ភ្នំពេញ៖អភិបាលរដ្ឋធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធជីកស្តារប្រព័ន្ធបង្ហូរទឹក ដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌចំនួន៥នៅរាជធានីភ្នំពេញ។
សកម្មភាពលោកអភិបាលរាជធានីភ្នំពេញចុះពិនិត្យប្រព័ន្ធលូ និងប្រឡាយនៅខណ្ឌមួយចំនួន។រូបភាពពីហ្វេសប៊ុកសាលាក្រុង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ក្នុងនោះ មានខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រព័ន្ធបង្ហូរទឹកនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធីសែនជ័យ ជាមួយនិងការដាក់លូប្រអប់ទំហំ ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤។

មួយវិញទៀតលោកអភិបាលរាជធានីភ្នំពេញក៏ជំរុញឱ្យរកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រផងដែរ។ បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏ជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ អ្វីជាពិសេសនោះ លោកអភិបាលបញ្ជាត្រូវតែជីកឱ្យបានជ្រៅពី ៥ ទៅ ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត ៣ គីឡូម៉ែត្រនេះ។
ជាការកត់សម្គាល់ នារយៈពេលចុងក្រោយនេះភ្លៀងបានបន្តធ្លាក់ខ្លាំងដែលធ្វើឱ្យតាមភូមិសាស្រ្តរាជធានីភ្នំពេញមួយចំនួនត្រូវរងជំនន់ទឹកភ្លៀង។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២៧នេះ ដល់ថ្ងៃទី២៩ ខែឧសភា កម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយសារកម្ពុជាត្រូវរងឥទ្ធិពលខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង៕
អត្ថបទដោយលោក រឿន សុភាន់