ប្រឡាយទឹកស្ទឹងមានជ័យ ក្រោយការស្ដារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ WMC/ShayChanthy
ប្រជាពលរដ្ឋរស់នៅជាប់ប្រឡាយទឹកស្ទឹងមានជ័យ ដែលធ្លាប់តែមានភាពកង្វក់ខ្លាំង និងមានការចោលសំរាមមកលើផ្ទៃប្រឡាយមកច្រើន ដែលបង្កឱ្យមានការស្ទះលូរពេលរដូវមានភ្លៀងខ្លាំង បានបង្ហាញពីភាពសប្បាយចិត្តបន្ទាប់ពីមានការស្ដារសំរាមពីក្នុងប្រឡាយទឹកចេញ មុនពេលមានភ្លៀងធ្លាក់កាន់តែខ្លាំងមកដល់។ យ៉ាងណាក្រោយស្ដារប្រឡាយស្ទឹងមានជ័យលែងមានសំរាមស្អុយ ការចូលរួមរក្សាអនាម័យពីពលរដ្ឋជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន។ កញ្ញា សៃ ចន្ធី រាយការណ៍
រដូវភ្លៀងធ្លាក់ចាប់ផ្ដើមមកដល់ ធ្វើឱ្យទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញនៅតែបន្តលិចទឹកដូចរាល់ៗឆ្នាំ ហើយការលិចទឹកនេះបានបង្កជាក្ដីកង្វល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋដែលមានទីលំនៅតាមប្រឡាយទឹកអាចមានហានិភ័យខ្ពស់នៅពេលភ្លៀងធ្លាក់ខ្លាំង។
កន្លងមកគេបានឃើញមានសំរាមជាច្រើនប្រភេទ រួមមាន ថង់ប្លាស្ទិក កំប៉ុងជ័រ ប្រអប់ដាក់បាយប្រភេទស្នោ និងកាកសំណល់ស្អុយរលួយ ជាដើម មានសភាពកកណែនលើផ្ទៃទឹកនៅក្នុងប្រឡាយស្ទឹងមានជ័យ។ សំរាមដែលនៅលាយឡំជាមួយទឹកលូពណ៌ខ្មៅដែលហូរតាមប្រឡាយ បានជះក្លិនស្អុយខ្លាំង នាំឱ្យអ្នករស់នៅក្បែរនោះ មានអាការឈឺក្បាល និងកើតមានសត្វមូសច្រើន។
យ៉ាងណាមិញ កាលពីប៉ុន្មានសប្ដាហ៍មុនបន្ទាប់ពីមានការចុះស្ដារសំរាមពីក្នុងប្រឡាយស្ទឹងមាន នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ បានយ៉ាងស្អាត ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយចិត្តដែលបានក្រុមយុវជនមកកាយសំអាតសំរាមពីប្រឡាយនេះម្ដងៗ ហើយពេលនេះអាជ្ញាធរបានស្ដារសំអាតប្រឡាយ ដែលធ្វើឱ្យបរិស្ថានជុំវិញនេះមានភាពប្រសើរ។
អ្នកស្រី ងួន គឹមស៊្រាន មានមុខរបរជាអ្នកលក់ដូរ និងជាប្រជាពលរដ្ឋមួយរូបដែលរស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យរយៈពេល១៥ឆ្នាំហើយ បានប្រាប់វិទ្យុស្ត្រីថា អ្នកស្រីពិតជារំភើប និងសប្បាយចិត្ត បន្ទាប់ពីមានការស្ដារប្រឡាយទឹកបានស្អាត។
អ្នកស្រី ងួន គឹមស៊្រាន ៖ «មានអារម្មណ៍ថាអឺរំភើបសប្បាយចិត្តពេលដែលគេស្ដារប្រឡាយស្អាតទៅដូចថាការរស់នៅយើងសុខភាពក៏ល្អ ហើយអត់មានមូសទៀតចា ហើយដល់ទី២ ប្រជាពលរដ្ឋគាត់វិចខ្ចប់អឺសំរាមបានស្អាតចឹងហាស់ បានអឺស្អាតជាងមុនអត់មានដាក់តាមមាត់ប្រឡាយអីចឹងហាស់ ព្រោះឥឡូវឡានសំរាមគេមកយករាល់ថ្ងៃចឹងហ៎អូន ចឹងស្អាតជាងមុនមានអារម្មណ៍ថារំភើប»។
