ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួចលុយរបស់ពលរដ្ឋតាមរយៈលេខកូដសម្ងាត់ដែលផ្ញើប្រាក់តាមភ្នាក់ងារវីង មកផ្តន្ទាទោសតាមផ្លូវច្បាប់។
នេះបើតាមព័ត៌មានដែលចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។
បើតាមអគ្គស្នងការនគរបាលជាតិបានបន្តថា បុរសជនសង្ស័យដែលកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាននេះ បានធ្វើសកម្មភាពលួចលុយតាមលេខកូដសម្ងាត់វីងបានសម្រេចចំនួន ៥១លើករួចមកហើយ ដោយលួចលុយរបស់អតិថជនវីងបានចំនួនជាង ១ម៉ឺន ៦ពាន់ដុល្លារសហរដ្ឋអាមេរិក។
បើតាមប្រភពខាងលើ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជួនទៅតុលាការ។

ការឈានទៅស្រាវជ្រាវនិងចាប់បានជនសង្ស័យខាងលើនេះ បន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ធនាគារវីង ដែលប្តឹងឈ្មោះ សុខ វណ្ណៈ ភេទប្រុស ព្រោះជននេះបានធ្វើសកម្មភាពលួចយកលេខកូដសម្ងាត់របស់អតិថិជនធនាគារវីង ដែលប្រាស់សេវាកម្មវេប្រាក់តាមរយៈធនាគារវីង ចំនួន៥១លើក គិតជាទឹកប្រាក់ចំនួន ១៦,៥២៦ដុល្លារអាមេរិក ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចថតយកលេខកូដពីអតិថិនជន ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់មែន។ជនសង្ស័យបន្តថា រូបគេធ្វើសកម្មភាពដោយកែលេខទូរសព្ទ័នៅលើរូបភាពឲ្យដូចនឹងលេខរបស់អតិថិជនអ្នកទទួលប្រាក់ ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែលកំពុងរវល់មិនបានចុចឆែកលេខផ្ទៀងផ្ទាត់។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ជនសង្ស័យរូបនេះ តែងធ្វើសកម្មភាពបន្លំថតរូបភាព នៅកន្លែងផ្ទេរប្រាក់វីង ហើយយកចុងសន្លឹកផ្ទេរប្រាក់នោះ ទៅក្លែងបន្លំប្ដូរលេខទូរស័ព្ទដាក់លេខរបស់ខ្លួនដើម្បីទៅបើកប្រាក់ ៕