផ្កាយមួយពាន់បានន័យថាក្រាលកន្ទេលគេងទៅខែហ្នឹង មើលទៅលើឃើញផ្កាយមួយពាន់។ សួរតែតើមានការចាំបាច់ទេ? ការរៀបចំនេះគឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍។»។

ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ខាងមុខនេះដែរ លោក​ ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថា ការធ្វើអង្គរសង្រ្កាន្តនេះបានជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរឱ្យរកចំណូលបានច្រើនអំឡុងពេលមានភ្ញៀវទេសចរណ៍កុះករមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍នេះ។ ជាងនេះ លោកស្នើឱ្យភ្ញៀវទេសចរទាំងអស់ នាំគ្នារក្សាអនាម័យបរិស្ថានឱ្យបានខ្ជាប់ខ្ជួនទោះបីជាមានក្រុមការងារចាំសម្អាតសំរាមតាមតំបន់គោលដៅក៏ដោយ៕

លោក​ ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

 

Share

ព័ត៌មានទាក់ទង