ព្រះវិហារ៖ យ៉ាងហោចណាស់កូនឈើប្រណិតនិងកូនឈើហូបផ្លែប្រមាណជិត៤០០ដើម ត្រូវបានប្រជាពលរដ្ឋ មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាដាំនៅក្នុងតំបន់សហគមន៍ទេសចរណ៍ការពារធម្មជាតិរំចេក(បឹងជាំប្រិយ)លើផ្ទៃដីជាង១១ហិកតាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
សកម្មភាពអ្នកចូលរួមដាំកូនឈើនៅតំបន់សហគមន៍ធម្មជាតិរំចេក។រូបភាពពី មាន សុវណ្ណារិទ្ធ។
ព្រឹត្តិការណ៍ដែលមានការសហការសាមគ្គីគ្នានេះ អ្នកចូលរួមចង់ប្រែក្លាយតំបន់មួយនេះឱ្យមានភាពបៃតង និងដើម្បីផ្ញើសារបញ្ជាក់ពីការគាំពារធនធានធម្មជាតិ ខណៈតំបន់នេះធ្លាប់រងការកាប់បំផ្លាញព្រៃឈើពីជនខិលខូចកាលពីពេលកន្លងទៅ។
សកម្មភាពអ្នកចូលរួមដាំកូនឈើនៅតំបន់សហគមន៍ធម្មជាតិរំចេក។រូបភាពពី មាន សុវណ្ណារិទ្ធ។
អំណឹះតទៅតំបន់សហគមន៍ទេសចរណ៍ការពារធម្មជាតិរំចេក(បឹងជាំប្រិយ)ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នឹងក្លាយជាទីកន្លែងមួយមានភាពបៃតងឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋ មន្រ្តីឃុំ មន្រ្តីបរិស្ថាន និងមន្រ្តីរាជការពាក់ព័ន្ធមួយចំនួនបានសហការគ្នាប្រារព្ធទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ ឬ រុក្ខទិវា ៩ កក្ដដា ដោយបានដាំកូនឈើចម្រុះចំនួនជិត៤០០ដើម។
សកម្មភាពអ្នកចូលរួមដាំកូនឈើនៅតំបន់សហគមន៍ធម្មជាតិរំចេក។រូបភាពពី មាន សុវណ្ណារិទ្ធ។
សម្រាប់ការដាំកូនឈើកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក ឃុត រី មេឃុំរមណីយ ដែលបានចូលរួមបានថ្លែងប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា ការប្រារព្ធពិធីដាំកូនឈើនេះឡើង ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងជាសារមួយសម្រាប់ដាស់តឿនជនខិលខូចមួយក្តាប់តូច ដែលតែងប្រព្រឹត្តបទល្មើសខុសច្បាប់នៅតំបន់សហគមន៍ឱ្យឈប់បន្តទង្វើខុសច្បាប់តទៅទៀត។
លោក ឃុត រី មេឃុំរមណីយចូលរួមក្នុងកម្មវិធីដាំកូនឈើនេះ។រូបភាពពី មាន សុវណ្ណារិទ្ធ។
ដោយឡែកលោក សោម រុំ មេភូមិរំចេកដែលបានចូលរួមកម្មវិធីដែលនោះ សម្តែងក្តីសប្បាយរីករាយដោយកម្មវិធីមានអ្នកចូលរួមមកពីទីជិតនិងទីឆ្ងាយចូលរួមយ៉ាងច្រើនក្នុងឪកាសរុក្ខទិវា ០៩ កក្ដដា នេះ។ សម្រាប់លោកមេភូមិរំចេក យល់ថាសកម្មភាពចូលរួមនេះអាចសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ និងចង់អភិរក្សធនធានធម្មជាតិ ព្រោះថាព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស និងសត្វ។
លោក សោម រុំ មេភូមិរំចេកបានចូលរួមកម្មវិធីដាំកូនឈើក្នុងឱកាសទិវារុក្ខទិវា។រូបភាពពី មាន សុវណ្ណារិទ្ធ។