អ្នកស្រីបានបន្ថែមថា ចាប់តាំងពីអាជ្ញាធរបានស្ដារប្រឡាយនេះមក មិនសូវមានអ្នកយកសំរាមមកចោលនៅលើផ្ទៃប្រឡាយនេះឡើយ។
«ពីមុនពេលខ្លះដូចថាអឺពេលមានសំរាមចឹងទៅមានអារម្មណ៍ថាអឺពិបាកចិត្តណាស់ឃើញសំរាម ជាពិសេសពេលដែលមេឃភ្លៀងច្រើនតែមកពីខាងលើអូន ចាស!ឱ្យតែមេឃភ្លៀងឡើងពីខាងលើគេចាក់មកហ្មងហា មិនដឹងម្ដុំបឹងសាឡាងឬក៏ម្ដុំខាងណាទេអូន ឱ្យតែមេឃភ្លៀងអូនឯងចាំមើលមេឃភ្លៀងគឺសំរាមឡើងពេញទឹកហ្មង តែបើអត់ភ្លៀងចឹងអត់អីទេស្អាត តែបើមេឃភ្លៀងគឺគាត់ចាក់បង្ហូរមកតាមទឹកហ្នឹងហ្មង… អឺអ្នកខ្លះទៅគេនៅខាងនេះចឹងទៅគេយកមកចោលហាអូន បើអ្នកនៅហ្នឹងគេសុទ្ធតែទុក ព្រោះមានអ្នកនេះគេដើរយកចឹងទៅទាល់តែឡានសំរាមមកបានគេយកចេញមកចោលហ្មងអូន អឺមានតែអ្នកមួយចំនួនទេដែលគេជិះមកគេយកមកចោលចឹងហាស់ តែឥឡូវអត់សូវមានទេ ចាស!តាំងពីគេសំអាតចឹងមកអត់សូវមានអ្នកយកមកចោលទេ»។
ចំណែកអ្នកស្រី ឯក ស៊ីនួន ក៏ជាប្រជាពលរដ្ឋមួយរូបដែលទើបតែផ្លាស់ប្ដូរពីខាងសង្កាត់បឹងសាឡាង និងមករស់នៅភូមិព្រែកទាល់ នៃសង្កាត់ស្ទឹងមានជ័យបានរយៈពេលបួនខែ ដែលអ្នកស្រីមានមុខរបរជាអ្នកលក់ដំឡូងអាំងតាមរម៉កបានប្រាប់វិទ្យុថា នៅពេលស្ដារសំរាមចេញពីប្រឡាយបែបនេះធ្វើឱ្យទឹកស្អាត គ្មានសំរាមកកស្ទះដូចមុន ជាពិសេសកាត់បន្ថយសត្វមូសក៏ដូចជាកាត់បន្ថយក្លិនដែលសាយភាយពីក្នុងទឹកផងដែរ ដែលផ្ដល់ផាសុខភាពសម្រាប់ពលរដ្ឋរស់នៅ។
អ្នកស្រីបានបន្ថែមទៀតថា«ស្ដារចឹងទៅវាបានមិនស្ទះទឹក វាល្អផ្លូវដើរអីចឹងណាអូន សប្បាយរីករាយក្នុងការស្ដារឱ្យបានស្អាតចឹងហាស…អ៊ុំមកនៅគឺតែប៉ិនៗហ្នឹងទេអូន។ កន្លែងហ្នឹងធម្មតាៗដូចអត់មានអ្នកណាគេចោលផ្ដេសផ្ដាសផងគេច្រកថង់អីត្រឹមត្រូវណាអូន… ចាស! ស្អាតជាមុន គ្រាន់តែថាយើងស្ដារប្រឡាយហើយវាស្អាតវាធំណាស់ មើលទៅវាធំធេងល្វឹងល្វើយចឹងទៅ ប្រៀបដូចជាកូនទន្លេចឹងហាស់»។
ប្រឡាយទឹកស្ទឹងមានជ័យ ក្រោយការស្ដារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ WMC/ShayChanthy
រីឯអ្នកស្រី ពៅ ជាពលរដ្ឋរស់នៅភូមិព្រែកទាល់ប្រមាណជាងម្ភៃឆ្នាំ និងជាអាជីវករលក់ដូរបាននិយាយថា ការស្ដារសំរាមចេញប្រឡាយបែបនេះគឺល្អនិងមិនសូវមានមូសច្រើនដូចមុន ជាពិសេសនៅពេលនេះដល់រដូវធ្លាក់ភ្លៀងបណ្ដើរៗបែបនេះមិនមានការភ័យខ្លាចថាមានស្ទះលូរ ហូរមិនទាន់ដូចពីមុន។
អ្នកស្រីបន្ថែមថា ពីមុនពិបាកកាលណាសំរាមច្រើនមូសច្រើនទឹកហូរមិនទាន់បណ្ដាលឱ្យមានទឹកហូរចូលដល់ក្នុងផ្ទះអ្នកស្រីជាមួយនឹងថង់ប្លាស្ទិក និងកាកសំណល់កខ្វក់ជាច្រើនផងដែរ។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលរំពឹងថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេស។
ប្រឡាយទឹកស្ទឹងមានជ័យ ក្រោយការស្ដារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ WMC/ShayChanthy
លោក សាន ដារ៉ាវីត ជាអ្នកចាប់ផ្ដើមធ្វើបេសកកម្មប្រមូលសំរាម និងជាអ្នកបង្កើតក្រុមយុវជនសំរាមបានបង្ហាញចំណាប់អារម្មណ៍ចំពោះការស្ដារសំរាមពីប្រឡាយទឹកស្ទឹងមានជ័យថា ការងារស្ដារសំរាមគឺជារូបភាពដ៏ល្អសម្រាប់ជាសារដាស់តឿនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ដែលមានសំរាមគរច្រើន និងប្រឡាយដែលមានទឹកខ្មៅកខ្វក់ឱ្យចេះសំអាតផងដែរ។
«វាជារូបភាពល្អសម្រាប់អឺដាស់តឿន ជាសារដាស់តឿនដល់អ្នកជុំវិញហ្នឹងឱ្យគាត់មើលឃើញថាពេលមានសំរាមហើយនឹងពេលអត់សំរាមតើវាស្អុយឬក៏វាកខ្វក់វាមិនល្អមើលបែបណាអានឹងគាត់មើលឃើញច្បាស់នឹងភ្នែក ប៉ុន្តែមានរបស់មួយដែលយើងត្រូវធ្វើបន្ទាប់ពីស្ដារហ្នឹងយើងត្រូវធ្វើហើយយើងត្រូវអនុវត្តវាជាសប្ដាហ៍ក្ដីឬក៏ជារយៈពេលពីរសប្ដាហ៍ក្ដីក្នុងមួយខែគឺគាត់ចុះទៅផ្តាល់ ចុះទៅផ្ទាល់ហ្នឹងទីមួយគឺអឺអប់រំពួកគាត់ហើយនិងសិក្សាថាតើហេតុអីបានគាត់យកសំរាមទាំងអស់ហ្នឹងយកមកចោលអានេះរឿងដែលត្រូវធ្វើបន្ទាប់ក្រោយពីស្ដារហីមានអ្នកដែលគាត់ចាំស្វែងរកData ឬក៏ស្វែងរកព័ត៌មានថាតើសំរាមទាំងអស់ហ្នឹងមកពីអ្នកម្ដុំហ្នឹងពិតមែនឬក៏មានអ្នកផ្សេងជិះម៉ូតូមកគ្រវាត់ចោល អានេះវាជាការងារដែលត្រូវធ្វើបន្ទាប់ពីស្ដារ»។
ឯកសារស្ដីពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ក៏បានតម្រូវឱ្យអាជ្ញាធរ ពាក់ព័ន្ធរៀបចំវេទិកាសាធារណៈ យ៉ាងហោចណាស់មួយដងក្នុងមួយខែ ដើម្បីទទួលយកសំណើរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហានានាដែលកើតមានក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស។
ក្នុងនាមជាប្រជាពលរដ្ឋដែលរស់នៅជាប់ប្រឡាយដែលស្ថិតក្នុងភូមិព្រែកទាល់នេះផ្ទាល់ ទាំងអ្នកស្រី ងួន គឹមស៊្រាង និងអ្នកស្រី ឯក ស៊ីនួន សំណូមពរ ទៅកាន់ប្រជាពលរដ្ឋទាំងអស់មិនថាជាអ្នករស់នៅទីក្នុងភូមិព្រែកទាល់ ឬក៏អ្នកធ្វើដំណើរឆ្លងកាត់ក្ដី សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នា។