សូមរំឭកបន្តិចថា ព្រះរាជពិធីរុក្ខទិវាត្រូវបានទទួលស្គាល់ជាផ្លូវការ និងចែងក្នុងច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ ជំពូកទី១២ មាត្រា៦០។ ជាងនេះរុក្ខទិវាបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ កក្ដដា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទិសទីទូទាំងប្រទេស ក្នុងគោលបំណងការពារដី និងព្រៃសហគមន៍ តាមទិសស្លោក «សហគមន៍ព្រៃឈើគ្មានបទល្មើស»។
សកម្មភាពអ្នកចូលរួមដាំកូនឈើនៅតំបន់សហគមន៍ធម្មជាតិរំចេក។រូបភាពពី មាន សុវណ្ណារិទ្ធ។
ជុំវិញរឿងនេះលោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ការពារធម្មជាតិរំចេកបានឲ្យដឹងថា ការប្រារព្ធខួបរុក្ខទិវានេះ មានសារៈសំខាន់ណាស់ ព្រោះជាការជំរុញឲ្យអ្នកចូលរួមបានយល់ដឹងនៅសក្ដានុពលព្រៃឈើ សត្វព្រៃ និងជីវចម្រុះនានា។
លោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ការពារធម្មជាតិរំចេកនិងជាអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារបានផ្តួចផ្តើមកម្មវិធីដាំកូនឈើនេះឡើងនិងបានទទួលកូនឈើពីអ្នកពាក់ព័ន្ធដើម្បីយកមកដាំនៅសហគមន៍ធម្មជាតិរំចេក។
ក្នុងនាមជាប្រធានសហគន៍លោក មាន សុវណ្ណារិទ្ធ និយាយថាលោកមានក្តីសោ មនស្សរីករាយដែលកម្មវិធីនេះមានការចូលរួមពីប្រជាពលរដ្ឋនិងមន្រ្តីថ្នាក់ដឹកនាំជាច្រើន ញុំាំងកម្មវិធីកាន់តែមានភាពអ៊ូអរសប្បាយរីករាយ។ ជាចុងក្រោយប្រធានសហគមន៍ការពារធម្មជាតិរំចេក អំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមដាំកូនឈើ ការពារសម្បត្តិធនធានធម្មជាតិ ឱ្យបានគង់វង្ស ពិសេសកុំបរបាញ់ដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងឆក់ត្រីជាដើម ដ្បិតជាអំពើខុសច្បាប់ត្រូវប្រឈមមុខជាប់ទោសទណ្ឌ។
អ្នកបរិច្ចាគកូនឈើក្នុងឱកាសដាំកូនឈើ៣៩៩ដើម។រូបភាពពី មាន សុវណ្ណារិទ្ធ។
សូមបញ្ជាក់ថា កូនឈើដែលបានយកទៅដាំនៅតំបន់សហគមន៍ធម្មជាតិរំចេករួមមាន កូនដើមក្រញូង និងក្រញូងស្វា ដើមម្រុំ ដើមខ្នុរ ដើមអំពិលទឹក ដើមចាន់គីរី ដើមគគី ដើមធ្នុង ដើមព្រីង និងកូនឈើទាលផងដែរ។
អ្នកបរិច្ចាគកូនឈើក្នុងឱកាសដាំកូនឈើ៣៩៩ដើម។រូបភាពពី មាន សុវណ្ណារិទ្ធ។
សម្រាប់កម្មវិធីនេះគណកម្មការតំបន់សហគមន៍ការពារធម្មជាតិរំចេក បានជ្រើសរើសតំបន់ទេសចរណ៍មួយកន្លែងក្នុងសហគមន៍នេះដែលមានផ្ទៃដីចំនួន១១.៩៥ហិកតា ដើម្បីកែច្នៃ ថែរក្សា ការពារធនធានធម្មជាតិ និងស្ដារកូនឈើឡើងវិញ ខណៈកន្លងទៅព្រៃឈើក្នុងសហគមន៍ត្រូវរងការកាប់បំផ្លាញពីជនខិលខូចមួយចំនួន៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។