អ្នកស្រី ងួន គឹមស៊្រាង៖«ជាចុងក្រោយខ្ញុំសូមសំណូមពរឱ្យប្រជាពលរដ្ឋអឺជួយសំអាតគ្នាទៅកុំឱ្យដូចជាអ្នកអឺជិះតាមផ្លូវអីយកសម្រាមមកដាក់ចោលចឹងអីសូមឱ្យឈប់យកសម្រាមមកដាក់ចោលចឹង ហើយសូមឱ្យរួមកម្លាំងគ្នាសំអាតទាំងអស់គ្នាទៅដើម្បីបរិស្ថាន»។
អ្នកស្រី ឯក ស៊ីនួន៖«សំណូមពរថាអ្នកនៅហ្នឹងប្រាប់គ្នារាល់ថ្ងៃគ្រាន់តែឱ្យជួយថាសំរាមឥវ៉ាន់ឱ្យជួយសំអាតច្រកថង់ច្រកអីដាក់មួយដុំទៅប្រាប់គ្នារាល់ថ្ងៃនឹងអូនគ្មានអ្នកណាបោះផ្ដេសផ្ដាសផងហ្នឹងនាំគ្នាជួយថែជួតសំអាតគ្នារាល់ថ្ងៃហ្នឹងបើមានចឹងទៅបោសទៅតិចទៀតហ្នឹងនាំគ្នាកើបទៅចឹងអូនអត់មានដចថាយើងចោលផ្ដេសផ្ដាសបានទេណា»។
ប្រឡាយទឹកស្ទឹងមានជ័យ ក្រោយការស្ដារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ WMC/ShayChanthy
បើតាម លោក សាន ដារ៉ាវីត ប្រជាពលរដ្ឋមានតួនាទីថែរក្សា និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីគុណតម្លៃជាតិ ប៉ុន្តែលោកបានដាក់កាតព្វកិច្ចនេះចំពោះអាជ្ញាធរ ក្នុងការណែនាំប្រជាពលរដ្ឋលើការថែរក្សាបរិស្ថានក្នុងតំបន់នេះ។
«ខ្ញុំគិតថាមានតែអាជ្ញាធរមូលដ្ឋានដែលគាត់ធ្វើការនៅម្ដុំហ្នឹងអាចគាត់ធ្វើការចុះណែនាំប្រជាពលរដ្ឋខ្ញុំគិតថាមានប្រសិទ្ធភាពជា យុវជនប្រសិនបើគាត់ជាអាជ្ញាធរ ហើយគាត់អាចអឺប្រាប់ពីផលប៉ះពាល់ងីផ្សេងៗក៏ដូចជាការទុកដាក់ឱ្យបានត្រឹមត្រូវ ចឹងចំពោះប្រជាពលរដ្ឋផ្ទាល់យើងមានតួនាទីមើលថែប្រទេសយើងដោយសារវាជាប្រទេសរបស់យើងហើយយើងជាប្រជាពលរដ្ឋយើងមានតួនាទីត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បី គេហៅថាវាមានរូបភាពអាក្រក់ជាច្រើនដែលជះទៅកាន់ Social Media ក៏ដូចទៅកាន់ពិភពលោកទាំងមូលពាក់ព័ន្ធការរស់នៅរបស់ប្រទេសកម្ពុជាយើងក៏ដូចជាប្រជាពលរដ្ឋយើង ចឹងគេអត់បន្ទោសអ្នកណាទេគេបន្ទោសតែប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសហ្នឹងឯង យើងអត់អាចដើរចង្អុលដាក់គ្នាបានហេ ចឹងប្រសិនជានិយាយពីប្រជាពលរដ្ឋមួយម៉ាត់គឺទាំងអស់គ្នាហើយ យើងទម្លាក់តែស័ក្ដិចុះមកគឺសុទ្ធតែជាប្រជាពលរដ្ឋហើយ ចឹងទាល់តែយើងជួយមើលថែទៅវិញទៅមក»។
ទោះយ៉ាងណាប្រធានក្រុមយុវជនសំរាមរូបនេះ ចាត់ទុកថា ការរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីជួយកាត់បន្ថយមានទឹកជំនន់នៅពេលមានភ្លៀងធ្លាក់ដោយសារស្ទះសំរាមថង់ប្លាស្ទិកក្នុងលូរបង្ហូរ ជាពិសេសកាត់បន្ថយការកកើតមូសបានច្រើនជាងមុន និងជួយសោភណ្ឌភាពទីក្រុងកាន់តែស្អាត ការរស់នៅមានផាសុខភាពផងដែរ៕
អត្ថបទសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